home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

នៅក្មេងសោះសក់ឡើងស្កូវ មកពីអ្វី? ការពារ​បែបណា?

នៅក្មេងសោះសក់ឡើងស្កូវ មកពីអ្វី? ការពារ​បែបណា?

សក់ស្កូវជាពិសេសស្កូវមុនអាយុមិនត្រឹមតែធ្វើឱ្យយើងបាក់សម្រស់ទេ ថែមទាំងធ្វើឱ្យ​យើង​អំពល់​ទុក្ខ ខាត់ពេល និងអស់លុយដោយសារ​ត្រូវ​លាប​សក់​ជាប្រចាំ​ដើម្បី​បិទ​បាំង។ អ៊ឹចឹងមកដឹងពីតិចនិចការពារសក់​ស្កូវ​ទាំងអស់គ្នា!

តាមពិតសក់របស់យើងគឺពណ៌សទេ ហើយពណ៌របស់សក់យើងបានមក​ពីសារធាតុ​ពណ៌​មេឡានីនដែលបានមកពីការផលិត​របស់កោសិកា​មេឡាណូស៊ីត​​នៅ​ក្នុង​ឫសសក់។

សរសៃសក់របស់យើងមានវដ្តអាយុ មានន័យថាសក់ដុះ រួចក៏ជ្រុះទៅវិញ ហើយដុះ​មក​ថ្មីទៀត ដរាបណា​ឫសសក់នៅមានសុខភាពល្អ។ នៅពេលដែលឫសសក់រងសម្ពាធ ឬពេលយើងមានអាយុកាន់តែច្រើន (ជាទូទៅចាប់ពីអាយុ ៣០ ឡើង) កោសិកា​មេឡាណូ​ស៊ីតចាប់ផ្តើមផលិតសារធាតុពណ៌ដែលផ្តល់ពណ៌ដល់សក់តិចទៅៗ។ ដូច្នេះ សក់ដែលដុះថ្មីនឹងប្រែពណ៌ម្តងបន្តិចៗរហូតដល់ស្កូវ។

ខាងក្រោមនេះជាតិចនិចមួយចំនួនដែលអាចការពារសក់ស្កូវ ឬពន្យាកុំ​ឱ្យសក់ឆាប់ស្កូវ៖

១. កាត់បន្ថយស្រេស្ត

អ្នកជំនាញបានលើកឡើងថា ការមានភាពតានតឹងយូរអង្វែងអាចបណ្តាល​ឱ្យយើងរលាក ដែលធ្វើឱ្យកោសិកាមេឡាណូស៊ីតលែងផលិតសារធាតុពណ៌មេឡានីន។ ជាលទ្ធិផល​វដ្តលូតលាស់​សក់មានរយៈពេល​ខ្លី និង​នាំឱ្យ​សក់​ស្កូវ​មុន​អាយុ។ យើងអាចកាត់​បន្ថយ​ស្រេស្ត​តាមរយៈការស្តាប់តន្រ្តី ដើរលេង ហាត់ប្រាណ ហាត់យ៉ូហ្កា និងធ្វើសមាធិ​ជាដើម។

២. ម៉ាស្សាស្បែកក្បាល

ការម៉ាស្សាស្បែកក្បាលអាចបង្កើនចលនាឈាមទៅកាន់ឫសសក់ ដែលធ្វើឱ្យឫសសក់​មាន​សុខភាពល្អ និងបង្កើនការផលិតសារធាតុពណ៌មេឡេនីន។ លើសពីនេះទៅទៀត ការម៉ាស្សាស្បែកក្បាលក៏អាចជួយឱ្យកាត់បន្ថយភាពតានតឹងរបស់យើងដែរ។

៣. កុំជក់បារី

តាមការសិក្សាឆ្នាំ ២០២០ បានរកឃើញថា ការជក់បារីជាកត្តាធ្វើឱ្យមាន​អតុល្យភាព​នៃ​សារធាតុប្រឆាំងអុកស៊ីតកម្ម និងរ៉ាឌីកាល់សេរីនៅក្នុងរាងកាយ​ដែលអាចបំផ្លាញ​កោសិកា​ស្បែកក្បាល ធ្វើឱ្យសក់ខូច ឆាប់ជ្រុះ និងស្កូវមុនអាយុ។

៤. គេងឱ្យបានគ្រប់គ្រាន់

ការគេងគ្រប់គ្រាន់អាចកាត់បន្ថយភាពតានតឹង និងអនុញ្ញាតឱ្យរាងកាយ​​ជុសជុល​ខ្លួន​ឯង ព្រមទាំងកាត់បន្ថយការជ្រុះសក់។

៥. កែប្រែរបបអាហារ

អាហារកែច្នៃ និងអាហារដែលមានជាតិស្ករ និងខ្លាញ់ខ្ពស់អាចធ្វើឱ្យយើង​​រលាកដែល​កាត់បន្ថយ​ការផលិតសារធាតុពណ៌របស់សក់។ ដូច្នេះយើង​គួរញុំាអាហារ​ដែលប្រឆាំង​ការរលាកដូចជា ផ្លែឈើអម្បូរបឺរី បន្លែស្លឹកបៃតង ទំពាំងបាយជូរ ខ្ទឹមស រមៀត ឬខ្ញី​ជាដើម។

អាហារមានជាតិស្ករ និងខ្លាញ់ខ្ពស់

ចង់គណនា BMR ចុចទីនេះ!

៦. ពិនិត្យសុខភាពជាប្រចាំ

ជំងឺមួយចំនួនដូចជាជំងឺប្រព័ន្ធភាពសុំា និងជំងឺក្រពេញទីរ៉ូអ៊ីត​អាចបណ្តាល​​ឱ្យមាន​សក់​ស្កូវមុនអាយុ ដូច្នេះយើងត្រូវពិនិត្យសុខភាពដើម្បីធានាថាគ្មានជំងឺទាំងនេះ។ ប្រសិន​បើ​មានជំងឺទាំងនេះ យើងត្រូវធ្វើការព្យាបាល។

៧. ថែទាំសក់

យើងគួរចៀសវាង ឬកាត់បន្ថយ​ការកៀបសក់ ផ្លុំសក់ ប្តូរពណ៌សក់ ឬប្រើផលិតដែលមាន​​សារធាតុ​គីមី​ដែលអាចបំផ្លាញសក់ និងកោសិកាផលិតសារធាតុ​ពណ៌​​ឱ្យសក់។

៨. ញុំាវីតាមីន និងសារធាតុរ៉ែឱ្យបានគ្រប់គ្រាន់

កង្វះវីតាមីន និងសារធាតុរ៉ែមួយចំនួនក៏រួមចំណែកធ្វើឱ្យសក់ស្កូវមុនអាយុ និង​ឆាប់​ខូច។ យើងគួរញុំា៖

  • វីតាមីន D៖ ត្រីសាលម៉ុន ផ្សិត ទឹកដោះគោ ស៊ុត
  • វីតាមីន B12៖ ថ្លើម ក្តាម ត្រីធូណា
  • វីតាមីន E៖ គ្រាប់ផ្កាឈូករ័ត្ន គ្រាប់អាល់ម៉ុន សណ្ដែកដី
  • វីតាមីន A៖ ថ្លើម ដំឡូងជ្វា ការ៉ុត ឈីស ត្រសក់ស្រូវ
  • ស័ង្កសី៖ អយស្ទ័រ សាច់គោ សាច់ទា ក្តាម បង្កង សាច់ជ្រូក
  • ជាតិដែក៖ សាច់គោ បន្លែស្លឹកបៃតង សណ្តែក សូកូឡាខ្មៅ
  • លេញ៉ូម៖ ត្រីធូណា ត្រីសាឌីន បង្គា
  • ម៉ាញ៉េស្យូម៖ គ្រាប់ល្ពៅ គ្រាប់អាល់ម៉ុន និង​គ្រាប់ស្វាយ​ចន្ទី​ជា​ដើម។

សក់ស្កូវ​ក៏បណ្តាលមកពីកត្តាហ្សែនដែរ ប៉ុន្តែការផ្លាស់ប្តូររបៀបរស់នៅ​អាច​ការពារ​សក់​ស្កូវមុនអាយុ ឬពន្យាពេលកុំឱ្យសក់ស្កូវ និងធ្វើឱ្យយើងមានសុខភាពល្អ។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

5 Ways to Prevent Gray Hair, According to Experts
https://www.eatingwell.com/article/7913510/how-to-prevent-gray-hair/

It Might Be Possible to Prevent Gray Hair From Happening at All
https://www.byrdie.com/how-to-prevent-gray-hair

7 Ways to Prevent and Get Rid of Gray Hair
https://bellatory.com/hair/7-Ways-to-Get-Rid-of-and-Prevent-Gray-Hair

How to Prevent Gray Hair
https://www.wikihow.com/Prevent-Gray-Hair


អត្ថបទពាក់ព័ន្ធ

តិចនិក​ថែទាំ​សក់​​មុន​ចូល​គេង ស្រីៗ​យើង​គួរ​ដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាហារ​ ៧​មុខ ជួយ​ស្បែក​ សក់​ និង​ក្រចក​ឲ្យ​មាន​សុខភាព​ល្អ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រុស​ៗ​ឧស្សាហ៍​ជ្រុះ​សក់​ អាច​សាកដោះស្រាយតាម​តិចនិក​​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទម្លាប់​សាមញ្ញ​ទាំង​៧​នេះ អាច​​បណ្ដាល​ឲ្យ​សក់ជ្រុះ​ខ្លាំងហើយស្ដើង​ទៅ​ៗ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្នាំលាបសក់អាច​ធ្វើឲ្យ​មាន​ប្រតិកម្មលើស្បែក និង​ស្បែកក្បាល?


រូបថត​របស់​អ្នក​និពន្ធbadge
ដោយ សុខ វណ្ណ កែសម្រួល​ចុងក្រោយ 5 ថ្ងៃកន្លងទៅ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត