ការប្រើប្រាស់
១- តើថ្នាំបាញ់ច្រមុះ Xylometazolineប្រើដើម្បីអ្វី?
ឱសថ Xylometazoline Nasal ឬថ្នាំបាញ់ច្រមុះ Xylometazoline ជាទូទៅគឺប្រើដើម្បីព្យាបាលបញ្ហាតឹងច្រមុះដោយសារ អាលែកហ្ស៊ី រលាកច្រមុះ ឬគ្រុនផ្ដាសាយធម្មតា។ ឱសថនេះក៏អាចនឹងត្រូវប្រើក្នុងគោលបំណងព្យាបាលបញ្ហាសុខភាពផ្សេងទៀតដែលមិនបានបង្ហាញខាងលើ។
ឱសថ Xylometazoline Nasal គឺជាឱសថបំបាត់អាការៈតឹងច្រមុះ (Decongestant) ជួយធ្វើឲ្យសរសៃឈាមក្នុងរន្ធច្រមុះរួមតូចវិញ ព្រោះថាសរសៃឈាមដែលរីកក្នុងរន្ធច្រមុះអាចធ្វើឲ្យតឹងច្រមុះបាន។
២- តើខ្ញុំគួរប្រើថ្នាំបាញ់ច្រមុះ Xylometazolineដោយរបៀបណា?
សូមប្រើថ្នាំនេះតាមការណែនាំរបស់គ្រូពេទ្យ ឬតាមការណែនាំក្នុងខិតប័ណ្ណថ្នាំ។ មិនត្រូវប្រើច្រើនជាង ឬតិចជាង ឬយូរជាងកម្រិតដែលណែនាំនោះឡើយ។ការប្រើថ្នាំនេះច្រើនពេក អាចបង្កឲ្យខូចខាតទៅលើរន្ធច្រមុះ ដែលជាហេតុនាំឲ្យតឹងច្រមុះរ៉ាំរ៉ៃ។
របៀបប្រើថ្នាំបាញ់ច្រមុះ (Nasal spray)
យើងត្រូវបាញ់ចូលច្រមុះតិចៗ។ យើងត្រូវផ្ងើយក្បាលទៅក្រោយ ហើយដាក់ ចុងបំពង់ថ្នាំចូលក្នុងរន្ធច្រមុះម្ខាង រួចយកម្រាមដៃសង្កត់បិទរន្ធច្រមុះម្ខាងទៀត។ ដកដង្ហើមចូលឲ្យលឿន និងបាញ់ថ្នាំចូលក្នុងច្រមុះថ្នមៗ។ បន្ទាប់មក ចូរធ្វើដូចគ្នានឹងរន្ធច្រមុះម្ខាងទៀត។ មិនត្រូវ ញីសសំបោរ យ៉ាងហោចណាស់ក៏ពីរទៅបីនាទីដែរ ក្រោយប្រើថ្នាំបាញ់ច្រមុះរួច។ គ្នាយើងត្រូវចាំថាមិនត្រូវប្រើថ្នាំបាញ់ច្រមុះនេះ ច្រើនជាងបីដងក្នុងមួយថ្ងៃឡើយ (ត្រូវប្រើរៀងរាល់ ៨ទៅ ១០ម៉ោងម្ដង)។
ដើម្បីការពារកុំឲ្យមានការចម្លងរោគ យើងមិនអាចឲ្យថ្នាំបាញ់ច្រមុះរបស់យើងទៅអ្នកដទៃប្រើនោះទេ។
យើងត្រូវទៅជួបគ្រូពេទ្យភ្លាមប្រសិនបើរោគសញ្ញារបស់យើងមិនបានធូរស្រាលបន្ទាប់ពីប្រើបាន ៥ថ្ងៃពិតពីថ្ងៃចាប់ផ្ដើមការព្យាបាល។
៣- តើខ្ញុំគួរទុកដាក់ថ្នាំបាញ់ច្រមុះ Xylometazolineដោយរបៀបណា?
កន្លែងដែលល្អបំផុតដើម្បីរក្សាទុកឱសថនេះគឺនៅក្នុងសីតុណ្ហភាពធម្មតា (មានបញ្ជាក់ក្នុងសេចក្ដីណែនាំរបស់ថ្នាំ) និងត្រូវទុកឆ្ងាយពីពន្លឺថ្ងៃនិងសំណើម។ ដើម្បីកុំឲ្យខូចថ្នាំ សូមកុំទុកវានៅក្នុងបន្ទប់ទឹកឬទូទឹកកក កន្លែងកកឲ្យសោះ។ យើងត្រូវចាំថាឱសថប្រភេទនេះ មានខ្លះត្រូវការ ការទុកដាក់ខុសៗគ្នា។ សូមពិនិត្យមើលការណែនាំនៅលើសំបកកញ្ចប់ឬសួរឱសថការីអំពីរឿងនេះ។ ដើម្បីសុវត្ថិភាព យើងទុកថ្នាំឲ្យឆ្ងាយពីក្មេងៗនិងសត្វចិញ្ចឹម។
យើងមិនត្រូវចាក់ឱសថនេះ ចោលតាមបង្គន់ ឬលូរបង្ហូរទឹកទេ លើកលែងមានការណែនាំឲ្យធ្វើដូចនោះ។ ថ្នាំដែលផុតសុពលភាពប្រើប្រាស់យើងចាំបាច់ត្រូវតែបោះចោល ឈប់ប្រើប្រាស់។ សូមទៅពិគ្រោះជាមួយឱសថការីដើម្បីដឹងពីព័ត៌មានលម្អិតស្ដីពីការបោះចោលថ្នាំប្រភេទនេះឲ្យបានត្រឹមត្រូវ។
អត្ថបទពាក់ព័ន្ធ៖
ការប្រុងប្រយ័ត្ននិងបម្រាម
៤- តើខ្ញុំគួរដឹងអ្វីខ្លះមុនពេលប្រើថ្នាំបាញ់ច្រមុះ Xylometazoline?
យើងមិនគួរប្រើថ្នាំនេះទេ ប្រសិនបើយើងមានប្រតិកម្មទៅនឹងថ្នាំប្រភេទនេះ។
យើងអាចសាកសួរគ្រូពេទ្យ ឬឱសថការី ថាតើថ្នាំនេះ អាចមានសុវត្ថិភាពចំពោះយើងឬអត់ បើសិនយើងកំពុងមានបញ្ហាសុខភាព ជាពិសេសមាន៖
– ជំងឺបេះដូង លើសសម្ពាធឈាម
– ជំងឺទឹកដក់ក្នុងភ្នែក (Glaucoma)
– ជំងឺថ្លើម ឬជំងឺតម្រងនោម
– ក្រពេញប្រូស្តាត រីកធំ មានបញ្ហាក្នុងការបន្ទោរបង់នោម
– ជំងឺទឹកនោមផ្អែម
– ឬមានបញ្ហាក្រពេញ ទីរ៉ូអ៊ីត
៥- ការប្រើថ្នាំបាញ់ច្រមុះ Xylometazoline ចំពោះស្រ្តីមានផ្ទៃពោះឬបំបៅដោះកូន
មិនមានការសិក្សារណាបញ្ជាក់ថាមានហានិភ័យលើការប្រើថ្នាំនេះ ពេលមានផ្ទៃពោះឬពេលបំបៅដោះកូននៅឡើយទេ។ សូមពិភាក្សាជាមួយគ្រូពេទ្យដើម្បីដឹងពីឥទ្ធិពល និងហានិភ័យមុនពេលប្រើថ្នាំ។ យោងទៅលើ ផ្នែករដ្ឋបាលចំណីអាហារសហរដ្ឋអាមេរិក (FDA) ឱសថនេះ ចាត់ចូលក្នុងគ្រោះថ្នាក់ប្រភេទ C (មានហានិភ័យខ្លះ) ចំពោះស្ត្រីមានផ្ទៃពោះ។
ឯកសារយោងនៃរដ្ឋបាលចំណីអាហារនិងថ្នាំខាងក្រោម៖
– A=មិនមានហានិភ័យ
– B=មិនមាន ហានិភ័យក្នុងការសិក្សាខ្លះ
– C=មានហានិភ័យខ្លះ
– D=មានភស្ដុតាងថាមានហានិភ័យ
– X=ហាមមិនឲ្យប្រើប្រាស់
– N=មិនដឹង
ផលរំខាន
៦- តើថ្នាំបាញ់ច្រមុះ Xylometazoline មានការរំខានអ្វីខ្លះ?
យើងត្រូវទៅជួបគ្រូពេទ្យភ្លាមប្រសិនបើ យើងមានចេញសញ្ញាប្រតិកម្មអាលែកហ្ស៊ីថ្នាំនេះដែលមានដូចជាចេញកន្ទាលត្រអាក ពិបាកដកដង្ហើម ហើមមុខ ហើមបបូរមាត់ ហើមអណ្ដាត ឬបំពង់ក។ ទោះបីជាគ្រោះថ្នាក់នៃផលរំខានមានកម្រិតទាប នៅពេលប្រើថ្នាំនេះ នៅក្នុងច្រមុះក៏ពិតមែន ប៉ុន្តែផលរំខាននៅតែអាចកើតមានធ្ងន់ធ្ងរ បើសិនជាថ្នាំត្រូវស្រូបចូលទៅក្នុងចរន្តឈាម។
សូមបញ្ឈប់ការប្រើថ្នាំនេះ និងទៅជួបគ្រូពេទ្យភ្លាមប្រសិនបើយើង៖
-ស្រវាំងភ្នែក
-ឈឺក្បាល វិលមុខ អារម្មណ៍ភិតភ័យ
-បេះដូងលោតញាប់ខ្លាំង
-មានអារម្មណ៍ថាស្រាលក្បាល ហាក់ដូចជាជិតសន្លប់
-ដកដង្ហើមមានលឺសូរ មានអារម្មណ៍ថាដកដង្ហើមបានខ្លីៗ ឬ រោគសញ្ញាជំងឺកាន់តែខ្លាំងទៅៗ
ផលរំខានកើតញឹកញាប់រួមមាន៖
-មានអារម្មណ៍ស្ងួត ក្រហាយ ឬរមាស់នៅក្នុងច្រមុះ
-កណ្ដាស
-ហៀរសំបោរ
មិនមែនមនុស្សគ្រប់គ្នាសុទ្ធ តែមានផលរំខានដូចនេះឡើយ ហើយប្រហែលជាមានផលរំខានផ្សេងទៀតដែលមិនបានរៀបរាប់ខាងលើ។ ដូចនេះបើយើងមានការបារម្ភពីផលរំខាន សូមពិគ្រោះជាមួយគ្រូពេទ្យនិងឱសថការី។
អត្ថបទពាក់ព័ន្ធ៖
អន្តរកម្មថ្នាំ
៧- តើមានថ្នាំអ្វីខ្លះដែលមានប្រតិកម្មជាមួយ ថ្នាំបាញ់ច្រមុះ Xylometazoline?
ឱសថនេះ អាចនឹងមានប្រតិកម្មអន្តរកម្មជាមួយថ្នាំដែលយើងកំពុងប្រើ ដែលអាចធ្វើឲ្យផ្លាស់ប្ដូរសកម្មភាពរបស់ថ្នាំ ឬអាចបង្កើនគ្រោះថ្នាក់នៃផលរំខានធ្ងន់ធ្ងរមួយចំនួន។ ដើម្បីចៀសផុតពីប្រតិកម្មអន្តរកម្មថ្នាំធ្ងន់ធ្ងរ យើងគួរតែធ្វើបញ្ជីរាយនាមឈ្មោះថ្នាំដែលបានប្រើនិងកំពុងប្រើ (រួមមានទាំងថ្នាំត្រូវការវេជ្ជបញ្ជា ថ្នាំមិនត្រូវការវេជ្ជបញ្ជា និងផលិតផលឱសថបូរាណ) ហើយប្រាប់ទៅគ្រូពេទ្យ និងឱសថការី។
ដើម្បីសុវត្ថិភាព មិនត្រូវចាប់ផ្ដើមប្រើ ឬបញ្ឈប់ការប្រើ ឬផ្លាស់ប្ដូរកម្រិតប្រើ ថ្នាំអ្វីមួយដោយគ្មានការយល់ព្រមពីគ្រូពេទ្យឡើយ។ ឱសថដែលប្រើតាមមាត់ ឬចាក់ចូលក្នុងខ្លួន ហាក់ដូចជាមិនមានឥទ្ធិពល់លើឱសថ ដែលប្រើប្រាស់តាមច្រមុះនោះទេ។ ប៉ុន្តែ ថ្នាំជាច្រើនអាចនឹងមានប្រតិកម្មអន្តរកម្មរវាងគ្នា និងគ្នា។ ដូចនេះសូមប្រាប់ទៅគ្រូពេទ្យគ្រប់ឱសថដែលយើងប្រើ រួមទាំងថ្នាំដែលមានវេជ្ជបញ្ជា ថ្នាំដែលមិនមានវេជ្ជបញ្ជា និងផលិតផលពីធម្មជាតិផ្សេងៗទៀត។
៨- តើអាហារឬស្រាមានប្រតិកម្មជាមួយ ឱសថនេះ?
ថ្នាំនេះ អាចនឹងមានប្រតិកម្មអន្តរកម្មជាមួយចំណីអាហារ ឬជាតិអាល់កុល ដោយអាចធ្វើឲ្យសកម្មភាពភាពថ្នាំប្រែប្រួល ឬបង្កើនគ្រោះថ្នាក់នៃផលរំខានធ្ងន់ធ្ងរ។ សូមពិគ្រោះជាមួយ គ្រូពេទ្យ ឬឱសថការី ពីប្រភេទអាហារ ឬ ជាតិអាលកុល ដែលអាចមានអន្តរកម្មជាមួយថ្នាំ មុននឹងចាប់ផ្ដើមប្រើថ្នាំ។
៩- តើមានជំងឺណាខ្លះដែលមានទំនាក់ទំនងជាមួយឱសថនេះ?
ថ្នាំនេះ អាចនឹងមានប្រតិកម្មអន្តរកម្មនឹងស្ថានភាពសុខភាពរបស់យើង។ ប្រតិកម្មនេះ អាចនឹងធ្វើឲ្យសុខភាពយើងកាន់តែធ្ងន់ធ្ងរ ឬ ធ្វើឲ្យសកម្មភាពថ្នាំប្រែប្រួល។ ជាការសំខាន់ដែលយើងត្រូវប្រាប់ទៅ គ្រូពេទ្យ និងឱសថការី រាល់ស្ថានភាពសុខភាពដែលយើងកំពុងមាន។
កម្រិត
ព័ត៌មានទាំងនេះមិនអាចប្រើជំនួសដំបូន្មានផ្នែកវេជ្ជសាស្ត្របានទេ។ ដូចនេះមុននឹងប្រើ សូមទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីទទួលបានព័ត៌មានលម្អិត។
១០- តើមនុស្សធំត្រូវប្រើ ថ្នាំបាញ់ច្រមុះ Xylometazoline ក្នុងកម្រិតប៉ុន្មាន?
សូមប្រើឱសថនេះ តាមការណែនាំនៅលើសម្បកថ្នាំ ឬ តាមការណែនាំរបស់គ្រូពេទ្យ។ មិនត្រូវប្រើក្នុងកម្រិតច្រើនជាង ឬ តិចជាង ឬយូរជាង អ្វីដែលបានណែនាំនោះទេ។
១១- តើកូនក្មេងត្រូវប្រើថ្នាំបាញ់ច្រមុះ Xylometazolineក្នុងកម្រិតណា?
កម្រិតប្រើទូទៅចំពោះកុមារក្នុងករណី តឹងច្រមុះ៖
ថ្នាំបាញ់ច្រមុះ Xylometazoline ០,០៥ភាគរយ៖
២ ទៅ ១២ឆ្នាំ ៖ បាញ់ ១ ទៅ ២ ឈីត ក្នុងរន្ធច្រមុះ ម្ខាងៗ រាងរាល់ ៨ ទៅ ១០ ម៉ោង មិនត្រូវលើសពី ៣ដងក្នុងមួយថ្ងៃ និងមិនត្រូវប្រើច្រើនជាង ៣ថ្ងៃ ឡើយ។
១២- តើ ថ្នាំបាញ់ច្រមុះ Xylometazoline មានប្រភេទអ្វីខ្លះ?
ថ្នាំនេះអាចមានក្នុងកម្រិតនិងរូបរាងដូចខាងក្រោម៖
-ស្ព្រៃបាញ់ច្រមុះ (Nasal spray)
១៣- តើខ្ញុំត្រូវធ្វើដូចម្តេចបើប្រើលើសកម្រិតឬមានករណីបន្ទាន់អ្វីមួយនោះ?
ប្រសិនជាមានករណីគ្រោះថ្នាក់ដូចជាប្រើលើសកម្រិត សូមប្រញាប់រួសរាន់ស្វែករកការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យដែលជិតបំផុត។
១៤- តើខ្ញុំត្រូវធ្វើដូចម្តេចបើភ្លេចប្រើថ្នាំ?
បើសិនជាយើងភ្លេចប្រើម្តង សូមប្រើភ្លាមពេលដែលនឹកឃើញ។ យ៉ាងណាមិញប្រសិនជាជិតដល់ពេលប្រើម្តងទៀតហើយបានយើងនឹកឃើញថាភ្លេច សូមចាំប្រើនៅពេលបន្ទាប់ទៀតចុះ។ សូមកុំប្រើថ្នាំពីរដងក្នុងពេលតែមួយឲ្យសោះ។
អត្ថបទពាក់ព័ន្ធ៖
- Panadol (ឱសថ ប៉ាណាដុល)
- Pantoprazol (ឱសថ Pantoprazol)
- Paracetamol (ឱសថ ប៉ារ៉ាសេតាម៉ុល)
- Ketoconazole (ឱសថ Ketoconazole)
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]