backup og meta

ប៉ាម៉ាក់ចង់​ឲ្យខួរក្បាលកូនលូតលាស់ល្អ កុំ​រំលង​តិចនិក​ទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Jan 18, 2022

    ប៉ាម៉ាក់ចង់​ឲ្យខួរក្បាលកូនលូតលាស់ល្អ កុំ​រំលង​តិចនិក​ទាំងនេះ

    ទោះបីជាខួរក្បាលកូននឹងលូតលាស់​ពេញលេញ នៅពេលពួកគេមានអាយុ ២៥ ឆ្នាំ​ក៏​ដោយ ដំណាក់កាលសំខាន់​នៃការលូតលាស់ខួរក្បាល​ គឺចាប់ពីពេលកូនកើតរហូត​ដល់អាយុ ៧ឆ្នាំ ព្រោះនៅអាយុ ៧ឆ្នាំ ខួរក្បាលពួកគេអភិវឌ្ឍបាន ៩០% ហើយ។ នៅចន្លោះពេលនេះ ប៉ាម៉ាក់គួរ​ធ្វើអ្វីខ្លះដើម្បី​ជួយដល់ការអភិវឌ្ឍ​ខួរក្បាល​របស់​កូន?

    កុមារអភិវឌ្ឍខួរក្បាលតាមរយៈការសង្កេត និងការធ្វើសកម្មភាព ដូច្នេះប៉ាម៉ាក់អាចជួយ​អភិវឌ្ឍខួរក្បាលអូនតូចតាមរយៈសកម្មភាពប្រចាំថ្ងៃដូចជា៖

    ១. ឆ្លើយតបនិងការយំរបស់អាអូន

    ការលួងលោមរបស់ប៉ាម៉ាក់ធ្វើឱ្យទារកមានអារម្មណ៍សុវត្ថិភាព។ ទារក​អាច​អភិវឌ្ឍ​ខួរក្បាលបាន​ល្អ នៅពេលទារកមានអារម្មណ៍សុវត្ថិភាព មានការ​យក​​​ចិត្តទុក​ដាក់ និងស្រឡាញ់ពី​ប៉ាម៉ាក់។

    ការយំ គឺជាវិធីតែមួយគត់ដែលអាអូនអាចប្រាស្រ័យទាក់ទងជាមួយប៉ាម៉ាក់ ប្រសិនបើ​អាអូន​មិន​ទាន់ចេះនិយាយ។ ដូច្នេះពេលកូនយំ ប៉ាម៉ាក់គួរលើក​កូន​​ពភ្លាមដែរ​ ហើយ​មើលថាមានអ្វីខុសប្រក្រតីឬ​អត់ និងលួងឱ្យអាអូនបាត់យំ។

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ២. បង្កើនភាពស្និទ្ធស្នាលជាមួយកូន

    ការបង្កើនភាពស្និទ្ធស្នាល ធ្វើឱ្យកូន​មានអារម្មណ៍សុវត្ថិភាព មានភាពជឿជាក់ និងមានភាពកក់ក្តៅដែលជាកត្តាជួយឱ្យ​ដល់ការអភិវឌ្ឍខួរក្បាល​។

    ម៉ាក់ៗអាចបង្កើនភាពស្និទ្ធស្នាលជាមួយកូន​តាមរយៈការបំបៅដោះ ការឱប ការព ការថើប ឬការកាន់ដៃជាដើម។

    ៣. មើលភ្នែកកូន​

    ពេលប៉ាម៉ាក់មើលភ្នែកកូន មានន័យថាប៉ាម៉ាក់កំពុងសន្ទនាជាមួយ​កូន​។ ម្យ៉ាង​ទៀត កូន​រៀនតាមរយៈការមើល។ នៅពេលមើល​ប៉ា​ម៉ាក់ អាអូនក៏​កំពុងរៀនពី​របៀប​ដែលប៉ាម៉ាក់ប្រើកាយ​វិការ​ដើម្បីទំនាក់ទំនងដែរ។

    ៤. និយាយជាមួយកូន

    ការនិយាយជាមួយកូន​អាចជួយដល់​ការ​រៀនពាក្យថ្មីៗ ទោះជាអាអូន​មិន​ទាន់​ចេះ​និយាយ​ក៏ដោយ ដូច្នេះប៉ាម៉ាក់ត្រូវឧស្សាហ៍​និយាយជាមួយកូន​តាម​ដែលអាច​ធ្វើទៅ​បាន ​តាមកម្រិតអាយុរបស់​កូន​។ ពេលអាអូនបញ្ចេញសំឡេងអ្វីមួយ ប៉ាម៉ាក់ត្រូវឆ្លើយតប និងនិយាយតប​ទៅវិញដើម្បីជំរុញការនិយាយរបស់កូន​។

    ៥. សួរសំណួរ

    នៅពេលអាអូនធំបន្តិច ប៉ាម៉ាក់អាចសួរសំណួរដើម្បីឱ្យកូនរៀនគិត។ ប៉ាម៉ាក់​អាច​ចាប់ផ្តើមដោយសួរសំណួរខ្លីៗដែលទាក់ទងនឹងទម្លាប់ប្រចាំថ្ងៃដូចជា អូន​ឃ្លាន​ឬ​នៅ? អូនងូតទឹកហើយនៅ? អូនចូលចិត្តញុំាអ្វី? អូនចូលចិត្តពណ៌អ្វី? អូនចង់ទៅណា? ជាដើម។

    ៦. ឱ្យកូនលេង

    ប៉ាម៉ាក់អាចឱ្យកូនលេងជាមួយប្រដាប់ប្រដាក្មេងលេងដែលមានរូបរាង ទំហំ ពណ៌ និងសំឡេង​ខុសៗគ្នា ឬលេងជាមួយវត្ថុផ្សេងៗដែលមាននៅក្នុង និងជុំវិញផ្ទះ ហើយមានសុវត្ថិភាពសម្រាប់ក្មេង។ អាអូននឹងរៀនរបស់ថ្មីៗតាមរយៈការប៉ះពាល់វត្ថុលេងទាំងនេះ។ ប្រដាប់ប្រដាក្មេង​លេង​​មួយចំនួនដូចជា បាល់ ឈើផ្គុំរូប ជាដើមអាចជួយអាអូនរៀនប្រើដៃ ឬជើង និង​ជំរុញ​ឱ្យ​អាអូនមានចលនា។ យ៉ាង​ណា របស់​លេង​ទាំង​នោះ​ត្រូវប្រាកដ​ថាសម​ស្រប​ទៅ​តាម​អាយុ​របស់​កូន​ដែរ បើ​កូន​តូច​ពេក​ឲ្យលេង​របស់​មាន​ទំហំតូចៗ កូន​អាច​លេប​នាំឲ្យ​ស្លាក់​ជា​ដើម។​​

    ឱ្យអាអូនលេង

    ៧. អានឱ្យកូនស្តាប់

    ការអានឱ្យអូនតូចស្តាប់អាចជួយកូន​ឲ្យ​រៀនពាក្យថ្មីៗ និងជំរុញឱ្យមានការគិត និងបង្កើនការស្រមើលស្រមៃ និងគំនិតច្នៃប្រឌិត។

    ប៉ាម៉ាក់អាចជ្រើសរើសសៀវភៅដែលសមស្របតាមអាយុកូន មាន​ពណ៌​ចម្រុះ អានឱ្យកូនស្តាប់។ ពេលអាន ប៉ាម៉ាក់អាចចង្អុលរូប និងធ្វើសំឡេង​​ត្រាប់​តាមតួអង្គក្នុង​សៀវភៅ។

    ៨. ច្រៀងឱ្យកូនស្តាប់

    វិធីមួយទៀតដែលប៉ាម៉ាក់អាចជួយអភិវឌ្ឍផ្នែកភាសារបស់អូនតូចគឺតាម​រយៈការការច្រៀងចំរៀងកុមារឱ្យអាអូនស្តាប់។ ការច្រៀងអាចជួយ និងជំរុញ​អាអូន​រៀនពាក្យថ្មីៗ​តាម​រយៈការស្តាប់ និងច្រៀងតាម។

    ៩. លើកសរសើរកូន​

    កុមារត្រូវការការលើកទឹកចិត្ត ដើម្បីជំរុញការរៀនរបស់ពួកគេ ដូច្នេះពេល​អូន​តូចចេះ ឬអាចធ្វើអ្វីមួយបាន ប៉ាម៉ាក់ត្រូវសរសើរ ថា កូនពូកែ​ណាស់! ឬ​ល្អណាស់! ជាដើម​ដើម្បីជំរុញកូន​ឲ្យ​ខំរៀន ឬធ្វើអ្វីថ្មីៗ។

    ១០. ឱ្យកូន​គេងឱ្យបានគ្រប់គ្រាន់

    ការគេងគ្រប់គ្រាន់តាមអាយុអាចជួយឱ្យខួរក្បាលកូន​ដំណើរការបានល្អ ជួយ​ដល់​ការ​ចង់ចាំ និងកាត់បន្ថយភាពតានតឹង។

    ១១. ឱ្យកូន​លេងកីឡា ឬបញ្ចេញសកម្មភាពរាងកាយ

    ការលេងកីឡាដូចជា ហែលទឹក លេងបាល់ ឬរត់លេងជាដើម សុទ្ធ​តែ​ជួយ​បង្កើន​កម្រិត​​អុកស៊ីសែន​ក្នុងឈាម ជួយជំរុញចលនាឈាមរត់ទៅខួរក្បាល និងធ្វើឱ្យ​ខួរក្បាល​កុមារឆ្លាតវៃ។

    ខួរក្បាលកុមារក៏អភិវឌ្ឍលឿនដែរ ប្រសិនបើបាន​ញុំា​ចំណីអាហារ​ដែលមាន​​សារធាតុ​ចិញ្ចឹម​ល្អៗដូចជា ត្រី ស៊ុត ផ្លែប័រ បន្លែពណ៌បៃតង និង​សណ្តែកដី ជាដើម។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Jan 18, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម