សម័យនេះ ម៉ាក់ប៉ាយកកូនទៅដាក់សាលារៀនតាំងពីអាយុ ៣-៤ ឆ្នាំម្ល៉េះ ដើម្បីឲ្យកូនមានគ្រឹះរឹងមាំតាំងពីតូច។ ពេលកូនចូលរៀនម៉ាក់ប៉ាប្រហែលជាគិតថា រាងធូរដៃបន្តិចហើយ តែមិនដូច្នោះទេ យើងមានភារកិច្ចជាច្រើនទៀត។ នាយិកាសាលាអន្តរជាតិ ខល័រឃីត អ្នកស្រី ភន ផាសុកា បានចែករំលែកនូវតិចនិកងាយៗដែលម៉ាក់ប៉ាត្រូវធ្វើ ពេលកូនចាប់ផ្តើមរៀន ឬចូលសាលារៀន។
ឪពុកម្តាយខ្លះដាក់កូននៅសាលាពេញមួយថ្ងៃ ឯខ្លះទៀតដាក់កន្លះថ្ងៃ ទៅតាមលទ្ធភាពរបស់ខ្លួន តែទោះយ៉ាងណា យើងត្រូវចេះសង្កេតកូនបន្ទាប់ពីចេញពីសាលាវិញ តើមានការប្រែប្រួលអីខ្លះ ទាំងចំណេះ និងអត្តចរិត។ ចំណុចសំខាន់បំផុតនោះ តើមេរៀនដែលគេរៀននោះ ចាប់បានឬអត់? ឧទាហរណ៍ រូបភាពមួយដែលកូនរៀនថ្ងៃហ្នឹង តើកូនស្គាល់ដែរឬទេ ជារូបភាពអ្វី? បើអត់ស្គាល់ ត្រូវធ្វើយ៉ាងណា បើស្គាល់ ធ្វើយ៉ាងណា?
២- ស្ដាប់ពាក្យពេចន៍កូននិយាយ
យើងត្រូវតាមដានកូន តើប្រើប្រាស់ភាសា និងពាក្យពេចន៍ត្រឹមត្រូវឬអត់? មិនថាភាសាខ្មែរ ភាសាអង់គ្លេស ឬភាសាចិនទេ។ តើគេនិយាយជាឃ្លាបានឬនៅ? គេស្គាល់អ្វីនៅជុំវិញខ្លួនទេ? គេនិយាយច្បាស់អត់ ថាតាមបានអត់? បើកូននិយាយមិនច្បាស់ ឬនិយាយខុស យើងជាឪពុកម្តាយត្រូវចាប់ផ្តើមកែកូនភ្លាម កុំឲ្យនិយាយទៅទាំងខុសឲ្យសោះ។
របៀបនៃការកាន់ខ្មៅដៃ កាន់ហ្វឺត គូល័រផាត់ពណ៌ ពិតជាសំខាន់ខ្លាំងណាស់ ការចាប់ផ្តើមដំបូងកូនកាន់បែបម៉េច គឺទៅអ៊ីចឹងរហូតហើយ ចាប់ភ្លាមដៃឆ្វេង គឺដៃឆ្វេង ពិបាកនឹងកែ យើងត្រូវធ្វើម៉េចឲ្យក្មេងចាប់កាន់របស់ទាំងនោះឲ្យបានត្រឹមត្រូវ។ ក្មេងៗចូលរៀនដំបូង មិនមានសរសេរអ្វីច្រើន ក្រៅពីឲ្យដានតាមអក្សរ (Tracing) និងផាត់ពណ៌នោះទេ ហើយពេលបង្រៀនកូន យើងត្រូវប្រាប់កូនធ្វើឲ្យបានល្អ ត្រូវផាត់ពណ៌កុំឲ្យចេញក្រៅ បើកូនធ្វើខុស ត្រូវប្រាប់កូននូវកំហុសឆ្គងទាំងនោះ។
មានវិធីច្រើនយ៉ាងដើម្បីលើកទឹកចិត្តពេលបង្រៀនកូន ដូចជា ការពោលពាក្យសរសើរ ការផ្តល់រង្វាន់ ឬការសន្យានាំដើរលេងជាដើម។ ម៉ាក់ប៉ាត្រូវចាំថា ក្មេងខ្លះអត់ចូលចិត្តការសរសើររបស់ឪពុកម្តាយទេ ចង់បានរបស់លេង នាំទៅដើរលេង អ៊ីចឹងយើងមើលកូនយើង តើកូនយើងចង់បានអ្វី ត្រូវឲ្យកូនទៅតាមនោះ។
ឧទាហរណ៍ថា អក្សរមានពីរជួរ កូនសរសេរបានតែមួយជួរ រអ៊ូរទាំថា ហត់ ខ្ជិល យើងចាំបាច់ត្រូវសរសើរកូនភ្លាមថា «អូហ៍! អក្សរហ្នឹងសង្ស័យតែកូនសរសេរតែមួយភ្លែតទេ»។ ពាក្យសរសើរហ្នឹង ក្មេងចូលចិត្តណាស់ សរសរទាល់តែហើយ។ «កូនម៉ាក់/ប៉ា ពូកែជាងគេម៉េស» ពាក្យសរសើរបែបនេះ ប្រើចំពោះក្មេងខ្លះដែលចង់បានខ្លួនល្អដាច់គេ។
៥- ផ្តល់ពេលវេលាឲ្យកូន និងឥរិយាបថនៃការបង្រៀន
ម្ដាយឪពុកបើកបេះដូង យល់អំពីកូន ផ្តល់ពេលវេលាឲ្យកូនឲ្យច្រើន និងត្រូវកាត់បន្ថយការងារផ្ទះមួយចំនួន ឬការងារកន្លែងធ្វើការ ដើម្បីយកពេលវេលាមកបង្រៀនកូនឲ្យបានដិតដល់ ពិនិត្យការងារដែលគ្រូដាក់ឲ្យ តើកូនធ្វើបានរួលរាល់នៅ ត្រឹមត្រូវទេ?។ ឯឥរិយាបថនៃការបង្រៀនវិញ មិនថាម៉ាក់ ឬប៉ា នោះទេ ត្រូវតែមានភាពស្និទ្ធស្នាល ទន់ភ្លន់ជាមួយកូន ទើបកូនចូលចិត្តរៀន និងមិនធុញទ្រាន់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕