យើងធ្លាប់តែឮពាក្យ IQ ជារឿយៗ ដែលពាក្យនេះសំដៅលើភាពវៃឆ្លាតរបស់ខួរក្បាល ចំណែក EQ មិនសូវជាបានឮញឹកញាប់នោះទេ។ លោកស្រី សរ មន្ថា នាយិកាសាលាអប់រំកុមារតូច SHICHIDA នឹងពន្យល់លម្អិតពីភាគខុសគ្នារវាង IQ និង EQ រួមទាំងមុខងាររបស់ខួរក្បាលទាំងខាងឆ្វេង និងខាងស្តាំ។
១. IQ
IQ មកពីពាក្យពេញថា Intelligence Quotient ជាពិន្ទុសរុបបានមកពីការធ្វើតេស្តស្តង់ដារជាច្រើនធ្វើឡើងដើម្បីវាយតម្លៃបញ្ញាមនុស្ស ដែលអ្នកដែលមាន IQ ខ្ពស់ភាគច្រើនជាមនុស្សពូកែខាងភាសាវិទ្យាសាស្ត្រ ឬគណិតវិទ្យាជាដើម។ ក្មេងដែលមាន IQ ខ្ពស់ គឺបានហ្វឹកហាត់ខួរក្បាលផ្នែកខាងឆ្វេង។
ខួរក្បាលខាងឆ្វេងជាញាណផ្នែកភាពភាសា ដែលផ្តោតលើកត្តាតក្កវិជ្ជាច្រើន ដែលពាក់ព័ន្ធនឹងការរៀនអក្សរ លេខ វិទ្យាសាស្ត្រ។ ការចងចាំរបស់ខួរក្បាលខាងឆ្វេងមានរយៈពេលខ្លីជាង។
EQ មកពីពាក្យពេញថា Emotional Intelligence ឬ Emotional Quotient សំដៅទៅលើភាពឆ្លាតវៃខាងផ្លូវអារម្មណ៍ គំនិតច្នៃប្រឌិតរបស់មនុស្ស ក្នុងការស្គាល់អារម្មណ៍ខ្លួនឯង និងអ្នកដទៃ ហើយក្មេងដែលមាន EQ ខ្ពស់ គឺបានហ្វឹកហាត់ខួរក្បាលផ្នែកខាងស្តាំ។
ខួរក្បាលខាងស្តាំជាញាណផ្នែករូបភាព អារម្មណ៍ ពាក់ព័ន្ធនឹងគំនិតច្នៃប្រឌិត។ ខួរក្បាលខាងស្តាំខុសពីខាងឆ្វេង ដោយសារយកការស្រមៃ ការប្រមូលព័ត៌មានតាមរយៈរូបភាព ខួរក្បាលខាងស្តាំចងចាំបានលឿន មិនងាយភ្លេចនោះទេ គណនាបានលឿន។ ខួរក្បាលខាងស្តាំគេទទួលស្គាល់ថាជាខួរក្បាលល្អអស្ចារ្យ ដែលយើងមិនបានប្រើ ឬប្រើប្រាស់មិនអស់សក្តានុពលខួរក្បាល ប៉ុន្តែការប្រមូលព័ត៌មានខាងស្តាំបានល្អ លុះណាតែបរិយាកាសស្ងប់។
លោកស្រី សរ មន្ថា បញ្ជាក់ថា តាមការសិក្សាជ្រាវជ្រាវបើសិនជាក្មេងមាន EQ ច្រើនខ្ពស់ ក្មេងនោះមានសក្តានុពលក្លាយជាអ្នកដឹកនាំខ្លាំង។ ប៉ុន្តែផ្ទុយទៅវិញបើសិនជាក្មេងមាន EQ តិច ប៉ុន្តែ IQ ច្រើន ក្មេងនោះធំឡើងអាចក្លាយជាអ្នកបច្ចេកទេស ដោះស្រាយបញ្ហាជាមួយម៉ាស៊ីន បច្ចេកទេស បើធ្វើអ្នកដឹកនាំ ដោះស្រាយ និងធ្វើការជាមួយមនុស្ស Creativity ពិតជាពិបាក។
“បើយើងបង្រៀនកូនទាក់ទងនឹងចំណេះដឹង លេខអីច្រើន គឺយើងកំពុងតែជួយខួរក្បាលខាងឆ្វេងកូន ប៉ុន្តែបើសិនជាយើងធ្វើរឿងដែលភ្ញោចទៅនឹងអារម្មណ៍ ជាតួនាទីរបស់ខួរក្បាលខាងស្តាំ បង្កើត EQ ខ្ពស់ឲ្យកូន’។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕