រាល់ទារកដែលកើតមក មិនមែនសុទ្ធតែសុខភាពល្អទាំងអស់ទេ ខ្លះមានបញ្ហាតាំងពីពេលកើតមក ដែលនាំទុក្ខដល់ទារកតែម្ដង។ ក្មេងខ្លះ មិនទាន់ដឹងអីផង ក៏ប្រឈមនឹងបញ្ហាមានឈាមកកក្នុងខួរក្បាលបាត់ទៅហើយ។
សម្រាប់បញ្ហានេះ លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ជំនាញផ្នែករោគកុមារ សញ្ញាប័ត្រពីបារាំង បានពន្យល់ឲ្យដឹងថា ជាធម្មជាតិ នៅពេលដែលក្មេងកើតមក តែងមានឈាមកកតិចតួចនៅក្នុងខួរក្បាល ដែលនឹងបាត់ទៅវិញនៅពេលដែលលូតលាស់ធំទៅៗ។ ប៉ុន្តែមានករណីខ្លះទៀត អាអូនអាចប្រឈមនឹងជំងឺឈាមកកនៅក្នុងខួរក្បាល បើសិនទទួលបានវីតាមីន K មិនបានគ្រប់គ្រាន់។
“ចំពោះទារកដែលទើបតែសម្រាលហើយ នៅក្នុងមន្ទីរពេទ្យធំៗ គឺគេបានធ្វើអេកូខួរក្បាលទារក នៅពេលដែលជិតចេញពីមន្ទីរពេទ្យឲ្យទៅផ្ទះបាន ឬជួនកាលគេណាត់ឲ្យទៅពិនិត្យវិញ (២សប្ដាហ៍ ឬ១ខែក្រោយចេញពីពេទ្យ) ដើម្បីធ្វើអេកូខួរក្បាល អ៊ីចឹង យើងអាចដឹងថា អាអូនមានឈាមកកតាមរយៈធ្វើអេកូខួរក្បាល។”
លោកស្រីបញ្ជាក់ថា ប្រសិនបើឈាមកកធំ ឬមានបរិមាណច្រើន វាអាចសង្កត់ទៅលើខួរក្បាលទារក ពីព្រោះខួរក្បាលអាអូនមានលក្ខណៈតូច វាអាចឲ្យអាអូនចេញរោគសញ្ញាមួយចំនួនដូចជា៖
– ស្រឹម ឬសន្លប់
– ពិបាកបៅដោះ
– ក្អួតញឹកញាប់ (ក្អួតខ្លាំង)
– ប្រកាច់ (ករណីធ្ងន់ធ្ងរ)។
ក្នុងករណីដែលឈាមកកមានទំហំធំ ហើយសង្កត់ទៅលើសាច់ខួរក្បាលខ្លាំង ជាពិសេសប៉ះពាល់ទៅដល់តំបន់ខួរក្បាលដែលមាននាទីគ្រប់គ្រងប្រព័ន្ធផ្លូវដង្ហើមរបស់ទារក វាអាចបង្កឲ្យទារកអត់ដកដង្ហើម ជាហេតុបណ្ដាលឲ្យទារកបាត់បង់ជីវិតបាន។
[embed-health-tool-vaccination-tool]