រដូវធ្លាក់ខ្យល់ត្រជាក់ចូលមកដល់ គ្នាយើងម្នាក់ៗចាប់ផ្ដើមឃ្លុំ ខ្លួនជិតៗ ព្រោះធ្លាក់ខ្យល់ខ្លាំងពេកធ្វើឲ្យរងា។ ជួនកាល អាកាសធាតុត្រជាក់ពេក ធ្វើឲ្យយើងមនុស្សធំពិបាកទ្រាំ គេងមិនលក់ រងាញ័រញាក់ ចុះទម្រាំអាអូនតូចៗ មានប្រព័ន្ធការពារមិនរឹងមាំ ងាយឈឺទៀត។ ដូចនេះហើយ ម៉ាក់ប៉ាគួរដឹងពីតិចនិកផ្ដល់ភាពកក់ក្ដៅឲ្យកូនត្រឹមត្រូវ ចៀសវាងខ្យល់ត្រជាក់រំខានដល់កូន។
តិចនិកកុំឲ្យកូនរងាពេលយប់ ឬពេលគេង
– ក្នុងបន្ទប់កូនគេងត្រូវមានសីតុណ្ហភាព ២០អង្សារសេ
– ស្លៀកពាក់ឲ្យកូនជិតទាំងចុងដៃ ចុងជើង
– លាបឡេផ្ដល់សំណើមឲ្យកូន ចៀសវាងស្បែកស្ងួត និងរមាស់ដោយសារអាកាសធាតុ ឬពាក់អាវច្រើនជាន់
– បិទបង្អួចឲ្យជិត បើអាកាសធាតុខាងក្រៅត្រជាក់ខ្លាំង តែត្រូវប្រាកដថា នៅក្នុងបន្ទប់មានខ្យល់ចេញចូលមិនហប់ខ្យល់
– បើយើងគិតថា ពាក់ខោអាវឃ្លុំចុងដៃជើងកូនមិនគ្រប់គ្រាន់ យើងអាចរុំភួយទន់ៗមួយតង់ទៀតឲ្យកូន
– យើងអាចពាក់ស្រោមដៃ ស្រោមជើងឲ្យកូន ដើម្បីបន្ថែមភាពកក់ក្ដៅ។ល។
– មិនត្រូវរុំក្បាលកូនពេលគេង ឬពេលនៅក្នុងផ្ទះធម្មតា។ ពេលអាអូនគេងលក់ ម៉ាក់ប៉ាត្រូវសង្កេតមើលថា កូនមានបែកញើស ក្ដៅ ឬដកដង្ហើមញាប់ (ក្នុងករណីកូនមានសញ្ញានេះ យើងអាចតម្លើងសីតុណ្ហភាពក្នុងបន្ទប់ ឬដកភួយ ឬខោអាវរុំកូនចេញខ្លះ)។
តិចនិកកុំឲ្យកូនរងាពេលចេញទៅក្រៅ
– ស្លៀកខោអាវការពារកូនពីខ្យល់ត្រជាក់ ខោអាវកូនត្រូវមានសភាពទន់ និងងាយស្រួលដកដង្ហើម
– ពាក់មួកឲ្យអាអូន ព្រោះវាអាចជួយការពារត្រចៀកកូនពីខ្យល់ត្រជាក់
– ពេលចេញទៅក្រៅ ត្រូវពាក់ស្រោមដៃឲ្យកូន ឬឃ្លុំខ្លួនអាអូនជាមួយកន្សែង ឬភួយ តែត្រូវប្រាកដថា កូនដកដង្ហើមបានធម្មតា
– យើងអាចប្រើកាបូបស្ពាយកូន ព្រោះវាក៏ជួយផ្ដល់ភាពកក់ក្ដៅឲ្យកូនបាន (ពេលប្រើកាបូបស្ពាយកូន មិនចាំបាច់ពាក់ខោអាវឲ្យកូនក្រាស់ពេកទេ)
– ត្រូវប្រយ័ត្នពេលដាក់កូនក្នុងរទេះរុញ បើយើងមិនប្រើភួយរុំកូនពីលើទេ វាអាចធ្វើឲ្យខ្យល់វាចំមុខកូន យកល្អពេលប្រើរទេះរុញ គួរតែរុញតាមបណ្ដោយខ្យល់ ទើបខ្យល់មិនវាយមុខកូនចំៗ
ក្រៅពីតិចនិកប៉ុន្មាននេះ ម៉ាក់ប៉ាក៏ត្រូវចៀសវាងឃ្លុំកូនខ្លាំងពេកដែរ ជាពិសេសពេលគេង ព្រោះវាអាចធ្វើឲ្យកូនហប់ បង្កើនភាគរយបញ្ហាទារកស្លាប់ភ្លាមៗខ្ពស់ (SIDS)។ ម៉ាក់ប៉ាក៏មិនត្រូវប្រើខោអាវ ឬភួយក្រាស់មកឃ្លុំពីលើកូនច្រើនជាន់ និងចៀសវាងឃ្លុំបរិវេណមុខកូន ពិសេសត្រង់ច្រមុះ។
[embed-health-tool-vaccination-tool]