ទារកគេងមិនស្កប់ អាចបណ្ដាលមកពីកត្តាច្រើនដូចជាសីតុណ្ហភាពក្នុងបន្ទប់ ឬបរិយាកាសរំខានដល់ការគេងរបស់កូន។ ក្នុងនោះដែរ ទម្លាប់ដែលម៉ាក់ៗធ្វើមួយចំនួនដោយគិតថា នឹងធ្វើឲ្យអាអូនគេងលក់ស្រួល បែរក្លាយជាផលរំខានដល់ការគេងរបស់អាអូនវិញ។
តាមលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បានឲ្យដឹងថា ចំពោះម៉ាក់ៗមួយចំនួន មានទម្លាប់រុំកន្សែង ឬកំណាត់ទារក ដើម្បីឲ្យកូនគេងបានលក់ស្រួល មិនឆាប់ភ្ញាក់ ព្រោះទារកទើបនឹងកើតមួយចំនួនកន្ត្រាក់ដៃជើងញឹក ជាហេតុធ្វើឲ្យអាអូនភ្ញាក់ពីគេង ឬគេងមិនស្កប់ស្កល់។ ដូចគ្នានេះ ក្រៅពីរុំខ្លួនកូនជិតឈឹងហើយ ពេលកូនកំពុងគេងលក់នោះ ក៏យកខ្នើយ ឬភួយ មកដាក់សង្កត់លើពោះអាអូនបន្ថែមទៀត។
វេជ្ជបណ្ឌិតរូបនេះបន្តថា ការរុំទារក គឺរុំកូនឲ្យមានផាសុកភាព មិនមែនរុំជិតឈឹងកូនរើទៅណាមិនរួចនោះទេ ទារកក៏ត្រូវបរិយាកាសខ្យល់ចេញចូល ហើយទារកក៏ចេះស្អុះស្អាប់ ធុញថប់ដូចយើងមនុស្សធំដែរ។ ម្យ៉ាងវិញទៀត បើម៉ាក់ៗយកភួយក្រាស់ ឬវត្ថុធ្ងន់ សង្កត់អាអូនរើមិនរួច អាចបង្កគ្រោះថ្នាក់ឲ្យថប់ដង្ហើមបានដោយប្រការណាមួយ។
ប្រសិនបើវត្ថុនោះក្រាស់ ឬធ្ងន់ពេក អាចបណ្ដាលឲ្យកូនហប់ ហើយបើចៃដន្យធ្លាក់មកគ្របមុខកូន ជាហេតុបណ្ដាលឲ្យអាអូនកិកកុក រករឿងមិនព្រមគេង។ ហេតុនេះហើយ ដើម្បីឲ្យកូនគេងលក់ស្កប់ស្កល់ ម៉ាក់ៗគួរដាក់ឲ្យទារកគេងក្នុងបរិយាកាសស្ងប់ស្ងាត់ មិនចាំងពន្លឺ មានខ្យល់អាកាសចេញចូលល្អ។ ចៀសវាងស្លៀកពាក់ឲ្យកូនចង្អៀតពេក ឬរុំអាអូនតឹងពេក ពិសេសមិនត្រូវដាក់ឲ្យទារកគេងក្នុងបន្ទប់ត្រជាក់ពេក ឬគេងនៅមុខកង្ហារ។
[embed-health-tool-vaccination-tool]