នៅពេលយើងមានអារម្មណ៍ស្រ្តេសខ្លាំង យើងអាចនឹងទាញសក់ខ្លួនឯងដោយមិនដឹងខ្លួន។ យ៉ាងណាមិញ ទារកក៏អាចមានអារម្មណ៍ដូចគ្នាដែរ។ ការទាញសក់ខ្លួនឯងអាចជាវិធីសាស្ត្រដោះស្រាយបញ្ហាតានតឹងចំពោះទារកភាគច្រើន។ នៅក្នុងករណីខ្លះ ការទាញសក់មិនបង្កជាគ្រោះថ្នាក់ណាមួយឡើយ ប៉ុន្តែប្រសិនបើទម្លាប់នេះនៅតែបន្ត វាអាចបណ្ដាលឲ្យមានបញ្ហាសុខភាពផ្សេងៗ នៅពេលដែលទារកធំធាត់ឡើង។
ហេតុអ្វីបានជាកូនទាញសក់ខ្លួនឯង?
ម៉ាក់ៗប្រហែលជាយល់ដឹងពីវិធីសាស្ត្រជាច្រើនដើម្បីលួងលោមកូន ប្រសិនបើអាអូនហត់នឿយ រញ៉ាំរញ៉ូវ ឬឃ្លាន ដោយការបំបៅកូន ច្រៀងបំពេ ឬរលាក់កូន។ នៅពេលដែលទារកកាន់តែធំទៅ ពួកគេនឹងរៀនពីវិធីសាស្ត្រលួងលោមខ្លួនឯង ដើម្បីបំបាត់ស្រ្តេស ក៏ដូចជាធ្វើឲ្យខ្លួនមានអារម្មណ៍សុវត្ថិភាព។ ការទាញសក់ខ្លួនឯង បានក្លាយទៅជាទម្លាប់នៅពេលដែលអាអូនមានអាយុប្រហែល៦ខែ និងបន្តរហូតដល់ពួកគេអាយុបាន១ខួប។ ទម្លាប់មួយនេះ អាចកើតឡើងចំពោះទារកទាំងពីរភេទ។ មូលហេតុទូទៅមួយចំនួន ដែលធ្វើឲ្យអាអូនទាញសក់ខ្លួនឯង មានដូចតទៅ៖
១. ហត់នឿយ
ប្រសិនបើកូនហត់នឿយ ពួកគេអាចទាញសក់របស់ខ្លួន ដើម្បីបន្ធូរអារម្មណ៍។ នៅក្នុងករណីដែលអាអូនរមូលសក់លេង ដោយមានការជញ្ជក់មេដៃផងនោះ វាអាចជាវិធីសាស្ត្រលួងលោមខ្លួនឯងឲ្យឆាប់គេងលក់។
២. រញ៉ាំរញ៉ូវ
ម៉ាក់ៗក៏អាចឃើញកូនទាញ ឬបង្វិលសក់លេង នៅពេលដែលពួកគេមានអារម្មណ៍រញ៉ាំរញ៉ូវ។ ជាទូទៅ ការបង្វិលសក់លេងគឺជាវិធីសាស្ត្រក្នុងការរម្ងាប់អារម្មណ៍របស់ក្មេង ហើយវាក៏អាចជាភាសាកាយវិការដ៏ល្អមួយ ដើម្បីឲ្យម៉ាក់ៗដឹងពីស្ថានភាព នៅពេលដែលកូនត្រូវការភាពកក់ក្ដៅ និងការលួងលោម។
៣. បៅដោះម៉ាក់ៗ
ទារកមួយចំនួនទាញសក់ខ្លួនឯងថ្នមៗ ខណៈពេលដែលខ្លួនកំពុងបៅដោះ ដើម្បីលួងលោមខ្លួនឯង។ ប្រសិនបើអាអូនកំពុងដុះធ្មេញ ពួកគេអាចទាញសក់ ព្រមជាមួយនឹងការខាំ ដើម្បីកាត់បន្ថយការឈឺចាប់នៅក្នុងអញ្ចាញធ្មេញរបស់ពួកគេ។
៤. ដុះធ្មេញ
ជាមួយគ្នានេះដែរ នៅពេលដែលអាអូនទាញសក់ខាងក្រោយ ឬ នៅជុំវិញត្រចៀករបស់ពួកគេ វាអាចជាសញ្ញាបញ្ជាក់ថាពួកគេកំពុងតែដុះធ្មេញ។ ការទាញសក់ និងត្រចៀកក៏អាចបង្ហាញថាទារកកំពុងតែប្រឈមនឹងការឈឺចាប់មួយចំនួននៅក្នុងអញ្ចាញធ្មេញ ឬថ្គាម ហើយពួកគេកំពុងតែព្យាយាមកាត់បន្ថយការឈឺចាប់នោះ។
៥. លេង
បន្ថែមពីនេះ ប្រសិនបើកូនទាញសក់ខ្លួនឯងម្ដងម្កាល វាក៏អាចមានន័យថាកូនកំពុងតែលេង។ វាអាចមកពីទារកទើបដឹងថាខ្លួនមានសក់ ហើយពួកគេបង្វិលសក់លេងនៅជុំវិញចុងម្រាមដៃ ដើម្បីស្គាល់ពីពណ៌ និងអារម្មណ៍ថ្មី។
ម៉ាក់ៗអាចដោះស្រាយបញ្ហាទារកទាញសក់ដោយវិធីណា?
ពិតណាស់ ប្រសិនបើអាអូនទាញ ឬបង្វិលសក់ខ្លួនឯងលេងម្ដងម្កាល វាគឺជារឿងធម្មតាប៉ុណ្ណោះ។ ប៉ុន្តែ ក្នុងករណីដែលកូនទាញសក់ខ្លួនឯងញឹកញាប់ ម៉ាក់ៗគប្បីរារាំងពួកគេ ពីព្រោះទម្លាប់នេះអាចធ្វើឲ្យកូនជ្រុះសក់ និងអាចក្លាយទៅជាទំពែកផងដែរ។
នៅពេលដែលកូនទាញសក់ ម៉ាក់ៗអាចសាកល្បងវិធីសាស្ត្រទាំងនេះ៖
- ឲ្យកូនកាន់របស់អ្វីផ្សេង ឬលេងជាមួយនឹងតុក្កតាដែលមានរោមវែងៗ
- ព្យាយាមលួងលោមកូនដោយការអោបថ្នមៗ
- ម៉ាស្សាក្បាលនៅត្រង់កន្លែងដែលកូនចង់ទាញសក់។
[embed-health-tool-vaccination-tool]