ការបំបៅដោះកូនរបស់ម៉ាក់ៗមួយចំនួននៅមានកំហុសឆ្គង បែបនេះទើបកូនទទួលបានសារចិញ្ចឹមមិនគ្រប់គ្រាន់។ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល នឹងណែនាំពីវិធីនៃការបំបៅដោះ កូន ដើម្បីឲ្យកូនបៅគ្រប់ ទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ កូនលូតលាស់ល្អ ហើយថ្លោស។
ដំបូងបំផុតលោកជំទាវថា ម៉ាក់ៗត្រូវដាក់មាត់ទារកជាប់ផ្អឹបនឹងដោះ មិនត្រូវឲ្យកូនបៅនៅចុងដោះទេ ធ្វើយ៉ាងឲ្យមាត់កូនចូលដល់រង្វង់ខ្មៅៗ ទើបអាចជញ្ជក់ទឹកដោះ បានច្រើន។ កាលណាទារកជញ្ជក់បានច្រើន ទឹកដោះក៏ផលិតបានច្រើន ផ្ទុយទៅវិញ បើម្តាយអត់សូវឲ្យកូនជញ្ជក់ ឬជញ្ជក់តែចុងៗដោះ ទឹកដោះក៏មិនអាចចេញមកក្រៅបានច្រើនដែរ។ ធ្វើបែបនេះម៉ាក់ៗកុំភ័យថា កូនបៅទៅអត់មានទឹកដោះលើកក្រោយទៀត គឺមិនមែននោះទេ។
ទី២ រាល់ពេលបំបៅកូនម្តងៗ ម៉ាក់ៗត្រូវឲ្យកូនបៅទឹកដោះឲ្យអស់ពីដោះម្ខាង រួចចាំប្តូរទៅដោះម្តាងទៀត។ ការបៅឲ្យអស់ទឹកដោះពីដោះម្ខាងៗនេះ កូននឹងទទួលបានទាំងទឹកដោះដើម និងទឹកដោះចុង ញ៉ាំបានគ្រប់គ្រាន់ ធ្វើឲ្យកូនថ្លោសល្អ ម្តាយក៏មានសុខភាពល្អ មិនខូចទម្រង់ដើមទ្រូង។
“ឧទាហរណ៍ថា លើកហ្នឹងកូនបៅដោះខាងស្តាំ ត្រូវបៅឲ្យដល់បាតទឹកដោះ ព្រោះទឹកដោះចុងក្រោយសម្បូរសារធាតុចិញ្ចឹមខ្ពស់ សម្បូរជាតិខ្លាញ់ ជួយឲ្យទារកលូតលាស់លឿន ថ្លោស។ ម្តាយខ្លះ ដោះ២ តែងមានភាពលម្អៀង មួយរាងស្រួល មួយទៀតអត់សូវស្រួលចេញ ហើយបើខាងណាស្រួលបឺតជញ្ជក់ កូនក៏ចង់ម៉ឹមតែខាងនោះ ឯម៉ាក់ៗក៏ចូលចិត្តបំបៅតែខាងនោះដែរ”។
លោកជំទាវ ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល
វេជ្ជបណ្ឌិតទទួលបន្ទុកផ្នែកអាហារូត្ថម្ភរូបនេះ បានលើកឡើងថា បើសិនជាម្តាយបំបៅកូនបន្តិចប្តូរទៅឆ្វេង បៅបន្តិចដូរទៅស្តាំ មានន័យថា ទារកយកបានតែទឹកដោះដើម ទឹកដោះថ្លាៗតិចតួច បែបនេះទារកមិនអាចទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់នោះទេ ហើយថែមទាំងធ្វើឲ្យទារកមួរម៉ៅ ទៅជាខឹង លែងចង់ម៉ឹមតទៅទៀត។