ទារកទើបកើតចំណាយពេលច្រើនលើការគេង ប្រសិនបើអូនតូចយំ មានន័យថាអូនតូចត្រូវការការយកចិត្តទុកដាក់ពីមនុស្សធំហើយ។ ដោយសារអូនតូចមិនទាន់ចេះនិយាយ ឬប្រើកាយវិការ អូនតូចប្រើការយំដើម្បីទំនាក់ទំនងជាមួយប៉ាម៉ាក់ ឬអ្នកនៅជុំវិញខ្លួន។ ប៉ាម៉ាក់ថ្មីថ្មោងអាចពិបាកក្នុងការដឹងពីតម្រូវការរបស់អូនតូច ខាងក្រោមនេះជាតិចនិចដោះស្រាយពេលអូនតូចយំ។
មានមូលហេតុជាច្រើនដែលបណ្តាលឱ្យអូនតូចយំ
១. អូនតូចឃ្លាន៖ នេះជាមូលហេតុទូទៅបំផុតដែលធ្វើឱ្យអូនតូចយំ។ ដោយសារក្រពះររបស់ទារកទើបកើតនៅតូច អូនតូចមិនអាចបៅម្តងបានច្រើនទេ ដូច្នេះអូនតូចត្រូវការបៅញឹកញាប់។ ម៉ាក់ៗគួរបំបៅអាអូនរៀងរាល់ ១-៣ ម៉ោងម្តង និង ៨-១២ ដង/ថ្ងៃ។
២. អូនតូចឈឺ ឬហើមពោះ៖ ម៉ាក់ប៉ាអាចសម្គាល់ដោយឃើញអូនតូចក្តាប់ដៃ បត់ជង្គង់ ឬអែនខ្នង មុខឡើងក្រហម ទោះលួងយ៉ាងម៉េចក៏មិនបាត់យំ។ វាអាចបណ្តាលមកពីបញ្ហាប្រព័ន្ធរំលាយអាហាររបស់អូនតូច ឬអូនតូចអាលែកហ្ស៊ីជាមួយអ្វីមួយនៅក្នុងទឹកដោះម្តាយ ឬម្សៅទឹកដោះគោ ឬក្បាលដបទឹកដោះគោដែលអូនតូចបៅមិនជួយរាំងទប់ខ្យល់ក្នុងដប ដែលធ្វើឱ្យអូនតូចបឺតខ្យល់ច្រើនចូលពោះ។ ម៉ាក់ប៉ាអាចម៉ាស្សាពោះអាអូនតាមទិសដៅទ្រនិចនាឡិកា ឬរឺតខ្នងអូនតូចថ្នមៗ។ ប៉ាម៉ាក់ត្រូវបញ្ឈរអាអូនទប់នឹងទ្រូង។ ត្រូវដាក់ចង្កាអាអូនលើស្មា និងយកដៃទប់ក្បាលអាអូន យកបាតដៃម្ខាងទៀតរឺតខ្នងអូនតូចថ្នមៗពីចង្កេះឡើងលើ។ ការរឺតខ្នងនេះតម្រូវឱ្យម៉ាក់ប៉ាកោងបាតដៃ ព្រោះការធ្វើបែបនេះនឹងបន្ថយសម្ពាធលើខ្នងអាអូន។
កាលវិភាគចាក់ថ្នាំបង្ការ មើលនៅទីនេះ
៣. អូនតូចត្រូវការដូរខោទឹកនោម៖ អូនតូចក៏យំដែរ ប្រសិនបើខោទឹកនោមសើម ប្រឡាក់លាមក ឬរោលជាមួយខោទឹកនោម។
៤. អូនតូចរងា ឬស្អុះពេក៖ ប៉ាម៉ាក់អាចដឹងថាអាអូនរងា ឬស្អុះពេកដោយយកដៃស្ទាបពោះ ឬកញ្ចឹងកអាអូន។ កុំស្ទាបបាតដៃ ឬប្រអប់ជើងអាអូន ព្រោះជាមធ្មតាបាតដៃ ឬប្រអប់ជើងតែងតែត្រជាក់ជាងរាងកាយ។ ប្រសិនបើពោះអូនតូចក្តៅពេក ប៉ាម៉ាក់ត្រូវយកភួយចេញពីអូនតូច តែបើពោះអូនតូចត្រជាក់ ប៉ាម៉ាក់ត្រូវដណ្តប់ភួយ ឬស្លៀកពាក់ឱ្យអូនតូចមួយជាន់ទៀត។
៥. អូនតូចត្រូវការភាពកក់ក្តៅ៖ អាអូនត្រូវការឱ្យប៉ាម៉ាក់ព ត្រូវការឱ្យមានការប៉ះរាងកាយដើម្បីមានអារម្មណ៍សុវត្ថិភាព។ អំឡុងពេលពអាអូនម៉ាក់ប៉ាក៏អាចច្រៀងលោងលោម ឬនិយាយលេងជាមួយអាអូនដែរ។
ប្រសិនបើប៉ាម៉ាក់សង្កេតឃើញអាអូនមានអាការៈដូចខាងក្រោម ត្រូវរកពេទ្យឱ្យជួយ៖
– យំឮខ្លាំងៗ (ដូចសំឡេងឆ្មាយំ)
– យំខ្សោយៗ
– យំមិនបាត់។
[embed-health-tool-vaccination-tool]