នៅពេលអាកាសធាតុត្រជាក់ ទាមទារឲ្យម៉ាក់ប៉ាថែទាំសុខភាពកូនឲ្យបានដិតដល់ជាងធម្មតា ព្រោះអាកាសធាតុបែបនេះងាយបណ្ដាលឲ្យកូនតូចឈឺ ពិសេសនោះគឺតឹងច្រមុះ ឬក្អក ពិបាកគេងពេលយប់ណាស់។ ប៉ុន្តែ បើពេកត្រជាក់ ម៉ាក់ប៉ាខំឃ្លុំកូនឲ្យជិតឆឹងពេក ក៏ពិបាកដល់អាអូនដែរ។ ហេតុនេះហើយ ខាងក្រោមនេះជាតិចនិកការពារកូនតូចពីភាពរងា ជួយឲ្យអាអូនគេងលក់បានស្រួល ម៉ាក់ប៉ាគួរអនុវត្តដូចជា៖
ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក នៅទីនេះ
១. ស្លៀកពាក់ឲ្យកូនត្រឹមត្រូវ
ក្នុងរដូវរងា ឬពេលអាកាសធាតុចុះត្រជាក់ វិធីល្អបំផុតដើម្បីការពារកូនតូចពីភាពរងា និងមានភាពកក់ក្ដៅពេលគេង គឺត្រូវស្លៀកពាក់ឲ្យកូន១-២ជាន់ ពោលគឺស្លៀកសំលៀកបំពាក់ស្ដើងល្មម មិនក្រាស់ពេក។
២. កំណត់សីតុណ្ហភាពក្នុងបន្ទប់ឲ្យបានត្រឹមត្រូវ
ដើម្បីប្រាកដថា កូនតូចយើងមិនក្ដៅពេក ឬត្រជាក់ពេក ម៉ាក់ប៉ាគួររក្សាសីតុណ្ហភាពក្នុងបន្ទប់ពី ១៨-២០អង្សារសេ។ ប្រើទែរម៉ូមែត្រក្នុងបន្ទប់ ដើម្បីពិនិត្យមើលសីតុណ្ហភាពក្នុងបន្ទប់ឲ្យបានត្រឹមត្រូវ។ ជាពិសេសនោះ គឺកុំដាក់កូនឲ្យគេងនៅមុខម៉ាស៊ីនត្រជាក់ ឬកង្ហារ។
៣. ពាក់ស្រោមដៃស្រោមជើង
យើងអាចពាក់ស្រោមដៃ ស្រោមជើងឲ្យកូន ដើម្បីបន្ថែមភាពកក់ក្ដៅ។ បើយើងគិតថា ពាក់ខោអាវឃ្លុំចុងដៃជើងកូនមិនគ្រប់គ្រាន់នឹងការពារកូនតូចពីភាពរងា យើងអាចរុំភួយទន់ៗមួយជាន់ទៀតឲ្យកូន ប៉ុន្តែគួរចៀសវាងឃ្លុំខ្លួនកូនខ្លាំងពេក។
៤. ពិនិត្យមើលកូន
មិនត្រូវរុំក្បាលកូនពេលគេង ឬពេលនៅក្នុងផ្ទះធម្មតា។ ពេលអាអូនគេងលក់ ម៉ាក់ប៉ាត្រូវសង្កេតមើលថា កូនមានបែកញើស ក្ដៅ ឬដកដង្ហើមញាប់ (ក្នុងករណីកូនមានសញ្ញានេះ យើងអាចតម្លើងសីតុណ្ហភាពក្នុងបន្ទប់ ឬដកភួយ ឬខោអាវរុំកូនចេញខ្លះ)។
[embed-health-tool-vaccination-tool]