អាហារដែលចាំបាច់បំផុតសម្រាប់ទារក គឺទឹកដោះម្ដាយ។ WHO បានណែនាំថា ទារកត្រូវបៅដោះម៉ាក់ៗយ៉ាងតិចឲ្យគ្រប់៦ខែទើបល្អ និងមានបូកបន្ថែមអាហារផ្សេងៗទៀត។ អាអូនអាចបៅដោះម្ដាយតាំងពីកើតមក រហូតដល់អាយុ២ឆ្នាំ ឬលើសនេះ។ តែបើកូនអាយុ២-៣ខែ បៅដោះសុខៗ ស្រាប់តែលែងចង់បៅ ឬបៅបានតិច បណ្ដាលមកពីអី?
ឆ្លើយតបនឹងចម្ងល់នេះ លោកវេជ្ជបណ្ឌិត សូរ ប៉េង ឯកទេសជំងឺកុមារនៃគ្លីនិកកុមារ មុនីឃីត ឲ្យដឹងថា ជាទូទៅ ទារកកើតមក ២-៣ខែ គឺបៅដោះម្ដាយធម្មតា ស្រាប់តែសុខៗកូនលែងបៅ ម៉ាក់ប៉ាត្រូវពិនិត្យមើលទៅលើសុខភាពកូន ក្រែងឡអាអូនមានបញ្ហាអីធ្វើឲ្យលែងចង់បៅដោះម្ដាយដូចជា៖
ទី១.បញ្ហាប្រព័ន្ធផ្លូវដង្ហើមខាងលើ
ទី២.ពាក់ព័ន្ធជំងឺមួយចំនួនដូច ផ្ដាសាយ ឬជំងឺរលាកខួរក្បាល ជាដើម។
ចំណែកមូលហេតុមួយវិញទៀតដែលបណ្ដាលឲ្យទារកមិនសូវបៅដោះម្ដាយ អាចមកពីម្ដាយមិនសូវសម្បូរទឹកដោះឲ្យអាអូនបៅ “បើពីមុនម្ដាយសម្បូរទឹកដោះ តែឥឡូវបរិមាណថយចុះក៏អាចឲ្យកូនលែងសូវបៅដោះដែរ។ កាលណាម្ដាយមិនសូវមានទឹកដោះឲ្យកូនបៅ អ៊ីចឹងពេលកូនបៅត្រូវប្រឹងប៊ឺតយកទឹកដោះ ដូចនេះវាពិបាកសម្រាប់កូន”។
វេជ្ជបណ្ឌិតឯកទេសរោគកុមារនៃគ្លីនិកកុមារ មុនីឃីតរូបនេះបន្តថា ក្នុងករណីដែលកូនមិនសូវបៅដោះដូចមុន ម៉ាក់ប៉ាមិនគួរងាកឲ្យកូនបៅទឹកដោះគោភ្លាមទេ។ យើងត្រូវរកមូលហេតុឲ្យច្បាស់សិនថា ហេតុអីបានកូនបៅស្រាប់តែបៅតិចជាងមុន ឬឈប់បៅ។ បើយើងរកឃើញមូលហេតុច្បាស់លាស់ និងព្យាបាលបញ្ហានោះ កូនអាចបៅដោះបានធម្មតា មិនគួរឲ្យបារម្ភទៀតទេ។
លើសពីនេះ លោកបានលើកទឹកចិត្តឲ្យម៉ាក់ៗគ្រប់រូប បំបៅដោះកូនឲ្យបានគ្រប់៦ខែ ព្រោះវាជាអាហារសំខាន់សម្រាប់ទារក មិនអាចមានអ្វីមកជំនួសបានទេ។ ប៉ុន្តែ ក្នុងករណីដែលម៉ាក់ៗមានទឹកដោះតិច ឬស្ទើរតែគ្មានទឹកដោះ សឹមជំនួសដោយឲ្យកូនបៅទឹកដោះគោ គ្រាន់តែក្មេងបៅទឹកដោះគោ ជួនកាលអាចជួបបញ្ហាហើមពោះ ឬបញ្ហាសុខភាពផ្សេងៗញឹកញយជាងទារកបៅទឹកម្ដាយ។
[embed-health-tool-vaccination-tool]