ទឹកដោះម្តាយល្អឥតខ្ចោះសម្រាប់ទារក វាជាប្រភពដ៏សំខាន់នៃសារធាតុចិញ្ចឹម វីតាមីន ជួយដល់លូតលាស់របស់ក្មេង និងការពារកូនតូចពីជំងឺផ្សេងៗ។ ម៉ឹមដោះម្តាយដូចគ្នា តែទារកខ្លះមានសាច់ទ្រលុកទ្រលន់ ឯខ្លះទៀតមិនសូវឡើងគីឡូនោះទេ ម៉ាក់ៗមានឆ្ងល់អត់ តើនេះអាចមកពីមូលហេតុអី?
ការដែលទារកម៉ឹមដោះម្តាយទៀងទាត់ដែរ តែបែរជាមិនសូវថ្លោស មានសាច់ឈាមនោះ អាចពាក់ព័ន្ធនឹងតិចនិកនៃការបំបៅដោះកូន ដោយម៉ាក់ៗបំបៅកូនតែទឹកដោះដើម មិនបានបំបៅដល់ទឹកដោះចុង ធ្វើឲ្យកូនទទួលបានសារធាតុចិញ្ចឹមមិនគ្រប់គ្រាន់។ នេះបើតាមការលើកឡើងរបស់លោកជំទាវ ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល។
“ម្តាយខ្លះលើកឡើងថា ខ្ញុំបំបៅដោះកូនដែរ ម៉េចក៏កូនអត់ថ្លោស កូនគេបៅដោះដូចគ្នា ម៉េចក៏កូនគេថ្លោស? អាហ្នឹងពាក់ព័ន្ធនឹងការបំបៅដែរ អ៊ីចឹងបានពេលយើងឲ្យកូនបៅម្តងៗ ធ្វើម៉េចឲ្យកូនទទួលបានទាំងទឹកដោះដើម និងទឹកដោះចុង”។ លោកជំទាវវេជ្ជបណ្ឌិតរៀបរាប់។
អ្វីទៅជាទឹកដោះដើម? ទឹកដោះដើម ជាទឹកដោះដែលចេញពេលកូនចាប់ផ្តើមម៉ឹមដំបូងគេ មានសភាពថ្លាៗ ហើយសម្បូរជាតិទឹកខ្លាំង និងជាតិស្ករតិចតួច។
អ្វីទៅជាទឹកដោះចុង? ទឹកដោះចុង ជាទឹកដោះដែលមាននៅបាតដោះ មានសភាពខាប់ជាងទឹកដោះដើម និងសម្បូរគ្រប់សារធាតុចិញ្ចឹមទាំងអស់។
លោកជំទាវវេជ្ជបណ្ឌិតបានពន្យល់ថា បើសិនជាម្តាយឲ្យកូនបៅតែទឹកដោះដើមតិចៗ មិនបានឲ្យកូនបៅអស់ដល់ទឹកដោះចុង នោះកូនមិនបានទទួលសារធាតុចិញ្ចឹមគ្រប់គ្រាន់ទេ ឯលូតលាស់ក៏មិនសូវបានល្អនោះដែរ។
ចំពោះវិធីបំបៅដោះកូនត្រឹមត្រូវ កូនទទួលបានសារធាតុចិញ្ចឹមគ្រប់មុខនោះ ដំបូងបំផុតម៉ាក់ៗត្រូវដាក់មាត់ទារកជាប់ផ្អឹបនឹងដោះ មិនត្រូវឲ្យកូនបៅនៅចុងដោះទេ ធ្វើយ៉ាងឲ្យមាត់កូនចូលដល់រង្វង់ខ្មៅៗ ទើបអាចជញ្ជក់ទឹកដោះបានច្រើន។ កាលណាទារកជញ្ជក់បានច្រើន ទឹកដោះក៏ផលិតបានច្រើន ផ្ទុយទៅវិញ បើម្តាយអត់សូវឲ្យកូនជញ្ជក់ ឬជញ្ជក់តែចុងៗដោះ ទឹកដោះក៏មិនអាចចេញមកក្រៅបានច្រើនដែរ។ ធ្វើបែបនេះម៉ាក់ៗកុំភ័យថា កូនបៅទៅអត់មានទឹកដោះលើកក្រោយទៀត គឺមិនមែននោះទេ។
រាល់ពេលបំបៅកូនម្តងៗ ម៉ាក់ៗត្រូវឲ្យកូនបៅទឹកដោះឲ្យអស់ពីដោះម្ខាង រួចចាំប្តូរទៅដោះម្តាងទៀត។ ការបៅឲ្យអស់ទឹកដោះពីដោះម្ខាងៗនេះ កូននឹងទទួលបានទាំងទឹកដោះដើម និងទឹកដោះចុង ញ៉ាំបានគ្រប់គ្រាន់ ធ្វើឲ្យកូនថ្លោសល្អ ម្តាយក៏មានសុខភាពល្អ មិនខូចទម្រង់ដើមទ្រូង។
[embed-health-tool-vaccination-tool]