backup og meta

មុនឆុងទឹកដោះគោឲ្យកូន ម៉ាក់ប៉ាត្រូវប្រយ័ត្នរឿងសំខាន់ប៉ុន្មាននេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 04, 2021

    មុនឆុងទឹកដោះគោឲ្យកូន ម៉ាក់ប៉ាត្រូវប្រយ័ត្នរឿងសំខាន់ប៉ុន្មាននេះ

    យោងតាមក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក អាហារចាំបាច់សម្រាប់ទារក និងក្មេងតូចៗ គ្មានអ្វីល្អជាងទឹកដោះម្តាយទេ ហោចណាស់ម៉ាក់ៗត្រូវបំបៅដោះកូនឲ្យបានយ៉ាងតិច ៦ខែ ឬលើសនេះ។ ទោះយ៉ាងណាក៏ដោយ ឲ្យតែទារកលើស ៦ខែ ម៉ាក់ៗមួយ​ចំនួន​អាច​នឹង​ផ្ដាច់ដោះ ឲ្យអាអូនបៅទឹកដោះគោជំនួសហើយ ព្រោះត្រូវទៅបំពេញការងារវិញ។

    រឿងសំខាន់ត្រូវប្រយ័ត្នមុនឆុងទឹកដោះគោ

    នៅពេលជ្រើសរើសម្សៅទឹកដោះគោ ត្រូវពិនិត្យមើលកាលបរិច្ឆេទផុតកំណត់ប្រ​ប្រាស់​ជានិច្ច។ ប្រសិនបើផុតកំណត់ ឬកំប៉ុងទឹកដោះគោកំប៉ិត គួរកុំទិញយកមកប្រើ។ លើសពីនេះ នៅពេលម៉ាក់ប៉ាត្រៀមឆុងទឹកដោះគោឲ្យកូន ត្រូវអនុវត្តតាមតិចនិកប៉ុន្មានខាងក្រោមនេះរួមមាន៖

    ១. លាងដៃ៖ មុនចាប់កាន់ដបទឹកដោះគោ យើងត្រូវលាងដៃជាមួយសាប៊ូនឹងទឹកស្អាត សម្លាប់មេរោគលើបាតដៃជាមុនសិន។

    ២. សម្អាតកំប៉ុងទឹកដោះគោ៖ យើងត្រូវលាងសម្អាតគម្របកំប៉ុងទឹកដោះគោជាមួយសាប៊ូ និងទឹកក្ដៅ ជូតឲ្យស្អាត ទុកឲ្យស្ងួត សឹមបើកប្រើ។

    ៣. លាយឲ្យត្រូវតាមការណែនាំ៖ ពិនិត្យមើលការណែនាំមានលើសំបកកំប៉ុងទឹកដោះគោ ដើម្បីដឹងថាពីបរិមាណទឹក និងចំនួនស្លាបព្រានៃម្សៅទឹកដោះគោត្រូវលាយឲ្យកូនបៅ។

    ៤. ត្រាំដបទឹកដោះគោក្នុងទឹកត្រជាក់ (បើចាំបាច់)៖ ជាទូទៅ យើងត្រូវលាយម្សៅទឹកដោះគោកូន ជាមួយទឹកក្ដៅដាំពុះ​ ទុក​ឲ្យ​ត្រជាក់​ល្មម​ ទើបមិនប៉ះពាល់សុខភាពកូន។ ប៉ុន្តែ បើវាក្ដៅពេក យើងអាចត្រាំដបទឹកដោះគោក្នុងទឹកត្រជាក់ ឬទឹកក ក្រោយឆុងរួច សឹមយកឲ្យកូនបៅ។

    ឆុងទឹកដោះគោ

    ៥. ពិនិត្យសីតុណ្ហភាព៖ មុននឹងឲ្យកូនបៅ យើងគួរចាក់ទឹកដោះគោលើដៃ ដើម្បីពិនិត្យមើលថាតើទឹកដោះគោក្ដៅ ឬត្រជាក់ល្មមឲ្យកូនបៅបានឬនៅ។

    ៦. ឲ្យកូនបៅភ្លាម៖ ក្រោយលាយម្សៅទឹកដោះគោរួច គួរឲ្យកូនបៅភ្លាមៗក្នុងរយៈ ១-២ម៉ោង ដើម្បីកុំឲ្យទឹកដោះគោខូច។

    ៧. បោះចោលទឹកដោះគោសល់៖ រាល់ម្សៅទឹកដោះគោដែលលាយឲ្យកូនបៅរួច សុទ្ធតែអាចផ្ទុកមេរោគទោះយើងរក្សាវាក្នុងទូទឹកកកក៏ដោយ ដូចនេះគួរបោះចោល មិនគួរឲ្យកូនបៅបន្តទៀតទេ។

    អ្វីចាំបាច់បំផុតដែលម៉ាក់ប៉ាត្រូវតែអនុវត្តជាប្រចាំរាល់ពេលឆុងទឹកដោះគោឲ្យកូននោះ គឺត្រូវតែមានអនាម័យខ្ពស់ជានិច្ច ដើម្បីការពារកូនពីបញ្ហាឈឺពោះ ហើមពោះ ឬឈឺនេះឈឺនោះពេលបៅទឹកដោះគោ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 04, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម