brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

អាអូនអាយុប៉ុន្មាន ទើបអាចណែនាំទឹកដោះពពែឲ្យបៅបាន?

មកដល់ពេលនេះហើយ ម៉ាក់ប៉ាច្បាស់ជាដឹងហើយថា ម្សៅទឹកដោះពពែមានអត្ថប្រយោជន៍ច្រើនប៉ុនណាចំពោះសុខភាពកូន។ ទឹកដោះពពែ ជាជម្រើសដ៏ល្អដូចម្សៅទឹកដោះគោដែរ សម្រាប់ផ្ដល់ឲ្យកូនញ៉ាំបន្ទាប់ពីទឹកដោះម្ដាយ តែម៉ាក់ប៉ាដឹងទេថា កូនអាយុប៉ុន្មានទើបយើងអាចឲ្យកូនញ៉ាំទឹកដោះពពែ? កើតភ្លាមបៅភ្លាម ឬចាំ៦ខែ-១ខួប ចាំផ្ដល់ឲ្យបៅ?

អាអូនអាយុប៉ុន្មាន ទើបអាចណែនាំទឹកដោះពពែឲ្យបៅបាន?

អត្ថន័យពណ៌ និងរូបរាងលាមកទារកនៅទីនេះ

ម្សៅទឹកដោះពពែ ជាទូទៅមានសុវត្ថិភាពអាចឲ្យទារកទើបកើត-អាយុ១២ខែបៅបាន តែ​យ៉ាងណា ជា​ការណែ​នាំ​របស់​ក្រ​សួង​សុខាភិបាល ក៏​ដូច​ជា​អង្គការ​សុខ​ភា ព​ពិភព​លោក ម៉ាក់ៗ​គួរ​បំបៅ​ដោះ​កូន​យ៉ាង​ហោច​ណាស់​បាន​៦​ខែ​។ ផ្ទុយទៅវិញ ទឹកដោះពពែស្រស់ ឬប្រភេទទឹកដោះគោស្រស់ដែលមិនមែនជាម្សៅទឹកដោះគោ ឬពពែសម្រាប់ទារកទេ គួរតែចៀសវាងឲ្យទារកក្រោម១ឆ្នាំញ៉ាំ។ នេះបើតាមការឲ្យដឹងពី American Academy of Pediatrics (AAP)។

បើប្រៀបនឹងទឹកដោះគោ ទឹកដោះពពែសម្បូរសារធាតុចិញ្ចឹម វីតាមីន និងរ៉ែ ច្រើនជាងទឹកដោះគោ ហើយវាក៏មិនសូវបង្កជាបញ្ហាអាលែកហ្ស៊ីពេលបៅដូចទឹកដោះគោដែរ។ ទឹកដោះពពែមានភាពងាយស្រួលរំលាយជាងទឹកដោះគោ ដោយសារជាតិឡាក់តូស (Lactose) តិចជាងទឹកដោះគោ។

ម៉្យាងវិញទៀត ទឹកដោះពពែផ្ទុកនូវសារធាតុ Prebiotics ប្រហាក់​ប្រហែល​នឹងទឹកដោះម្ដាយ ដែលអាចជួយជំរុញដល់ការរំលាយអាហាររបស់កូន ហើយទឹកដោះពពែមានប្រូតេអ៊ីនតូចៗ ទន់ងាយ​រំលាយបានរហ័សជាងទឹកដោះគោ។ លើសពីនេះ សារធាតុសំខាន់ៗមានក្នុងទឹកដោះពពែជួយអាអូនឲ្យមានប្រព័ន្ធស៊ាំរឹងមាំ ដោយសារសារធាតុចិញ្ចឹមទាំងនេះ ជួយពង្រឹងប្រព័ន្ធភាពស៊ាំកូនៗ ការពារសុខភាពកូន ចៀសវាងជំងឺផ្សេងៗ។

យ៉ាងណាមិញ ម៉ាក់ៗគួរតែបំបៅដោះកូនយ៉ាងហោចណាស់ឲ្យបាន៦ខែ ឬលើសនេះតាមដែលអាចធ្វើទៅបានដូចការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវពិគ្រោះជាមួយគ្រូពេទ្យជំនាញច្បាស់លាស់ពីផលិតផលម្សៅទឹកដោះសត្វ មិនថាទឹកដោះពពែ ឬទឹកដោះគោ មុននឹងសម្រេចជ្រើសរើសឲ្យអាអូនបៅ បន្ទាប់ពីផ្ដាច់ដោះម៉ាក់ៗ។

ម្សៅទឹកដោះពពែ

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ 25/10/2021