backup og meta

កូន​អាលែកហ្ស៊ី​នឹង​ទឹក​ដោះ​គោ ​ម៉ាក់​ៗ​មាន​ជម្រើស​អ្វី​ឲ្យ​កូន​បៅ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Dec 09, 2021

    កូន​អាលែកហ្ស៊ី​នឹង​ទឹក​ដោះ​គោ ​ម៉ាក់​ៗ​មាន​ជម្រើស​អ្វី​ឲ្យ​កូន​បៅ?

    ពេល​កូន​អាលែកហ្ស៊ី​នឹង​ទឹក​ដោះ​គោ​មាន​ន័យ​ថា​ ប្រ​ព័ន្ធ​ភាព​ស៊ាំ​របស់​ដែល​ជា​ធម្មតា​ជួយ​ប្រឆាំង​នឹង​ការ​ឆ្លង​រោគ​ផ្សេងៗ​នោះ មាន​ប្រតិកម្ម​ខ្លាំង​ជ្រុល​ទៅ​នឹង​ប្រូតេអ៊ីន​ក្នុង​ទឹក​ដោះ​គោ​។ ពេល​កូន​បៅ​ទឹក​ដោះ​គោ រាង​កាយ​កូន​នឹង​​គិត​ថា​ប្រូតេអ៊ីន​ទាំង​នោះ​ជា​សារធាតុ​បង្ក​គ្រោះ​ថ្នាក់ ហើយ​រាង​កាត​ខំ​ទប់​ទល់​ជា​មួយ​ប្រូតេអ៊ីន​ទាំង​នោះ​។ ការ​ប្រឆាំង​នេះ បង្ក​ជា​ប្រតិកម្ម​អាលែកហ្ស៊ី ដោយ​សារ​រាង​កាយ​បាន​បញ្ចេញ​សារធាតុ​គីមី​ឈ្មោះ​ថា​ហ៊ីស្តាមីន​​(Histamine)។

    ក្មេងៗ​បៅ​ម្សៅ​ទឹក​ដោះ​គោ​អាច​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ ហើយ​ប្រតិកម្ម​នេះ​អាច​នឹង​លេច​ចេញ​ជា​រោគ​សញ្ញា​នៅ​ពេល​កូន​បៅ​ម្សៅទឹក​ដោះ​គោ​នៅ​ប៉ុន្មាន​ថ្ងៃ​ដំបូង ឬ​ប៉ុន្មាន​សប្ដាហ៍​បន្ទាប់​។ ក្មេង​ៗ​ដែល​បៅ​ដោះ​ម្ដាយ​មាន​កត្តា​ប្រឈម​នឹង​ប្រតិកម្ម​ជាមួយ​ទឹក​ដោះ​គោ​ទាប​ ជាង​ក្មេង​ដែល​បៅ​ម្សៅ​ទឹក​ដោះ​គោ​។ ចំណែក​ការ​សិក្សា​ខ្លះ​ទៀត​បង្ហាញ​ថា ទឹក​ដោះ​ពពែ ក៏​កម្រ​នឹង​ធ្វើ​ក្មេង​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ដែរ បើ​ធៀប​នឹង​ទឹក​ដោះ​គោ​។​

    ១. រោគ​សញ្ញា​ប្រតិកម្ម​ម្សៅ​ទឹក​ដោះ​គោ​

    កូន​បើ​កូន​មាន​ប្រតិកម្ម​អាលែក​ហ្ស៊ី​នឹង​ម្សៅ​ទឹក​ដោះ​គោ រោគ​សញ្ញា​អាច​នឹង​លេច​ចេញ​ដូច​ជា៖

  • ​​ដក​ដង្ហើមឮសំឡេងឆ្មា
  • ក្អក
  • មិន​ស្រួល​ក្នុង​ពោះ
  • ក្អួត
  • រាក​
  • រមាស់​ស្បែក ភ្នែក ឬ​ហៀរ​ទឹក​ភ្នែក​
  • ឡើង​កន្ទាលត្រអាក
  • ហើម
  • អាច​មាន​សម្ពាធ​ឈាម​ចុះ​ទាប​
  • ស្ថាន​ភាព​ធ្ងន់​ ឬ​ស្រាល​នៃ​ប្រតិកម្ម​អាលែកហ្ស៊ី​អាច​មាន​សភាព​ផ្សេងៗ​គ្នា​ពី​ក្មេង​ម្នាក់​ទៅ​ម្នាក់​ទៀត​។ មួយ​វិញ​ទៀត ពេល​ខ្លះ​កូន​យើង​បៅ​ម្សៅ​ទឹក​ដោះ​គោ​ដំបូងៗ​មិន​សូវ​មាន​ប្រតិកម្ម​ទេ តែ​ក្រោយៗ​មក​ទៀត​ក៏​មាន​ប្រតិកម្ម​កាន់​តែ​ខ្លាំង​ ក៏​មាន​ដែរ​។ ការណ៍​នេះ​មាន​ន័យ​ថា​ថ្វី​បើ​ដំណាក់​កាល​ដំបូង​ៗ​មាន​ប្រតិកម្ម​កម្រិត​ស្រាល តែ​នៅ​ពេល​បន្ទាប់​អាច​នឹង​ប្រតិកម្ម​ធ្ងន់ធ្ងរ​ក៏​មាន​។

    អាលែកហ្ស៊ីទឹកដោះគោ

    ចំណាំ៖

    ​ក្មេង​ខ្លះ​អាច​មាន​បញ្ហា​មិនស៊ាំនឹង​ទឹក​ដោះ​គោ ដែល​អាច​ញ៉ាំ​ហើយ​ប្រែ​ជា​រាក ឈាម​ក្នុង​លាមក មិន​ព្រម​ញ៉ាំ ឬ​ធ្វើ​ឲ្យ​មាន​បញ្ហា​ក្នុង​ពោះ ឬ​ចុក​ពោះ ដែល​រោគ​សញ្ញា​នេះ​អាច​កើត​មាន​ច្រើន​ម៉ោង​ក្រោយ​ញ៉ាំ ឬ​ក្រោយ​ញ៉ាំ​បាន​ច្រើន​ដង​។

    ក្មេង​ខ្លះ​អាច​មាន​បញ្ហា​មិន​ស៊ាំ​ជាមួយ​ជាតិ​ឡាក់តូស​ក្នុង​ទឹកដោះ​គោ។ បញ្ហា​នេះ​ធ្វើ​ឲ្យ​រាង​កាយ​កូន​ជួប​បញ្ហា​ពិបាក​រំលាយ​ទឹក​ដោះ​គោ។

    ​បើ​សិន​ជា​ប៉ា​ម៉ាក់​មិន​ច្បាស់​ថា​ កូន​មាន​ប្រតិកម្ម​អាលែកហ្ស៊ី ជាមួយ​ទឹក​ដោះ​គោ ឬ​មាន​បញ្ហា​នឹង​ជាតិ​ឡាក់​តូស​ក្នុង​ម្សៅ​ទឹក​ដោះ​គោ គួរ​ជួប​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​។

    ២. បើ​កូន​មិន​អាច​បៅ​ម្សៅ​ទឹក​ដោះ​គោ​បាន គួរ​ធ្វើ​ម៉េច?

    បើ​ម៉ាក់​ៗ​បំបៅ​កូន​ដោយ​ទឹក​ដោះ ហើយ​ឃើញ​ថា​កូន​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ ពេល​ម៉ាក់ៗ​ញ៉ាំ​ទឹក​ដោះ​គោ ឬ​អាហារ​ធ្វើ​ពី​ទឹក​ដោះ​គោ ម៉ាក់​ៗ​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​

    ដូច​គ្នា​ដែរ បើ​ម៉ាក់​ៗ​បំបៅ​កូន​ដោយ​ម្សៅ​ទឹក​ដោះ​គោ ហើយ​ឃើញ​កូន​មាន​ប្រតិកម្ម​អាលែក​ហ្ស៊ី​ ម៉ាក់ៗ​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ហើយ​គ្រូពេទ្យ​អាច​នឹង​ណែ​នាំ​ម៉ាក់​ៗ​ឲ្យ​ប្ដូរ​ប្រភេទ​ម្សៅ​ទឹក​ដោះ​សត្វ​ដែល​កំពុង​ប្រើ​ទៅ​ប្រភេទ​ផ្សេង​។

    ការ​សិក្សា​មួយ​ចំនួន​បាន​លើក​ឡើង​ថា ទឹក​ដោះ​ពពែ​ក្រៅ​ពី​សម្បូរ​សារធាតុ​ចិញ្ចឹម​ច្រើន ​នៅ​មាន​អត្ថប្រយោជន៍​ផ្សេង​ទៀត​ដូចជា៖

  • មាន​ប្រូតេអ៊ីន​ងាយ​រំលាយ
  • មិន​សូវ​បង្ក​បញ្ហា​ប្រតិកម្ម​អាលែកហ្ស៊ី​ដូច​ទឹក​ដោះ​គោ​
  • ​មាន​ប្រ​យោជន៍​ដល់​សុខ​ភាព​បេះ​ដូង​។
  • ដូច​នេះ ម៉ាក់​ៗ ក៏​អាច​ពិភាក្សា​ជាមួយ​គ្រូពេទ្យ បើ​កូន​អាលែកហ្ស៊ី​នឹង​ម្សៅ​ទឹក​ដោះ​គោ អាច​ងាក​មក​ប្រើ​ម្សៅ​ទឹក​ដោះ​ពពែ​ វិញ​ឬ​យ៉ាងណា​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Dec 09, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម