ម៉ាក់ៗមួយចំនួនប្រហែលជាជួបការលំបាក នៅពេលចង់ប្តូរការបំបៅកូនពីដោះម្តាយ មកម៉ឹមម្សៅទឹកដោះគោវិញ ដោយសារតែកូនយំរករឿង មិនព្រមម៉ឹមក្បាលដបទឹកដោះ។ នេះអាចមកពីកូនស៊ាំនឹងក្បាលដោះម្តាយ ម្យ៉ាងទៀតក្បាលដោះម៉ាក់ៗទន់ ស្រួលម៉ឹមជាងក្បាលដោះជ័រ។
លោកស្រីវេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេសកុមារ ធ្លាប់បម្រើការងារនៅមន្ទីរពេទ្យកុមារអង្គរ ហើយបច្ចុប្បន្នបម្រើការងារនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រសិង្ហបុរី បានចេញរំលែកនូវគន្លឹះមួយចំនួនខាងក្រោមនេះ។
១. រកអ្នកផ្សេងមកដើរតួជំនួសម្តាយ
រាល់ពេលពេលកូនម៉ឹមដោះ ម៉ាក់ៗជាអ្នកបំបៅកូន ដូច្នេះកូនស្គាល់ម្តាយ និងក្បាលដោះម្តាយច្បាស់ណាស់។ តែនៅពេលដូរមកម៉ឹមទឹកដោះគោវិញ បើកូនមិនព្រមបៅដបទឹកដោះគោ ចង់ម៉ឹមដោះម៉ាក់វិញនោះ ម៉ាក់ៗត្រូវរកតួផ្សេងមកជំនួសខ្លួន។ មានន័យថា ដូរតួអ្នកបំបៅដោះកូនម្តង ដោយឲ្យយាយ ម្តាយមីង ឬអ្នកណាផ្សេងទៀតមកបំបៅកូនដោយដបទឹកដោះគោម្តងៗ។
២. រង់ចាំឲ្យកូនឃ្លានខ្លាំងបន្តិច
តាមទម្លាប់ ម៉ាក់ៗតែងតែឲ្យកូនម៉ឹមរៀងរាល់ ២ ឬ៣ម៉ោង/ម្តង តែនៅពេលយើងប្តូរមកឲ្យកូនម៉ឹមម្សៅទឹកដោះគោវិញ កូនបែរជាមិនចង់បៅក្បាលដោះជ័រ អ៊ីចឹងចាំបាច់ត្រូវតែពន្យារពេលនៃការម៉ឹមឲ្យយូរជាងមុនបន្តិច គឺចាំកូនឃ្លានខ្លាំងចាំឲ្យម៉ឹម។ វិធីនេះល្អបំផុត កាលណាទារកឃ្លានខ្លាំង គេមិនគិតថា ក្បាលដោះពិត ឬសិប្បនិម្មិតនោះទេ ម៉ឹមទាំងអស់។
៣. ឲ្យម៉ឹមដោះ ម៉ាក់ តែដល់ពេលកូនគេងជិតលក់ឲ្យម៉ឹមក្បាលដោះជ័រ
វិធីនេះប្រើសម្រាប់ក្មេងងឿកខ្លាំង ធ្វើម៉េចក៏មិនព្រមម៉ឹមដបទឹកដោះគោដែរ គឺនៅតែទារបៅដោះម៉ាក់។ ជំហានដំបូងម៉ាក់ៗត្រូវបន្តបំបៅដោះកូនធម្មតា តែដល់ពេលគេគេងជិតលក់ ឬគេងលក់ហើយ ចាំប្តូរពីដោះម៉ាក់ ទៅដបទឹកដោះគោវិញម្តង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕