backup og meta

កូនតូចបង្កើតទំនាក់ទំនងជាមួយប៉ាម៉ាក់ តាមវិធីទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jul 15, 2021

    កូនតូចបង្កើតទំនាក់ទំនងជាមួយប៉ាម៉ាក់ តាមវិធីទាំងនេះ

    ប៉ា​ម៉ាក់​ទើប​មាន​កូន​ដំបូង​ប្រហែល​ជា​អាច​មាន​ចម្ងល់​ដែរ​ថា​តើ​កូន​យំ​មាន​ន័យ​អ្វី​ខ្លះ គួរ​ឲ្យ​បារម្ភ​ឬ​យ៉ាងណា? កូន​តូចមិន​ទាន់​ចេះ​និយាយ​មែន តែ​កូន​ក៏​មាន​វិធី​បង្កើត​ទំនាក់​ទំនង​ជាមួយ​ប៉ាម៉ាក់​បាន​ដែរ​។ តើ​មាន​អ្វី​ខ្លះ​? ប៉ាម៉ាក់​គួរ​ជួយ​កូន​បែប​ណា​?​

    ១. យំ​

    យំ គឺ​ជា​មធ្យោបាយ​​​ទំនាក់​ទំនង​ដំបូង​បំផុត​របស់​ក្មេង។ គិត​ចាប់​ពី​ពេល​កើត​មក​ភ្លាម កូន​មាន​វិធី​ដ៏​មាន​ប្រសិទ្ធ​ភាព​មួយ​ដើម្បី​ប្រាប់​ពី​អារម្មណ៍ និង​ការ​គិត​របស់​ពួក​គេ​តាម​រយៈ​ការ​យំ​នេះ​ឯង​។

    កូន​យំ​អាច​ព្រោះ​គេ​ចង់​ប្រាប់​ថា​ត្រូវ​ការ​អ្វី​មួយ ដូច​ជា​ការ​លួង​លោម ឃ្លាន អស់កម្លាំង រងា ​ឬ​ក្ដៅ​ពេក ជា​ដើម។ យ៉ាងណា ក៏​មាន​ដែរ ក្មេង​ខ្លះ​ទៀត​យំ​ដោយ​មិន​មាន​មូល​ហេតុ​ច្បាស់​លាស់​។

    ២. របៀប​កូន​ចាប់​ផ្ដើម​និយាយ​

    កូន​តូច​របស់​ប៉ាម៉ាក់​​ ពិត​ជា​បាន​ទទួល​នូវ​ព័ត៌មាន​អំពី​ពាក្យត្រូវ​និយាយ​ជា​ច្រើន​គិត​តាំងពី​ពេល​កើត​មក​។ កូន​អាច​គ្រាន់​តែ​ស្ដាប់​ប៉ាម៉ាក់ និង​មើល​​ពេល​ប៉ាម៉ាក់​និយាយ ក៏​គេ​អាច​យល់​ពី​មូល​ដ្ឋាន​នៃ​វិធី​​ទាក់ទង​គ្នា​ដែរ​។​

    ឧទាហរណ៍ ក្មេង​​មិន​ទាន់​ចេះ​និយាយ​អាច​ប្រើ​ភ្នែក​ដើម្បី​ទាក់ទង​ជាមួយ​ប៉ាម៉ាក់ ដោយ​អាអូន​អាច​សម្លឹង​ទៅ​កាន់​ភ្នែក ឬ​មាត់​របស់​ប៉ាម៉ាក់។ ដូច​គ្នា​ដែរ កូន​ក៏​ចាប់​ផ្ដើម​រៀន​ស្ដាប់​នូវ​ពាក្យពេចន៍​យើង​និយាយ និង​សំឡេង​យើង​បញ្ចេញ​ផង​ដែរ​។

    នៅ​វ័យ​ប្រហែលជា​៧ទៅ​៨​សប្ដាហ៍ កូន​អាច​ចាប់​ផ្ដើម​បញ្ចេញ​សំឡេង មួយ​ចំនួន​ដែល​ប៉ាម៉ាក់​អាច​សង្កេត​ដឹង​បាន​។ នៅ​ពេល​កូន​កាន់តែ​ចម្រើន​វ័យ​ជាង​នេះ គេ​ក៏​ចាប់​ផ្ដើម​បង្កើត​សំឡេង​កាន់​តែ​ច្រើន​បែប​ដែរ និង​បន្ទាប់​មក​ក៏​ចាប់​ផ្ដើម​ចេះ​ញញឹម និង​វាស​ដៃ​ ជើង​ចុះឡើង​ជាដើម។

    កូននិយាយ

    ៣. ជំរុញ​កូន​ឲ្យ​និយាយ​

    ពេល​កូន​យើង​វ័យ​កាន់​តែ​ច្រើន​ខែ ពេល​មិន​គេង គេ​អាច​ត្រូវ​ការ​លេង​ច្រើន បង្កើត​ទំនាក់​ទំនង​ច្រើន​ជាមួយ​អ្នក​នៅ​ជុំ​វិញ​។ នៅ​ពេល​ឃើញ​កូន​ហាក់​ចង់​និយាយ​ស្ដី​ជាមួយ​ ប៉ា​ម៉ាក់​គួរ៖

  • បង្ហាញ​ក្ដី​ត្រេក​អរ​ ផ្ដល់​ភាព​កក់​ក្ដៅ និង​នាំ​កូន​និយាយ
  • បង្ហាញ​ទម្រង់​ទឹក​មុខ​ផ្សេង​លេង​ជាមួយ​កូន
  • និយាយ​ពី​អ្វី​មួយ​ដែល​កូន​បាន​ចង្អុល​ទៅ​កាន់​
  • ​​បក់​ដៃ​ដាក់​កូន​ចុះឡើង បើ​កូន​បញ្ចេញ​សញ្ញា​បក់​ដៃ​ដាក់​យើង​​
  • ប៉ា​ម៉ាក់​មួយ​ចំនួន​បាន​និយាយ​ជាមួយ​កូន ទាំង​ដែល​កូន​មិន​ឆ្លើយ​តប​ជាមួយ តែ​ថា​ការ​ធ្វើ​ដូច​នេះ​មិន​មាន​អ្វី​ខុស​នោះ​ទេ ការ​និយាយ​ជាមួយ​កូន​កាន់​តែ​ច្រើន នឹង​ជួយ​កូន​ឲ្យ​រៀន​ពី​វិធី​ទាក់​ទង​ជាមួយ​មនុស្ស​ជុំវិញ​កាន់តែ​ច្រើន​ដែរ​។

    ​រឿង​ដែល​សំខាន់ ប៉ា​ម៉ាក់​ត្រូវ​បង្ហាញ​ក្ដី​ស្រឡាញ់​ដល់​កូន លេង​ជាមួយ​កូន បង្ហាញ​ការ​ពេញ​ចិត្ត​ក្នុង​ការ​និយាយ​ជា​មួយ​កូន នាំ​ឲ្យ​កូន​និយាយ​ ដែល​អ្វី​ទាំង​នេះ​ជា​ការ​បង្រៀន​កូន​លើ​ជំនាញ​និយាយ​ដែរ​។

    ៤. បារម្ភ​រឿង​កូន​មិន​ចេះ​និយាយ?

    ក្មេង​ម្នាក់​ៗ​មាន​កម្រិត​នៃ​ការ​លូត​លាស់​ខុស​ៗ​គ្នា។ ក្មេង​ខ្លះ​អាច​ប្រើ​ភ្នែក និង​សំឡេង​ បង្កើត​ទំនាក់​ទំនង​បាន​លឿន ខណៈ​ក្មេង​ខ្លះ​ទៀត​ត្រូវ​ការ​ពេល​រហូត​ដល់អាយុ​បី​ខែ​ក៏​មាន​។ ដូច​នេះ មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ពេក​ទេ​បើ​កូន​យើង​មិន​ចេះ​ធ្វើ​កាយវិការ​ណា​មួយ​ដូច​ក្មេង​អាយុ​ស្របាល​គ្នា​នោះ​។

    ​អ្វី​ដែល​សំខាន់​ និង​ត្រូវ​ចាំ​នោះ គឺ​ថា​ក្មេង​អាច​មាន​ភាព​ខុស​គ្នា​ក្នុង​ការ​បង្ហាញ​អារម្មណ៍​របស់​ខ្លួន​។ ក្មេង​ខ្លះ​ចូល​ចិត្ត​និយាយ​ច្រើន តែ​ក្មេង​ខ្លះ​បែរ​ជា​ស្ងាត់​ស្ងៀម​ទៅ​វិញ​។

    ប៉ុន្តែ​ពេល​ខ្លះ​ភាព​យឺត​យ៉ាវ​ក្នុង​ការ​មាន​ទំនាក់​ទំនង​ជាមួយ​អ្នក​នៅ​ជុំ​វិញ​ខ្លួន ក៏​អាច​បង្ហាញ​ពី​សញ្ញា​នៃ​ជំងឺ​ខ្វះ​ការលូតលាស់​ឬ​ការ​លូត​លាស់​យឺត មាន​ផ្នែក​ភាសា ពិបាក​ស្ដាប់ ខ្សោយ​បញ្ញា និង​មាន​ជំងឺ​អូទីស្សឹម​។​ ដូច​នេះ​ហើយ មាន​តែ​ប៉ាម៉ាក់​ផ្ទាល់​ទេ​ដែល​អាច​ដឹង​ថា​កូន​មានការ​លូត​លាស់​ផ្នែក​ទំនាក់​ទំនង​យឺត​ និង​គួរ​ឲ្យ​បារម្ភ​កម្រិត​ណា។ បើ​មាន​ក្ដី​បារម្ភ​បែប​នេះ ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ទើប​ជា​ការ​ប្រសើរ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Jul 15, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម