អារម្មណ៍ក្លាយជាម៉ាក់គេពិតជារំភើបខ្លាំង ហើយក៏ប្រហែលមានអារម្មណ៍ភ័យព្រួយ និងស្ត្រេសកើតឡើងព្រមគ្នាដែរនៅពេលម៉ាក់មើលថែទាំបេប៊ីតែម្នាក់ឯងទាំងយប់ថ្ងៃ ឬក៏អាអូនធ្វើទុក្ខខ្លាំងមិនសូវបានដេកគ្រប់គ្រាន់។ មិនបាច់គិតច្រើនពេកទេ បញ្ហាទាំងអស់នេះអាចដោះស្រាយតាមគន្លឹះងាយៗខាងក្រោមនេះ៖
ប្តូរខោទឹកនោម៖ បេប៊ីនៅតូចច្បាស់ជានោម ឬជុះញឹកញាប់បន្តិច ម្ល៉ោះហើយ១ថ្ងៃៗម៉ាក់ៗរវល់តែប្តូរខោទឹកនោម។ មុនដំបូងស្រីៗគ្នាយើងមួយចំនួនប្រហែលជាពិបាកបន្តិច ប៉ុន្តែមិនយូរទេនឹងស៊ាំ ហើយអាអូនកាន់តែធំ នឹងកាត់បន្ថយការជុះ ឬនោម។
ងូតទឹក៖ បេប៊ីនៅតូចមិនទាន់រឹងដៃរឹងជើង បើមិនធ្លាប់មានបទពិសោធន៍ទេម៉ាក់ៗមួយចំនួនច្បាស់ជាពិបាកបីអូនតូចងូតទឹកបន្តិច។ បើអូនតូចមិនសូវប្រឡាក់ប្រឡូសខ្លួន មិនចាំបាច់ងូតទឹកឲ្យរាល់ថ្ងៃទេ ងូតឲ្យបេប៊ី ៤-៥ដង/សប្តាហ៍ គ្រប់គ្រាន់ហើយ។ បន្ទាប់ពីងូតទឹករួចត្រូវយកកន្សែងស្អាតមកជូតមុខ ក ដៃ និងគូទបេប៊ីឲ្យបានស្អាត ទើបមិនមានបាត់តេរីនៅកន្លៀតកន្លោះ។
កក់សក់៖ ជម្រើសល្អបំផុតម៉ាក់ប៉ាគួរតែកក់សក់ឲ្យបេប៊ី ១-២ដង/សប្តាហ៍ មិនចាំបាច់កក់សក់រាល់ថ្ងៃឡើយ។ បើស្បែកក្បាលអាអូនមានជាតិខ្លាញ់ច្រើនយើងអាចបន្ថែមការកក់សក់ម្តង ឬ២ដងទៀតបាន។