ការដាក់កូនឲ្យគេង៖ ដាក់ឲ្យកូនគេងផ្ងារមុខឡើងលើ មានន័យថាយើងធ្វើបានល្អ ព្រោះការសិក្សាបានបង្ហាញថាគេងផ្ងារមុខឡើងលើអាចកាត់បន្ថយជំងឺមួយចំនួនដូចជា ក្តៅខ្លួន តឹងច្រមុះ ជំងឺឆ្លងក្នុងត្រចៀក និងជួយមិនឲ្យកូនក្អែពេលគេង។
ដង្ហើមកូន៖ អាអូនទើបកើតដកដង្ហើមបានប្រហែល ៤០ដង/នាទីពេលមិនទាន់គេង ឯពេលគេគេងដកដង្ហើមបានត្រឹមតែ ២០ដង/នាទី។ យើងត្រូវសង្កេតមើលដង្ហើមកូនពេលគេង តើដកដង្ហើមទៀងទាត់ទេ។
អនាម័យរង្វង់រន្ធផ្ចិត៖ សម្អាតតំបន់ជុំវិញរន្ធផ្ចិតបានស្អាត ស្ងួត និងមានអនាម័យ នោះការឆ្លងរោគមិនងាយកើតឡើងឡើយ។ បើយើងឃើញតំបន់ផ្ចិតឡើងក្រហម ឬក្តៅ ត្រូវយកកូនទៅជួបគ្រូពេទ្យជាបន្ទាន់។ ជាទូទៅទងផ្ចិតនឹងស្ងួតហើយរបេះចេញដោយខ្លួនឯងពេលអាអូនមានអាយុប្រហែល ១-២សប្តាហ៍។ ពេលទងផ្ចិតរបូតយើងនឹងឃើញមានឈាម ឬជាតិរម្អិលបន្តិចបន្តួចហូរចេញ តែមិនបាច់បារម្ភពីបញ្ហានេះទេ។ ប៉ុន្តែបើរន្ធផ្ចិតនៅចំហ និងសើមបន្ទាប់ពី២សប្តាហ៍ក្រោយទងផ្ចិតរបូតនោះ យើងត្រូវយកកូនទៅជួបគ្រូពេទ្យជាបន្ទាន់។
ការព្រួយបារម្ភ
៤- អីខ្លះត្រូវបារម្ភ?
ទារកគេង៖ អង្គុយមើលកូនគេងជាអារម្មណ៍មានក្តីសុខបំផុតសម្រាប់ម៉ាក់ៗគ្រប់រូប។ មានពេលខ្លះកូនគេងក្នុងដៃយើងពេលកំពុងធ្វើការ ដូចនេះយើងត្រូវដាក់កូនឲ្យគេងលើគ្រែហើយចាំប្រហែល១០នាទី ចាំចាកចេញពីកូន។
– ប្រើអង្រឹង ឬរទះធំងាយស្រួលលើកកូនចេញចូល
– មិនត្រូវប្រើភ្លើងភ្លឺខ្លាំងក្នុងបន្ទប់កូន