បេប៊ីឈានចូលដល់អាយុ ១២ សប្តាហ៍ ម៉ាក់ប៉ាច្បាស់ជាប្លែកអារម្មណ៍ សប្បាយចិត្តមិនខាន ពេលដែលឃើញអាអូនចាប់ផ្តើមបញ្ចេញសំឡេង និងចេះច្រើនជាងមុន។ តើកូនៗយើងមានការលូតលាស់អ្វីខ្លះ?
– សើចឥតឈប់

– សើចឮៗ
– ផ្គុំដៃចូលគ្នា
– ស្រែកពេលចង់បានអ្វីមួយ
– ងើបក្បាលឡើងបាន ៩០ ដឺក្រេ ពេលគេងផ្កាប់
– មើលតាមរបស់ដែលមាន ចម្ងាយ ១៥ ស.ម ពីខ្លួន
– បែរខ្លួនពីម្ខាងទៅម្ខាងទៀតបាន ១៨០ ដឺក្រេ។
១- បង្រៀនកូនពីអី?
នៅពេលអូនតូចចាប់ផ្តើមប្រែប្រួលទាំងសំឡេង និងសកម្មភាពមួយចំនួនម៉ាក់ប៉ាគួរតែអានឲ្យកូនស្តាប់ឲ្យបានច្រើន ដើម្បីឲ្យការលូតលាស់បានល្អ ព្រោះបេប៊ីអាចឆាប់ចាប់បានសំឡេង នៃភាសានិយាយបានបណ្តើរៗហើយ។ ម្តងម្កាលម៉ាក់ប៉ាគួរតែព្យាយាមលើកដាក់សំឡេង ផ្លាស់ប្តូរតុងនៃការនិយាយ និងច្រៀងឲ្យកូនស្តាប់កាន់តែប្រសើរ ធ្វើបែបនេះជួយឲ្យអូនតូចឆាប់ចេះនិយាយ។
ម៉ាក់ប៉ាគួរអានសៀវភៅបែបណាឲ្យអូនៗស្តាប់? មិនពិបាកសោះ យើងអាចជ្រើសរើសសៀវភៅមានរូបភាពធំៗ មានពាក្យសាមញ្ញ ល្អបំផុតសម្រាប់អានឲ្យអូនតូចស្តាប់។ ពេលខ្លះមិនចាំបាច់ជ្រើសរើសសៀវភៅគិតតាមអាយុពេកទេ សំខាន់ឲ្យសម្បូររូបភាពស្អាតៗ ងាយឲ្យបេប៊ីចាប់អារម្មណ៍។ ប៉ុន្តែមុននឹងអានឲ្យអូនៗស្តាប់ ម៉ាក់ប៉ាកុំភ្លេចធ្វើសកម្មភាពខាងក្រោមនេះ ជាមុនសិន៖
- ប្រឡែង ឬនិយាយលេង
- លេងហ្គេមផ្សេងៗ
- ចាប់ផ្តើមអានពេលកូនចាប់អារម្មណ៍នឹងយើង។

២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?
កូននៅតូច មិនទាន់ដឹងក្តី ម៉ាក់ប៉ាពិបាកថែទាំបន្តិចហើយ ត្រូវនៅកៀកកិត ឃ្លាំមើលអាអូនគ្រប់ពេល។ អាការៈរបស់ក្មេងមានសភាពផ្សេងៗពីគ្នា ដូច្នេះយើងចាំបាច់ត្រូវចេះកត់សម្គាល់ រួសរាន់យកកូនទៅពេទ្យប្រសិនបើមានបញ្ហាមិនប្រក្រតី។ នៅសប្តាហ៍នេះគ្រូពេទ្យនឹងពិនិត្យ វាយតម្លៃការលូតលាស់របស់បេប៊ី មានដូចជា៖
– វាស់កម្ពស់ ថ្លឹងទម្ងន់
– វាស់ទំហំក្បាល និងវាយតម្លៃការលូតលាស់កូន
– ពិនិត្យរាងកាយ និងតាមដានជំងឺពីមុន
– ណែនាំអំពីការថែទាំកូននៅខែបន្ទាប់ៗ។
៣- ត្រូវដឹងពីអីខ្លះ?
ក្បាលកូនសំប៉ែត៖ ភាគច្រើនបណ្តាលមកពីយើងដាក់ឲ្យកូនគេងក្នុងទម្រង់ដដែល (គេងចំហៀង ឬផ្ងារ) យូរពេក។ ឆ្អឹងក្បាលរបស់បេប៊ីទើបនឹងកើតនៅទន់ខ្ចី ងាយប្តូរទ្រង់ទ្រាយទៅជាសំប៉ែតនៅពេលរងសម្ពាធដដែលយូរ។ មិនថាក្បាលកូនយើងសំប៉ែតខ្លាំងប៉ុនណាទេ នៅពេលបេប៊ីចេះដើរ និងអង្គុយ រូបរាងក្បាលនឹងត្រលប់មកទ្រង់ទ្រាយធម្មតាវិញ។
យ៉ាងណាមិញ ម៉ាក់ប៉ាគួរតែយកកូនទៅពិគ្រោះជាមួយគ្រូពេទ្យឯកទេសកុមារ ឬឆ្អឹងក្បាល ដើម្បីប្រាកដថាករណីកូនយើងមិនធ្ងន់ធ្ងរ មិនតម្រូវឲ្យព្យាបាល។ បើធ្ងន់ធ្ងរ គ្រូពេទ្យអាចនឹងណែនាំឲ្យកែតម្រូវទ្រង់ទ្រាយក្បាលកូននៅផ្ទះ ដូចជាការដាក់ឲ្យអាអូនគេងផ្ងារដើម្បីឲ្យសាច់ដុំកឆាប់រឹងមាំ។
ក្បាលកូនទំពែក ឬជ្រុះសក់៖ ជាទូទៅក្បាលក្មេងទំពែកដោយសារតែសកម្មភាពរបស់ពួកគេ ដូចជាអាអូនចូលចិត្តដាក់ក្បាលក្នុងទម្រង់ដដែល យកក្បាលទៅកកិតនឹងពូក ឬក៏កន្លែងគែមៗ ធ្វើឲ្យជ្រុះសក់។ គ្មានអីត្រូវព្រួយទេ នៅពេលអាអូនធំឡើងទម្លាប់ទាំងនេះនឹងចាប់ផ្តើមបាត់ ហើយការជ្រុះសក់ក៏លែងមានដែរ។ រយៈពេលនៃការដុះសក់មកវិញខុសៗគ្នា ក្មេងខ្លះជ្រុះសក់ភ្លាមដុះភ្លាមតែម្តង តែខ្លះទៀតត្រូវការពេលយូរបន្តិច។
ក្លនលូនទ្រនាប់ឆ្អឹងកងខ្នង៖ ជាទូទៅ ជំងឺក្លន (រោគសរសៃ ឬដុំម្យ៉ាងធ្វើចុកសៀត) កើតឡើងដោយសារតែលើករបស់ធ្ងន់ៗ ប៉ុន្តែទោះបីជាក្មេងមិនបានលើករបស់អ្វីធ្ងន់ ក៏ក្លននៅតែអាចកើតមានលើពួកគេដែរ។ ក្លនលូនទ្រនាប់ឆ្អឹងកងខ្នងកើតឡើងជាញឹកញាប់ទៅលើក្មេងប្រុស ដែលកើតមិនគ្រប់ខែ និងកូនភ្លោះ។ អាការៈងាយចំណាំជំងឺនេះ គឺមានដុំនៅចន្លោះភ្លៅ និងពោះ ជាពិសេសនៅពេលអាអូនយំ ហើយវានឹងរួញទៅវិញពេលឈប់យំ។
ក្លននៅក្រលៀនក៏អាចកើតមានលើអូនតូចដែរ ដោយសារការធ្លាក់ចុះរបស់ពោះវៀនចូលទៅក្នុងថង់ពងស្វាសធ្វើឲ្យហើម ឬក៏មានដុំនៅទីនោះ។ ប្រសិនជាទទួលបានការព្យាបាលត្រឹមត្រូវ ជំងឺក្លននេះមិនបង្កជាគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរទេ។ ដូច្នេះយើងគួររួសរាន់យកកូនទៅពេទ្យបើឃើញមានដុំអ្វីមួយ ឬក៏អាការៈហើមនៅនឹងក្រលៀនរបស់កូន។ ការព្យាបាលជំងឺក្លនមានច្រើនវិធី ប៉ុន្តែវិធីដែលពេញនិយមហើយមានអត្រាជោគជ័យខ្ពស់ជាងគេនោះ គឺវះកាត់ ហើយករណីក្លនលើទារកខ្លះក៏តម្រូវឲ្យជ្រើសយកវិធីនេះដែរ។
បើមិនព្យាបាលទេ ជំងឺនេះអាចធ្វើឲ្យមានសម្ពាធនៅលើស្រទាប់សាច់ដុំនៅក្រលៀន បណ្តាលឲ្យបាត់បង់ឈាមទៅចិញ្ចឹមពោះវៀន និងរំខានដល់ប្រព័ន្ធរំលាយអាហារ។ អូនតូចនឹងចាប់ផ្តើមឈឺចាប់ ក្អួត អាចនឹងឈានដល់ដំណាក់កាលបាត់បង់ជីវិត។ ប្រសិនបើកូនយើងមានអាការៈបែបនេះ គប្បីរួសរាន់យកទៅពេទ្យដោយយកទឹកកកស្អំនៅក្រលៀនតាមផ្លូវ និងជៀសវាងការយកដៃរុញដុំពោះវៀនឡើងទៅលើ។
៤- អ្វីខ្លះត្រូវបារម្ភ?
ជាទូទៅម៉ាក់ប៉ាតែងតែប្រៀបធៀបកូនខ្លួនជាមួយនឹងក្មេងដទៃ ដើម្បីចង់ដឹងពីភាពប្រក្រតីនៃការលូតលាស់ និងដឹងពីកម្រិតបញ្ញារបស់កូន ក៏ប៉ុន្តែការប្រៀបធៀបទាំងនេះមិនត្រឹមតែជារឿងគ្មានប្រយោជន៍ទេ វាថែមទាំងធ្វើឲ្យម៉ាក់ប៉ាកាន់តែព្រួយបារម្ភ និងខ្វល់ខ្វាយចិត្តទៀតផង។
ម៉ាក់ប៉ាត្រូវចាំថា ការលូតលាស់របស់បេប៊ីមិនដូចគ្នាទេ អូនៗខ្លះអាចឆាប់ចេះនិយាយ ខ្លះទៀតអាចឆាប់ចេះដើរ។ មានបេប៊ីខ្លះចាប់ផ្តើមចេះវារតាំងពីអាយុ ១២ ខែ តែចេះដើរនៅអាយុ ១៥ ខែ ចំណែកឯបេប៊ីខ្លះវិញ មិនចេះវារទេ តែចាប់ផ្តើមចេះដើរនៅអាយុ ១០ ខែតែម្តង។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Murkoff, Heidi. What to Expect, The First Year. New York: Workman Publishing Company, 2009. Print. Page 212-248.
កំណែប្រែបច្ចុប្បន្ន
03/10/2019
អត្ថបទដោយ Sao Solynet
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ Solika
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ