backup og meta

អាយុ ៣០សប្តាហ៍៖ ចង់ឲ្យកូន​ឆាប់ចេះចាំ គួរបង្រៀនអ្វីល្អ?

អាយុ ៣០សប្តាហ៍៖ ចង់ឲ្យកូន​ឆាប់ចេះចាំ គួរបង្រៀនអ្វីល្អ?

ការលូតលាស់ និងអាកប្បកិរិយា

តើ​អូន​តូច​ប្រែប្រួល​អ្វីខ្លះ​នៅ​អាយុ ៣០ សប្តាហ៍​នេះ? ម៉ាក់ប៉ា​អាច​ប្រាប់​កូន​ថា ទូរសព្ទ​មិន​មែន​ជា​របស់​ក្មេង​លេង​ទេ និង​អាចគប់​នោះ​ទេ កូន​កុំ​ទាញ​សក់​ម៉ាក់ប៉ា ឬ​អាបង​ណា។ នៅ​អាយុប៉ុណ្ណឹង អូនតូច​​ផ្តើម​ធ្វើ​តេស្ត​ប្រតិកម្ម​ដោយ​បដិសេធ​មិន​ធ្វើ​តាម​អ្វី​ដែល​យើង​ប្រាប់។ នេះ​មិន​មែន​មានន័យថា កូន​មិន​ស្តាប់​តាម​ម៉ាក់ប៉ា​នោះ​ទេ អាអូន​គ្រាន់​តែ​ចង់​ដឹង​តែ​ប៉ុណ្ណោះ។

នៅសប្តាហ៍ទី ៣០ កូនយើងនឹងអាច៖

– អង្គុយ​តែ​ឯង​ដោយ​គ្មាន​ការ​ជួយ

– ព្យាយាម​ទប់​ខ្លួន​ប្រសិន​បើ​យើង​លើក

– ជំទាស់​បើ​យើង​យក​របស់​លេង​ចេញពី​ខ្លួន

– ស្វែង​រក​វត្ថុ​ដែល​ធ្លាក់

– ប្រើ​ម្រាម​ដៃ​ចាប់​វត្ថុ ហើយ​ក្តាប់​ក្នុង​ដៃ

– រក​មើល​ប្រភព​នៃ​សំឡេង

– ញ្ចេញ​សំឡេង​ដូចជា​ហ្កាហ្កា បាបាបា ម៉ាម៉ាម៉ា ដដាដា

– ចេះ​លេង​បិទពួន។

១- បង្រៀនកូនពីអីខ្លះ?

ម៉ាក់ប៉ា​ត្រូវ​ដឹង​ថា​អាអូន​មិន​អាច​ចាំ​បាន​នូវ​អ្វី​ដែលយើង​បាន​និយាយ​នោះ​ទេ យក​​ល្អ​ យើង​ត្រូវ​ប្រើ​ពាក្យ​សាមញ្ញៗ ដូច​ជា “No’ ដូច្នេះ​កូន​នឹង​យល់​ថា មិន​អាច​ធ្វើ​អ៊ីចឹង​បាន​ទេ។ ល្បែង​​សាមញ្ញ Peekaboo (បិទពួន) អាច​នឹង​ធ្វើ​ឲ្យ​ក្មេងៗ​តូច​ចាប់​អារម្មណ៍​បាន។ អូនតូច​ប្រហែល​ជា​ចូល​ចិត្ត​​ល្បែង​ ​មនុស្ស ឬ​វត្ថុ​បាត់​ហើយ​មក​វិញ ដូច្នេះ​ម៉ាក់ប៉ា​គួរ​តែ​បង្កើត​ការ​លេង​ល្បែង​បែប​នេះ​ឲ្យ​បាន​ច្រើន ដើម្បី​បង្ហាញ​ពី​វត្តមាន​របស់​មនុស្ស​នៅ​ជុំវិញ​ខ្លួន។

សុខភាព និង​សុវត្ថិភាព

២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?

គ្រូពេទ្យ​មិន​​ណាត់​ជួប​ដើម្បី​ពិនិត្យ​សុខ​ភាព​អូនតូចនៅ​ខែ​នេះ​ឡើយ ប៉ុន្តែ​ក្នុង​ករណី​មាន​បញ្ហា​​គួរ​ឲ្យ​បារម្ភ​នោះ ​ត្រូវ​ប្រញាប់​ណាត់​ជួប​ភ្លាម មិន​ត្រូវ​រង់ចាំ​ដល់​ខែ​ក្រោយ​នោះ​ទេ។

៣- ត្រូវដឹងពីអីខ្លះ?

ដល់​ពេល​ដែល​ម៉ាក់ប៉ា​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​របប​​អាហារ​កូនឲ្យ​ច្រើន នោះ​ទើប​សុខភាពល្អ មិន​ប្រឈម​នឹង​ជំងឺ​ដង្កាត់​ផ្សេងៗ។

ភាពស្លេកស្លាំង៖ ភាព​ស្លេក​ស្លាំង​កើត​​ពេល​ទារក​មាន​កោសិកា​ឈាម​ក្រហម​ទាប បណ្តាល​ឲ្យ​បរិមាណ អេម៉ូក្លូប៊ីន​ទាប ធ្វើ​ឲ្យ​អស់​កម្លាំង រាង​កាយ​មិន​អាច​ដំណើរ​ការ​បាន​ល្អ។ ភាព​ស្លេក​ស្លាំង​អាច​បណ្តាល​មក​ពី​កង្វះ​អាហារូបត្ថម្ភ ជំងឺតពូជ ថ្នាំ ឆ្លង​រោគ ជំងឺ​រ៉ាំរៃ​មួយ​ចំនួន។ ឯមូល​ហេតុ​ចំបង​នៃ​ភាព​ស្លេក​ស្លាំង​បណ្តាល​មក​ពី​កង្វះ​ជាតិ​ដែក​ក្នុង​អាហារ ការ​ស្រូប​យក​ជាតិ​ដែក​ពី​អាហារ​ទៅ​ក្នុង​ពោះ​វៀន​ដំណើរ​ការ​មិន​បាន​ល្អ ឬ​ហូរ​ឈាម​មិន​ឈប់ (ហូរ​ឈាម​តាម​អញ្ចាញ​ធ្មេញ)។

កុំ​ថា​ឡើយ​ទារក​កើត​មិន​គ្រប់ខែ​តែង​មាន​ភាព​ស្លេក​ស្លាំង​​តាំង​ពី​កំណើត សូម្បី​ទារក​ធម្មតា​ក៏​ត្រូវ​ការ​ជាតិ​ដែកដែរ។ ក្នុងរយៈពេល ៦ ខែ​ដំបូង​កំហាប់​ជាតិ​ដែក​របស់​ទារក​​ធ្លាក់​ចុះ​យ៉ាង​ឆាប់​រហ័ស ធ្វើឲ្យ​ពួក​គេ​ត្រូវ​ការ​អាហា​រូបត្ថម្ភ។ ជួនកាល​នៅ​ចន្លោះ​ខែ​ទី ៩ និង ទី ១៣ ពេល​យើង​យក​កូន​ទៅ​ពិនិត្យ​សុខភាព​ជា​ប្រចាំ​គ្រូពេទ្យ​អាច​មើល​អេម៉ូក្លូប៊ីន ដើម្បី​ដឹង​ថា កូន​យើង​មាន​ជំងឺ​ខ្វះ​ឈាម​ដែរ​ឬទេ។

រោគ​សញ្ញា​នៃ​ភាព​ស្លេក​ស្លាំង​រួម​មាន៖

– អស់​កម្លាំង

– មិន​ឃ្លានបាយ

– ស្បែក និង​បបូរមាត់​ស្លេក

– រោគសញ្ញា​ធ្ងន់ធ្ងរ​មាន​ដូចជា៖

– ដក​ដង្ហើម​ញាប់

– ជំងឺបេះដូង

– បញ្ហា​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​។

បើ​ការ​ធ្វើ​តេស្ត​ឈាម​ឃើញ​ជាតិ​ដែក​នៅ​ក្នុង​ខ្លួន​​ទាប នោះ​គ្រូពេទ្យ​នឹង​ឲ្យ​ប្តូរ​អាហារ ឬ​បន្ថែម​ជាតិ​ដែក​សម្រាប់​កូន។ យើង​ត្រូវ​ជ្រើស​រើស​អាហារ​ដែល​មាន​ជាតិ​ដែក​គ្រប់​គ្រាន់​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​យ៉ាង​ប្រុង​ប្រយ័ត្ន ការ​ប្រើ​ប្រាស់​ជាតិ​ដែក​លើស​កំណត់​ក៏អាចគ្រោះ​ថ្នាក់​ដល់​ទារក។

យើង​អាច​ការពារ ឬ​ព្យាបាល​ភាព​ស្លេក​ស្លាំង​​ខ្វះ​ជាតិ​ដែក​បាន​ដោយ​ផ្តល់​ឲ្យ​កូន​នូវ​អាហារ​ដែល​មាន​ជាតិ​ដែក​ទៅ​តាម​តម្រូវ​ការ​របស់​ពួក​គេ។ ចំណុច​ដែល​យើង​ត្រូវ​ធ្វើ​នោះ​មាន​ដូច​ជា៖

កូន​មាន​កត្តា​ប្រឈម​ខ្ពស់​ធ្វើ​ឲ្យ​ស្លេក​ស្លាំង​ទេ៖ កត្តា​ប្រឈម​ទាំងនោះ​មាន​ដូចជា កើត​មិន​គ្រប់​ខែ ឬ​មិន​គ្រប់​គីឡូ កង្វះ​ជាតិ​ដែក​នៅ​ក្នុង​អាហារ បើ​សិន​ជា​ទារក​បៅ​ដោះ​ម្តាយ ឬ​ម្សៅ​ទឹក​ដោះ​គោ​ដែល​ខ្វះ​ជាតិ​ដែក។

បំបៅ​ដោះ​កូន​យូរ​តាម​ដែល​អាច​ធ្វើ​​បាន៖ ទឹក​ដោះ​ម្តាយ​មាន​ផ្ទុក​ជាតិ​ដែក អាច​ឲ្យ​ទារក​ស្រូប​យក​បាន​យ៉ាង​ស្រួល​ជាង​ជាតិ​ដែក​ដែល​មាន​នៅ​ក្នុង​អាហារ​ដទៃ។

កុំ​ឲ្យ​កូន​ក្រោម​អាយុ ១ ឆ្នាំ​បៅ​ទឹក​ដោះ​គោ៖ ទឹក​ដោះ​គោ​មាន​ជាតិ​ដែក​តិច​តួច ​អាច​ធ្វើ​ឲ្យ​រលាក​ពោះ​វៀន។

ផ្តល់​ម្សៅ​ធញ្ញជាតិ​ដែល​មាន​ជាតិ​ដែក​បន្ថែម៖ នៅខែទី ៨ យើង​អាច​ឲ្យ​កូន​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ដែក​ខ្ពស់ ដូចជា សណ្តែក ស្ពៃ ស៊ុត (ផ្នែក​ក្រហម​) សាច់​សុទ្ធ សាច់​សត្វ​ស្លាប និងត្រី។

ផ្តល់​អាហារ​សម្បូរ​វីតាមីន C៖ ញ៉ាំ​អាហារ​សម្បូរ​វីតាមីន​ C ជួយ​ដល់​ការ​ស្រូប​យក​ជាតិ​ដែក មាន​ដូច​ជា ម្ទេសប្លោកក្រហម ល្ហុង ត្រសក់​ស្រូវសាលី Broccoli ស្ត្រប៊ឺរី និង​ក្រូច​។

អាហារសម្រន់៖ ម៉ាក់ៗ​ជា​ច្រើន​មិន​ចង់​ឲ្យ​កូន​ញាំ​ផ្អែម​នៅ​ចន្លោះអាហារ​កូន​នោះ​ទេ។ ​តាម​ពិត​ទៅ​អាហារ​សម្រន់​ដើរ​តួ​​សំខាន់​​ក្នុង​របប​អាហារ ជាពិសេស​អាហារ​​កុមារ។

អំឡុង​អាហារ​សម្រន់ កូន​យើង​​នឹង​មាន​ឱកាស​កាន់​ចំណិត​នំប៉័ង ឬ​នំ ដោយ​ដៃ ហើយអាច​ដាក់​ចូល​មាត់​ដោយ​មិន​បាច់​ខ្វល់​ថា វា​ធំ​ពេក ឬក៏​អត់។ ពេល​ខ្លះ​របៀប​នៃ​ការ​ញាំ​របស់​កូន​ពិបាក​មើល​បន្តិច​ហើយ ដូច្នេះ​យើង​ត្រូវ​បង្រៀ​​នអាអូន​ពី​របៀប​ញ៉ាំ។

ក្មេងៗ​មាន​ក្រពះ​តូច ញ៉ាំ​រហ័ស​ឆ្អែត ហើយក៏​រហ័ស​ឃ្លាន​វិញ។ អាហារ​ចម្បង​កម្រ​នឹង​រក្សា​ការ​ឆ្អែត​ពី​មួយ​ពេល​រហូត​ដល់​មួយ​ពេល​ទៀត​បាន​ ដូច្នេះអាហារ​សម្រន់​នឹង​ក្លាយ​ជា​អាហារ​ដ៏​ចាំបាច់​មួយ​សម្រាប់​បំពេញ​តម្រូវ​ការ​អាហារ​​ទារក។

អាហារ​សម្រន់​នឹង​ផ្តល់​ពេល​វេលា​ឲ្យ​ទារក​សម្រាក បើ​យើង​មិន​ផ្តល់​អាហារ​សម្រន់​នៅ​ចន្លោះ​អាហារ​ចម្បង​ទាំង ៣ ពេល​ដល់​ទារក​នោះ​ទេ អាអូន​នឹង​បៅ​ដោះ​ម្តាយ ឬ​បៅ​ដោះ​គោ​ជា​មិន​ខាន។ អាហារ​សម្រន់​នឹង​ជួយ​កូន​យើង​កាត់​បន្ថយ​តម្រូវ​ការ​បៅ​ដោះ​ម្តាយ​​​ និង​ជួយ​ផ្តាច់​ទឹក​ដោះ​ម្តាយ​បាន។

ទោះ​ជា​យ៉ាង​ណា​អាហារ​សម្រន់​ក៏​អាច​មាន​គុណវិបត្តិ​ខ្លះ​ដែរ យើង​គួរ​តែ​កត់​សម្គាល់​បន្ទាប់​ពី​កូន​ញ៉ាំ​រួច៖​

ញាំ​អាហារ​សម្រន់​កៀក​ម៉ោង​អាហារ៖ អាច​ធ្វើ​ឲ្យ​ទារក​ឆ្អែត និង​មិន​ញ៉ាំ​អាហារ ដូច្នេះ​ម៉ាក់ប៉ា​ត្រូវព្យាយាម​រៀបចំ​អាហារ​សម្រន់​នៅ​ចន្លោះ​អាហារ។ អាហារ​សម្រន់​អាច​ធ្វើ​ឱ្យ​ទារក​មាន​អ្វី​នៅ​ក្នុង​មាត់ នេះ​ជា​ទម្លាប់​មួយ​ដែល​អាចមាន​ផល​ប៉ះពាល់​អវិជ្ជមាន​លើ​រាងកាយ និង​សុខភាព​របស់​ទារក​ក្នុង​ពេល​កុមារ​ភាព និង​វ័យ​ជំទង់។

អាច​បណ្តាល​ឲ្យ​ពុក​ធ្មេញ៖ កូន​យើង​តែ​ងមាន​អាហារ​ក្នុង​មាត់ ទោះបី​ជា​ម្សៅ​នំប៉័ង​​មាន​សុវត្ថិភាព​ដល់​សុខភាព​ក្តី វា​​នឹង​ក្លាយ​ទៅ​ជា​ជាតិ​ស្ករ​នៅ​ពេល​ដែល​ប៉ះ​នឹង​ទឹក​មាត់។ ពេល​វេលា​ដែល​គួរ​ឲ្យ​អាហារ​សម្រន់ គឺ​នៅ​ពេល​ព្រឹក ឬ​ថ្ងៃត្រង់ អាហារ​ពេល​ល្ងាច និង​មុន​ពេល​ចូល​គេង​ត្រូវ​មាន​គម្លាត​គ្នា​ទើប​ល្អ។​

ជៀសវាង​ផ្តល់​អាហារ​សម្រន់​ដល់​កូន​ពេល​ហត់ ឬ​ជា​រង្វាន់៖ មធ្យោបាយ​ល្អ​បំផុត​យើង​អាច​សាកល្បង​និយាយ​លេង ឬ​ទះ​ដៃ​ជា​លើក​ទឹក​ចិត្ត​ប្រសើរ​ជាង។

ឲ្យ​កូន​ញ៉ាំ​អាហារ​សម្រន់​នៅ​កន្លែង​មាន​សុវត្ថិភាព៖ ការ​ផ្តល់​ចំណី​អាហារ​ខណៈ​កូន​គេង​ លូន វារ អាច​ធ្វើ​ឱ្យ​កូន​ស្លាក់​ចំណី​អាហារ​បាន។ អូនតូច​គួរ​អង្គុយ និង​ញ៉ាំ​តាម​របៀប​ត្រឹម​ត្រូវ ដូច​ជា​អង្គុយ​លើ​កៅអី ជា​ដើម។

ការព្រួយបារម្ភ

៤- រឿងអីខ្លះត្រូវបារម្ភ?

កូន​បង្ហាញ​អាកប្បកិរិយា​ខុស​ប្លែក៖ ពេល​យើង​ត្រលប់​ពី​កន្លែងធ្វើការ​មក​ជួប​កូន​តូច​នៅ​ផ្ទះ ក្នុង​ពេល​​អាអូន​រក​រឿង​ឃ្លាន ហើយ​ខឹង​ល្មម ជួន​ពេល​យើង​មាន​ភាព​តាន​តឹង​ពី​កន្លែង​ការងារផង ​ត្រូវ​មក​ជួប​បញ្ហា​កូន​តូច​នៅ​ផ្ទះ​ទៀត។ ដូច្នេះ​យើង​ត្រូវ​​ប្រុង​ប្រយ័ត្ន​ពី​ការ​បញ្ចេញ​អារម្មណ៍​មិនល្អ​ ព្រោះអាច​ប៉ះ​ពាល់​ឥរិយាបថ​កូន​តូច​។ ​បើ​យើង​មិន​ខ្វល់​ពី​ចិត្ត​កូន​ទេ អាអូន​អាច​បង្ហាញ​អាកប្បកិរិយា​មិន​សមរម្យ​ដើម្បី​បាន​ការ​យកចិត្ត​ទុកដាក់​បន្ថែម​ពី​យើង។

ដំណោះស្រាយ​៖

មិន​គួរ​ត្រលប់​ទៅ​ផ្ទះ​វិញ​នៅ​ពេល​កូន​ឃ្លាន ឬ​ង៉ិកង៉ក់​៖ យើង​គួរ​ឲ្យ​មេដោះ ឬ​អ្នក​មើល​ថែ​ផ្តល់​អាហារ​ឲ្យ​កូន​មុន​ពេល​យើង​ត្រលប់​មក​ផ្ទះ​វិញ​មុន ១ ម៉ោង

សម្រាក​មុន​ពេល​ទៅផ្ទះ៖ ​គួរ​ធ្វើ​លំហាត់​ប្រាណ​ដើម្បី​ឲ្យ​ធូរស្រាល មុន​ពេល​យើង​ចូល​ផ្ទះ​ហើយ​ប្រើ​ពេល​វេលា​គិត​ពី​ការងារ​ដែល​យើង​មិន​ទាន់​បាន​បញ្ចប់។

ជៀសវាង​ការ​ថប់​បារម្ភ៖ ធ្វើ​ឲ្យ​អារម្មណ៍​យើង​ស្រស់​ស្រាយ​សប្បាយ​ចិត្ត ជៀសវាង​ការ​ថប់​អារម្មណ៍​ពេល​ត្រលប់​ទៅ​ផ្ទះ​វិញ។

ចំណាយ​ពេល ១៥ នាទី​ជាមួយ​កូន៖ មក​ដល់​ផ្ទះ​កុំ​ប្រញាប់​រៀបចំ​ធ្វើ​ម្ហូប​អាហារ​ពេល​ល្ងាច​ បើក​មើល​សារ ឬ​បត់​សម្លៀក​បំពាក់​ភ្លាមៗ ខណៈ​ទើប​មក​ដល់​ផ្ទះ​ទម្លាក់​កាបូប​ចុះ រួច​ចំណាយ​ពេល ១៥ នាទី​នៅ​ជាមួយ​កូន​តូច ដើម្បី​ផ្តល់​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កូន។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Murkoff, Heidi. What to Expect, The First Year. New York: Workman Publishing Company, 2009. Print version. Page 370-384.

កំណែ​ប្រែបច្ចុប្បន្ន

19/02/2021

អត្ថបទ​ដោយ Oum Voutha

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ម៉ាក់ប៉ាគួរដឹង ទាំងនេះជាវិធីសាស្ត្រថែទាំទារកកើតខាន់លឿងស្រាល និងធ្ងន់

ហេតុអ្វី​ទារក​យំ​ ក្រោយ​បំបៅ​ដោះ​រួច​? ប៉ា​ម៉ាក់​គួរ​ធ្វើ​យ៉ាង​ម៉េច​?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Oum Voutha · កែ Feb 19, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម