ផ្តល់អាហារឲ្យកូនលឿនពេក មុនអាយុ៦ខែ មានផលប៉ះពាល់ច្រើន ហើយបើយឺតជាងហ្នឹងក៏មិនល្អដែរ
តាមគោលការណ៍របស់ក្រសួងសុខាភិបាល ទាល់តែទារកអាយុបាន ៦ខែ ទើបយើងអាចផ្តល់បបរខាប់គ្រប់គ្រឿង បន្ថែមពីលើទឹកដោះម្តាយឲ្យកូនបាន។
ទោះយ៉ាងណាមានម៉ាក់ៗមួយចំនួនផ្តល់អាហារបន្ថែមឲ្យកូននៅមុនអាយុ ៦ខែ ដែលបញ្ហានេះ លោកជំទាវ ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល ទទួលបន្ទុកផ្នែកអាហារូបត្ថម្ភអះអាងថា ការធ្វើបែបនេះ ជាការយល់ខុសរបស់ឪពុកម្តាយ។ លោកជំទាវបន្ថែមថា តាមការសិក្សារបស់អង្គការសុខភាពពិភពលោក (WHO) ទឹក ដោះ ម្តាយមានគុណប្រយោជន៍ល្អ រហូតដល់ ៦ខែ មានន័យថា គ្រប់សារជាតិចិញ្ចឹម គ្រប់បរិមាណដែលទារកត្រូវការ មិនចាំបាច់ថែមថយអាហារ ឬទឹកដោះ ក្នុងអំឡុង៦ខែដំបូងនៃជីវិត គឺឲ្យកូនបៅតែទឹកដោះម្តាយគ្រប់គ្រាន់ហើយ។
លោកជំទាវថា បើសិនម៉ាក់ប៉ាផ្តល់អាហារផ្សេងៗឲ្យកូនមុនពេលអាយុ៦ខែ អាចឲ្យនៅពេលកូនអាយុ ៣ ឬ៤ខែ ទី១ ធ្វើឲ្យការផលិតទឹកដោះកាន់តែថយ កូនទទួលបានសារធាតុចិញ្ចឹមមិនគ្រប់គ្រាន់ ទី២ អាហារដែលផ្តល់កូន អាចអត់មានគុណភាព អត់មានសារជាតិចិញ្ចឹមល្អដូចទឹកដោះម្តាយនោះទេ អាចធ្វើឲ្យទារកប្រឈមទៅនឹងកង្វះអាហារូបត្ថម្ភ ឬអាហារមិនស្អាត មិនល្អទៀត អាចឲ្យកូនប្រឈមទៅនឹងជំងឺរាករូស និងជំងឺមួយចំនួនទៀត។
ផ្ទុយទៅវិញ ក្នុងករណីដែលម្តាយផ្តល់អាហារកូនឲ្យយឺតពេក មានន័យថា កូនអាយុ៦ខែហើយ នៅតែមិនទាន់ផ្តល់អាហារបន្ថែមឲ្យកូន ក៏មិនល្អប៉ុន្មានដែរ។ “ខ្ញុំធ្លាប់ចុះទៅជួបម្តាយៗ សួរ កូនអាយុ ៧-៨ខែហើយ ឲ្យបបរកូនញ៉ាំនៅ? គាត់ឆ្លើយថា នៅផង កូនខ្ញុំចូលចិត្តតែអង្គាមដោះ អ៊ីចឹងយូរពេកអត់ល្អដែរ”។
ហេតុអីបានអត់ល្អ លោកជំទាវថា ចាប់ពី៦ខែទៅ មិនមែនថាទឹកដោះម្តាយអន់គុណភាពនោះទេ ទឹកដោះម្តាយនៅតែល្អ សារធាតុចិញ្ចឹមនៅតែមាន គ្រាន់តែវាមិនគ្រប់គ្រាន់សម្រាប់ទារក មានន័យថា ចាប់ពីអាយុ ៦ខែទៅ កូនទៅត្រូវការទ្វេគុណ ដើម្បីឲ្យកូនលាស់បានល្អ។
[embed-health-tool-vaccination-tool]