ប៉ាម៉ាក់គ្រប់រូបតែងចង់ឲ្យកូនរីកធំធាត់ឲ្យបានលឿន និងមានសុខភាពល្អ ហេតុនេះទើបមានម៉ាក់ប៉ាមួយចំនួនយល់ខុសហើយចេះតែឲ្យអាអូនក្រោម ៤-៦ ខែ ញ៉ាំអាហារបំប៉នផ្ដេសផ្ដាស។ ការផ្ដល់អាហារូបត្ថម្ភចាំបាច់សម្រាប់អាអូនពិតមែន តែបើឆាប់ឲ្យកូនញ៉ាំលឿនពេកក៏វាមិនល្អចំពោះកូនដែរ។
ទាក់ទងនឹងបញ្ហានេះ លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសជំងឺកុមារ បានឲ្យដឹងថា កាលណាដែលម៉ាក់ប៉ាផ្ដល់ចំណីអាហារបន្ថែមឲ្យកូនលឿនពេក (អាយុក្រោម ៤-៦ ខែ) អាអូនប្រាកដជាអាចជួបបញ្ហាមួយចំនួនដូចជា៖
ទី១. ស្លាក់៖ កាលណាអាហារស្លាក់ចូលទៅក្នុងបំពង់ខ្យល់កូន វាអាចប៉ះពាល់ដល់ជីវិតអាអូនបាន។
ទី២. បៅដោះម្ដាយតិច៖ ចំពោះក្មេងដែលបៅដោះម៉ាក់ អាចកាត់បន្ថយការបៅ ព្រោះអាអូនញ៉ាំចំណីអាហារផ្សេងដែលម៉ាក់ប៉ាផ្ដល់ឲ្យឆ្អែត។ កាលណាអាអូនបៅដោះបានតិច ការផលិតទឹកដោះម្ដាយក៏ត្រូវកាត់បន្ថយដូចគ្នា។
ទី៣. ប្រតិកម្មនឹងអាហារ៖ អាអូនតូចៗអាយុក្រោម ៤-៦ ខែ ងាយនឹងប្រតិកម្មជាមួយនឹងអាហារផ្សេងដោយសារសរីរាង្គរបស់អាអូននៅមិនទាន់លូតលាស់គ្រប់លក្ខណៈនៅឡើយទេ។
ទី៤. ងាយឈឺ៖ បើឆាប់ផ្ដល់ចំណីអាហារឲ្យកូនលឿនពេក អាអូនអាចឆ្លងមេរោគក្លាយជាឈឺដូចជា ក្ដៅខ្លួន រាករូសជាដើម។
វេជ្ជបណ្ឌិតជំងឺកុមាររូបនេះ បានបញ្ជាក់ថា ប្រសិនបើម៉ាក់ប៉ាចង់ផ្ដល់ចំណីអាហារផ្សេងៗដល់កូន ក្រៅពីទឹកដោះម្ដាយ ឬទឹកដោះគោ យើងត្រូវសង្កេតមើលលក្ខណៈសម្បត្តិរបស់កូនជាមុនសិនរួមមាន៖
– ចន្លោះវ័យ ៦ ខែ (អាចពី ៤-៦ ខែ)
– រាងកាយរឹង (ក អាចអង្គុយបាន…)
– ចង់ញ៉ាំអាហារផ្សេង (ឧ.ពេលឃើញចាស់ៗញ៉ាំអីមួយ អាអូនដូចចង់ញ៉ាំដែរ ហារទឹកមាត់។ល។)
– ចេះញ៉ាំ បឺតជញ្ជក់អាហារ (ឧ. ពេលយើងដាក់អាហារឲ្យអាអូនភ្លក់ កូនចេះញ៉ាំ ចេះជញ្ជក់យកជាតិអាហារនោះជាដើម។)
[embed-health-tool-vaccination-tool]