អាអូនតូចៗ ត្រូវការអាហារបំប៉នគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ ដើម្បីលូតលាស់ប្រកបដោយសុខភាពល្អ រាងកាយរឹងមាំ និងប្រាជ្ញាឆ្លាតវៃ។ ម៉ាក់ប៉ាត្រូវដឹងថា នៅអាយុ ៦ ខែ ជាវ័យដែលអាអូនលូតលាស់លឿន ហើយត្រូវការថាមពល និងសារធាតុចិញ្ចឹមល្អជាងវ័យណាៗទាំងអស់ក្នុងជីវិតកូន។
តាមការពន្យល់របស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ ឲ្យដឹងថា ពេលកូនបានអាយុ ៦ ខែ អាហារសំខាន់ដែលជាប្រភពនៃសារធាតុចិញ្ចឹមចាំបាច់នៅតែជាទឹកដោះម្ដាយ ប៉ុន្តែទឹកដោះម្ដាយតែមួយមិនគ្រប់គ្រាន់សម្រាប់ការលូតលាស់របស់អាអូនទេ។ ម៉ាក់ប៉ាគួរចាប់ផ្ដើមណែនាំអាហារពិតប្រាកដដល់កូន ដើម្បីបន្ថែមតម្រូវលូតលាស់របស់កូនពីលើទឹកដោះម៉ាក់ៗ។
ទារកមានអាយុ ៦ ខែ ទើបតែរៀនទំពាអាហារទេ ដូចនេះហើយ អាហារដំបូងដែលម៉ាក់ប៉ាផ្ដល់ឲ្យកូនគួរតែជាអាហារទន់ៗ ងាយស្រួលឲ្យអាអូនលេបចូលពោះដូចជាបបរ ឬបន្លែ ផ្លែឈើស្ងោរ និងកិនឲ្យម៉ដ្តជាដើម។ យើងក៏ត្រូវដឹងដែរថា នៅពេលដែលបបរមានសភាពរាវពេក វាគ្មានសារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់កូនទេ យកល្អ បបរត្រូវដាំឲ្យខាប់ ពេលដួសមិនធ្លាក់ពីស្លាបព្រាទើបវាមានសារធាតុចិញ្ចឹមខ្លះសម្រាប់កូន។
វេជ្ជបណ្ឌិតរូបនេះបន្តថា ចាប់ពីអាយុ ៦-៨ ខែ ម៉ាក់ប៉ាអាចបញ្ចុកអាហារបន្ថែមឲ្យកូនបានកន្លះពែង ២-៣ដង/ថ្ងៃ។ នៅអាយុប៉ុណ្ណេះអាអូនអាចញ៉ាំអ្វីក៏បានលើកលែងតែទឹកឃ្មុំ ព្រោះប្រព័ន្ធរំលាយអាហារកូនមិនអាចទប់ទល់នឹងបាក់តេរីពីទឹកឃ្មុំឆៅបានទេ រហូតដល់កូនអាយុ១ឆ្នាំ។ ពេលដែលឲ្យចំណីក្រៅដល់កូន ម៉ាក់ប៉ាគួរតែឲ្យក្រោយពេលអាអូនបៅដោះម៉ាក់ៗរួច ធ្វើដូចនេះទើបកូននៅតែបន្តការបៅដោះម្ដាយបានច្រើន។
រសជាតិនៃអាហារថ្មីអាចធ្វើឲ្យអាអូនប្លែកមាត់ ប្លែកអារម្មណ៍ ដូចនេះហើយទុកពេលឲ្យកូនស៊ាំនឹងរសជាតិថ្មីនេះ។ យើងត្រូវអត់ធ្មត់ និងមិនត្រូវបង្ខំកូនឲ្យញ៉ាំអាហារដែលកូនមិនចង់ញ៉ាំ ឬបញ្ចុកកូនឲ្យញ៉ាំច្រើនពេកទេ។ ម៉ាក់ប៉ាត្រូវសង្កេតមើលសញ្ញាបញ្ជាក់ថាកូនឆ្អែត ហើយត្រូវឈប់ឲ្យកូនញ៉ាំតទៀត។
[embed-health-tool-vaccination-tool]