ទោះបីជាទារកដែលទើបនឹងកើតនៅមិនទាន់ដុះធ្មេញយ៉ាងណាក្ដី ប៉ុន្តែប៉ាម៉ាក់ក៏ចាំបាច់ត្រូវថែទាំអនាម័យមាត់ធ្មេញឲ្យកូនៗផងដែរ។ ពិតណាស់ ប៉ាម៉ាក់ភាគច្រើនតែងតែងឿងឆ្ងល់អំពីវិធីសាស្ត្រក្នុងការសម្អាតអណ្ដាតឲ្យទារកដែលទើបនឹងកើត ហើយកិច្ចការនេះកាន់តែពិបាកថែមទៀត នៅពេលដែលអាអូនយំ នៅពេលដែលយើងសម្អាតអណ្ដាតឲ្យពួកគេ។
ហេតុអីប៉ាម៉ាក់ត្រូវសម្អាតអណ្ដាតឲ្យកូន?
កិច្ចការចម្បងនៃការថែទាំសុខភាពមាត់ធ្មេញជារៀងរាល់ថ្ងៃរបស់ទារក គឺជាការសម្អាតអណ្ដាតរបស់ពួកគេ។ នៅពេលដែលប៉ាម៉ាក់សម្អាតអណ្ដាតត្រឹមត្រូវជាប្រចាំ វាអាចជួយបញ្ចៀសខ្យល់ដង្ហើមមិនល្អ និងការប្រមូលផ្ដុំបាក់តេរី ព្រមទាំងកាត់បន្ថយការឆ្លងមេរោគមាត់ធ្មេញ និងជំងឺអញ្ចាញធ្មេញផងដែរ។ ប៉ាម៉ាក់គប្បីសម្អាត និងម៉ាស្សាមាត់របស់កូន ទោះបីជាពួកគេមិនទាន់ដុះធ្មេញក៏ដោយ ពីព្រោះវាអាចជួយដល់ដំណើរការដុះធ្មេញ និងធានាអនាម័យមាត់ធ្មេញបានល្អ។
ប៉ាម៉ាក់គួរសម្អាតអណ្ដាតកូនបែបណា?
មិនថាកូនរបស់ប៉ាម៉ាក់ដុះធ្មេញ ហើយឬក៏នៅនោះទេ ការថែទាំមាត់ធ្មេញ ដោយការសម្អាតមាត់ និងអណ្ដាត គឺជារឿងដែលប៉ាម៉ាក់មិនគួរព្រងើយកន្តើយឡើយ។ ដើម្បីសម្អាតអណ្ដាតទារកឲ្យបានត្រឹមត្រូវ យើងគួរអនុវត្តន៍តាមវិធីសាស្ត្រដូចខាងក្រោមនេះ។
១. សម្អាតដៃប៉ាម៉ាក់ជាមុនសិន
មុននឹងចាប់ផ្ដើមការសម្អាតអណ្ដាតឲ្យទារក ជំហានដំបូង ប៉ាម៉ាក់ត្រូវលាងសម្អាតដៃរបស់ខ្លួនជាមុនសិន។ បន្ទាប់មក យើងអាចយកស្បៃ ឬកុំប្រេស ឬកំណាត់ស្អាតរុំម្រាមដៃ ឬប្រើឧបករណ៍សម្អាតអណ្ដាតសម្រាប់ទារកដែលមានលក់នៅលើទីផ្សារ។
២. ជ្រលក់ស្បៃដោយប្រើទឹកក្ដៅឧណ្ហៗ
ប្រសិនបើយើងប្រើស្បៃ ចូរជ្រលក់ស្បៃទៅក្នុងទឹកក្តៅឧណ្ហៗ និងរុំវាជុំវិញម្រាមដៃរបស់យើង។ បន្ទាប់មក ចូរដាក់ទារកឲ្យស្ថិតក្នុងទីតាំងដែលមានផាសុកភាព ដោយឱបកូននៅដៃម្ខាង ហើយប្រើដៃម្ខាងទៀត ដើម្បីសម្អាតមាត់របស់អាអូន។ ចូរលូកដៃទៅក្នុងមាត់របស់ទារកថ្នមៗ និងកៀរជារាងរង្វង់។ ក្រោយពីសម្អាតអណ្ដាតរួច ចូរធ្វើការម៉ាស្សាធ្មេញរបស់ទារក (បើទារកមានធ្មេញ) និងអញ្ចាញថ្នមៗ។
៣. សម្អាតកម្ទេចកំទីនៅជាប់ធ្មេញ អញ្ចាញធ្មេញ
បន្ថែមពីនេះ ប៉ាម៉ាក់ក៏អាចប្រើឧបករណ៍សម្អាតអញ្ចាញធ្មេញ ដើម្បីកម្ចាត់ចោលនូវកម្ទេចកំទីផ្សេងៗ ដែលនៅតោងជាប់ធ្មេញ និងអញ្ចាញធ្មេញរបស់ទារក។ ម្យ៉ាងវិញទៀត ចូរជៀសវាងប្រើថ្នាំដុសធ្មេញដែលមានជាតិផ្លអូរ៉ាយ ចំពោះទារក ពីព្រោះពួកគេអាចនឹងលេបវា។ ប៉ាម៉ាក់គួរសម្អាតអណ្ដាតឲ្យកូន យ៉ាងហោចណាស់មួយថ្ងៃម្តង និងបន្ទាប់ពីបំបៅដោះ ឬបញ្ចុកអាហារឲ្យកូនរួច។
[embed-health-tool-vaccination-tool]