ប៉ាម៉ាក់ថ្មីថ្មោងអាចមានអារម្មណ៍អន្ទះអន្ទែង នៅពេលដែលឃើញកូនដង្ហក់មិនឈប់។ ពេលខ្លះ អាអូនដង្ហក់អាចមិនមែនជារឿងដែលយើងត្រូវបារម្ភពេកឡើយ។ ពិតណាស់ ប៉ាម៉ាក់គប្បីស្វែងយល់ពីមូលហេតុនៃការដង្ហក់នេះឲ្យបានច្បាស់ជាមុនសិន។ ជាទូទៅ កូនដង្ហក់នៅពេលដែលមានអ្វីមួយស្ទះនៅក្នុងបំពង់ករបស់ពួកគេ ដូចជាស្លេស្មច្រើនជ្រុលដោយសារតែជំងឺផ្ដាសាយជាដើម។ ខាងក្រោមនេះ ជាមូលហេតុផ្សេងៗ ដែលបណ្ដាលឲ្យទារកដង្ហក់។
មូលហេតុនាំឲ្យកូនដង្ហក់
១. ការបង្ករោគផ្លូវដង្ហើម
ការបង្ករោគនៅច្រមុះ ប្រហោងឆ្អឹង បំពង់ក ផ្លូវដង្ហើម ឬសួត គឺជាការឆ្លងមេរោគផ្លូវដង្ហើម។ ការឆ្លងមេរោគផ្លូវដង្ហើមនេះ បណ្ដាលឲ្យមានការបញ្ចេញស្លេស្មច្រើនជ្រុល និងរលាកជាលិកាផ្លូវដង្ហើម ជាហេតុនាំឲ្យកូនពិបាកដកដង្ហើម។ រោគសញ្ញាផ្សេងទៀត រួមមានគ្រុនក្ដៅ ផ្ដាសាយ ក្អក ឈឺក និងឈឺត្រចៀក។
២.ជំងឺហឺត
ជំងឺហឺតត្រូវបានចាត់ចូលជាប្រភេទការរលាករ៉ាំរ៉ៃលើផ្លូវដង្ហើម ដែលមូលហេតុចម្បងនៃជំងឺមួយនេះនៅមិនទាន់ដឹងច្បាស់នៅឡើយ។ យោងតាមមូលនិធិជំងឺហឺត និងអាលែកហ្ស៊ីរបស់អាមេរិក ជំងឺហឺតអាចបណ្ដាលឲ្យពិបាកដកដង្ហើម ដកដង្ហើមតឹងៗ ក្អកជាប់រហូត ពិបាកបៅ និងអស់កម្លាំង។
៣. ស្រូបផ្សែងបារី
ការជក់បារីនៅក្នុងបន្ទប់ដែលអាអូននៅ អាចធ្វើឲ្យរលាកផ្លូវដង្ហើមរបស់ទារក។ វាក៏អាចនាំឲ្យកើតជាជំងឺហឺតផងដែរ។ ដូច្នេះហើយ អ្នកជក់បារីគប្បីជក់ឲ្យឆ្ងាយពីកន្លែងដែលទារកនៅ ឬប៉ាម៉ាក់គួរយកកូនចេញឆ្ងាយពីផ្សេងបារី។
៤. គេងមិនដកដង្ហើម
ការស្ទះដង្ហើមពេលគេងកើតឡើងនៅពេលដែលផ្លូវដង្ហើមដែលនៅចន្លោះ ច្រមុះ និងសួតរួមតូច។ ទារកដែលមានបញ្ហាសុខភាពនេះ អាចឈប់ដង្ហើមមួយសន្ទុះ ដង្ហក់ និងដកដង្ហើមមានសំឡេង។
៥. ឆ្អឹងបំពង់សំឡេងទន់
ឆ្អឹងបំពង់សំឡេងទន់ ជាមូលហេតុចម្បងដែលទារកដកដង្ហើមមានសំឡេង។ វាកើតឡើងដោយសារតែជាលិកាទន់នៅលើខ្សែសំឡេង។ ក្មេងភាគច្រើនអាចបាត់ទៅវិញនៅអាយុ ១ឆ្នាំ និងក្មេងខ្លះទៀតអាចបាត់ទៅវិញនៅពេលដែលពួកគេអាយុ ២ឆ្នាំ។
៦. កូនកើតមិនគ្រប់ខែ
អាការៈពិបាកដកដង្ហើម ជាទូទៅកើតឡើងចំពោះទារកដែលកើតមិនគ្រប់ខែ។ ទារកដែលសម្រាលមុនអាយុ ៣៧សប្ដាហ៍ មានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺផ្លូវដង្ហើម។ ទារកដែលមានជំងឺផ្លូវដង្ហើម ព្យាយាមដកដង្ហើមខ្លាំង និងអាចនាំឲ្យកើតមានអាការៈដង្ហក់។
ពេលណាគួរនាំកូនទៅជួបនឹងគ្រូពេទ្យ?
ប៉ាម៉ាក់គប្បីនាំកូនទៅជួបនឹងគ្រូពេទ្យភ្លាមៗ ប្រសិនបើអាអូនមានអាការៈដូចខាងក្រោម៖
- មានរោគសញ្ញានៃការបង្ករោគ ដូចជាគ្រុនក្ដៅ មិនឃ្លានអាហារ ល្ហិតល្ហៃ។
- ស្បែកទារក ជាពិសេសផ្ទៃមុខឡើងស្វាយ ដែលបង្ហាញថាកូនខ្វះអុកស៊ីសែនក្នុងរាងកាយ។
- ដង្ហក់ដោយសារតែមានអ្វីមួយជាប់នៅផ្លូវដង្ហើម។
- ដង្ហក់ រួមជាមួយការដកដង្ហើមតឹងៗ។
- ចាប់ផ្ដើមដង្ហក់ ក្រោយពេលត្រលប់មកពីខាងក្រៅ ដោយសារតែប៉ះពាល់នឹងសារធាតុអ្វីមួយដូចជា Aerosol Spray។
- ចាប់ផ្ដើមដង្ហក់ក្រោយញ៉ាំអ្វីមួយ។
- ផតទ្រូងនៅពេលដកដង្ហើម ដែលបង្ហាញថាកូនពិបាកដកដង្ហើមខ្លាំង។
[embed-health-tool-vaccination-tool]