ប៉ាម៉ាក់មួយចំនួនទំនងជាធ្លាប់ខឹង ឬខ្លះអាចដល់ថ្នាក់វាយកូនផងក៏ថាបាន ពេលកូនយកដីស ឬខ្មៅដៃពណ៌ទៅគូរជញ្ជាំង ឬលើរបស់តាំងផ្សេងៗ។ ប៉ាម៉ាក់ទាំងឡាយបើធ្លាប់ធ្វើបែបនេះ គួរកែប្រែគំនិត និងគួររកវិធីផ្ដល់ឱកាសឲ្យកូនគូររូប ឬផាត់ពណ៌លើក្រដាស ឬសៀវភៅវិញ។
ប៉ាម៉ាក់ដឹងទេ កូនយើងដែលជិតដល់វ័យចូលសាលា ក៏អាចចាប់ផ្ដើមរៀនពីសិល្បៈគំនូរបានដូចគ្នា។ ការសិក្សាខ្លះបានបង្ហាញថាក្មេងៗពិតជាសប្បាយរីករាយនឹងការគូសវាសនេះណាស់។ មួយវិញទៀតក្មេងចូលចិត្តគូររូបផាត់ពណ៌នេះជួយពួកគេអភិវឌ្ឍផ្នែកជាច្រើននៃរាងកាយរបស់ពួកគេ។ ខាងក្រោយនេះជាអត្ថប្រយោជន៍ចំនួនបួនយ៉ាងដែលក្មេងចូលចិត្តគូររូប ឬផាត់ពណ៌អាចនឹងទទួលបាន។
១. បង្កើនសមត្ថភាពសម្រាប់វ័យសិក្សា
ក្មេងៗដែលចូលចិត្តខាងសិល្បៈគំនូរ ផាត់ពណ៌គឺជួយធ្វើឲ្យពួកគេដុះចេញនូវចំណង់ចំណូលចិត្តខាងសិល្បៈតាំងពីក្មេងវ័យ និងថែមទាំងជួយឲ្យពួកគេវាងវៃក្នុងការដោះស្រាយបញ្ហាទៀតផង។ សកម្មភាពមួយចំនួនដូចជាកាត់រូប គូររូប ឬផាត់ពណ៌ សុទ្ធជាសកម្មភាពដែលអាចជួយឲ្យក្មេងមានជំនាញខាងសិល្បៈ។
ការសិក្សាមួយបង្ហាញថា ក្រៅពីអ្វីទាំងនេះ ក្មេងដែលចូលចិត្តខាងសិល្បៈគំនូរ ក៏បានផ្ដល់ផលប្រយោជន៍ទៅលើការសិក្សារបស់ពួកគេពេលដល់វ័យចូលរៀនដែរ គឺថាក្មេងទាំងនោះនឹងមានសមត្ថភាពខាងសរសេរ ខាងអក្សរសាស្រ្ត គណិតវិទ្យា និងវិទ្យាសាស្រ្តថែមទៀតផង។
អត្ថបទពាក់ព័ន្ធ៖
- ម៉ាក់ៗសម័យថ្មី ចិញ្ចឹមកូនបែបណាទើបកូនមានប្រព័ន្ធការពាររឹងមាំ និងមិនសូវឈឺ?
- មកពីបែបនេះ ទើបកូនយើងអាយុស្របាលក្មេងដទៃដែរ តែកម្លាំង បញ្ញា ចាញ់គេដាច់
- ប៉ាម៉ាក់តិចអត់ដឹង! ទម្លាប់អានសៀវភៅឲ្យកូនស្តាប់មុនចូលគេង មានប្រយោជន៍ខ្លាំង
- ៥ ចំណុច ជួយប៉ា់ម៉ាក់បង្កើតទម្លាប់គេងល្អដល់កូន
២. ជួយក្មេងសម្ដែងអារម្មណ៍ចេញមកក្រៅ
កូនក្មេងអាចប្រើប្រាស់សិល្បៈក្នុងការជួយពួកគេបង្ហាញអារម្មណ៍បានតាមវិធីច្រើនយ៉ាង ក្រៅតែពីការនិយាយ។ ក្មេងខ្លះមិនសូវជាចេះនិយាយ តែបើតាមសិល្បៈគំនូរពួកគេបែរជាពូកែគូរ និងបានបង្ហាញអារម្មណ៍របស់ពួកគេក្នុងនោះទៅវិញ។ ក្រៅពីនេះសិល្បៈមួយនេះក៏បានជួយឲ្យក្មេងបានស្រមើស្រម៉ៃ និងមានការចង់ដឹងចង់ឮកាន់តែខ្ពស់ផងដែរ។
៣. បង្កើតគំនិតច្នៃប្រឌិត
ក្មេងៗដែលមានការស្រមើស្រមៃ និងការចង់ដឹងចង់ឮ គឺមានទំនាក់ទំនងទៅនឹងការទទួលបានជោគជ័យខ្ពស់ក្នុងអាជីពទៅថ្ងៃអនាគតពេលពួកគេធំពេញវ័យ ព្រោះកត្តាទាំងពីរនេះធ្វើឲ្យក្មេងចេះគិត និងស្វែងរកដំណោះស្រាយលើបញ្ហានានា។
ការសិក្សាមួយរបស់International Child Art Foundation បានបង្ហាញថាក្មេងៗចូលចិត្តខាងសិល្បៈនឹងទទួលបាននូវសមត្ថភាពក្នុងការគិតប្រកបដោយភាពច្នៃប្រឌិត បង្កើតគំនិតថ្មីៗផ្ទាល់ខ្លួន ព្រមទាំងអាចស្វែងរក និងច្នៃប្រឌិតបង្កើតអ្វីដែលថ្មី ទៀតផង ដែលនេះជាភាពជោគជ័យមួយរបស់ពួកគេ ហើយក៏ជាអ្វីដែលសង្គមក្នុងសតវត្សរ៍ទី២១ចង់បាន។
៤. បង្កើតទំនុកចិត្តលើខ្លួនឯង
ក្មេងៗដែលអាចចាប់ផ្ដើមសម្រេចចិត្តជ្រើសរើសទម្រង់សិល្បៈដែលខ្លួនចង់ធ្វើ និងរបស់របរដែលខ្លួនចង់យកមកប្រើប្រាស់ គឺជាពេលវេលាដំបូងៗដែលក្មេងចាប់ផ្ដើមធ្វើការម្រេចចិត្តដោយឯករាជ្យ និងម្ចាស់ការរបស់ពួកគេ។
ការចេះសម្រេចចិត្តដោយឯករាជ្យនេះ នឹងធ្វើឲ្យក្មេងមានទំនុកចិត្តលើខ្លួនឯង មានទំនុកចិត្តលើសមត្ថភាពរបស់ពួកគេ ហើយនឹងមានអារម្មណ៍ថាពួកគេអាចបញ្ចេញអារម្មណ៍មកក្រៅបានដោយទំនុកចិត្តទៀតផង។
ដូចនេះហើយបានជាអ្នកជំនាញអប់រំកុមារបានលើកឡើងថាការគូររូបមិនមែនជាសកម្មភាពធម្មតាៗដូចដែលយើងបានឃើញនោះទេ។ ក្រុមអ្នកជំនាញទាំងនោះបានចាត់ទុកការគូររូបនេះជាមធ្យោបាយមួយដែលក្មេងៗអាចបញ្ចេញអារម្មណ៍ គំនិត ភាពច្នៃប្រឌិត និងប្រើប្រាស់ញាណរបស់ខ្លួន ក្នុងការរុករក និងបង្កើតនូវបទពិសោធន៍ថ្មីៗ។
[embed-health-tool-vaccination-tool]