ជាទូទៅ កូនតូចយល់ដឹង និងមានអារម្មណ៍លើសពីអ្វីដែលខ្លួនអាចនិយាយបាន។ ជាលទ្ធផល ពួកគេអាចរងការប៉ះទង្គិចផ្នែកអារម្មណ៍ខ្លាំង ដែលធ្វើឲ្យកូនបញ្ចេញអាកប្បកិរិយាមិនសមរម្យផ្សេងៗ ដូចជាស្រែកគំហក ឬមួម៉ៅខ្លាំង។ ដូចនេះ ដើម្បីដោះស្រាយបញ្ហាអាកប្បកិរិយាមិនល្អរបស់កូន តើប៉ាម៉ាក់គួរធ្វើយ៉ាងម៉េចខ្លះ?
អត្ថន័យពណ៌ និងរូបរាងលាមកទារក នៅទីនេះ
១. ស្រែកគំហក
កូនតូចដែលមានអាយុចន្លោះពី ១ឆ្នាំទៅ ៣ឆ្នាំ មានថាមពលពេញលេញ ហើយកូនអាចនឹងទើបដឹងថាខ្លួនអាចស្រែកខ្លាំងៗបាន។ យ៉ាងណាមិញ ការស្រែកមិនបានបង្ហាញពីអាកប្បកិរិយាខឹងសម្បាររបស់កូនឡើយ ពីព្រោះអាអូននៅមិនទាន់យល់ថាការស្រែកជារឿងមិនល្អ។
ប្រសិនបើប៉ាម៉ាក់ស្រែកដាក់កូនវិញ ក្មេងអាចនឹងគិតថាការស្រែកជារឿងធម្មតាដែលអាចធ្វើទៅបាន។ ហេតុនេះហើយ ប៉ាម៉ាក់គប្បីបង្រៀនកូនឲ្យចេះបែងចែករវាងសំឡេងខ្លាំង និងសំឡេងស្រទន់។ បន្ទាប់មក ចូរណែនាំឲ្យកូនសាកល្បងស្រែកនៅក្នុងសំឡេងតិចទៅៗ ឬឲ្យអាអូននិយាយសំឡេងស្រាលៗជំនួសវិញ។
២. ខាំក្រចក
ជាមួយគ្នានេះដែរ ការខាំក្រចកអាចក្លាយជាទម្លាប់ ហើយកូនអាចចាប់ផ្ដើមធ្វើទង្វើនេះដោយមិនដឹងខ្លួន នៅពេលដែលក្មេងធុញទ្រាន់ ឬតានតឹង។ យ៉ាងណាមិញ ប្រសិនបើប៉ាម៉ាក់ស្ដីឲ្យ ឬបង្ខំឲ្យកូនបញ្ឈប់ទម្លាប់អាក្រក់នេះកាន់តែខ្លាំងប៉ុនណា កូននឹងបន្តធ្វើវាកាន់តែខ្លាំងប៉ុននោះដែរ។ ផ្ទុយទៅវិញ អាអូននឹងបញ្ឈប់ទម្លាប់នេះ នៅពេលដែលគេដឹងថាមានអ្នកផ្សេងកំពុងមើលមកខ្លួន។ ប៉ាម៉ាក់គប្បីជួយកូនស្វែងរកវិធីសមស្របដើម្បីបំបាត់ភាពតានតឹងនេះ ទើបជាការប្រសើរ។
៣. ខ្លាចមនុស្សច្រើន
នៅពេលដែលក្មេងនៅក្នុងចំណោមមនុស្សច្រើន អាអូនអាចពិបាកគ្រប់គ្រងអារម្មណ៍។ បញ្ហានេះអាចកើតឡើងនៅផ្សារទំនើប ឬពិធីជប់លៀងជាដើម។
ពិតណាស់ កូនអាចមិនទាន់ស៊ាំនឹងហ្វូងមនុស្សចម្លែកច្រើន និងនៅកន្លែងដែលមិនធ្លាប់ស្គាល់ ជាហេតុនាំឲ្យកូនតោងប៉ាម៉ាក់មិនព្រមលែង។ ក្នុងករណីនេះ យើងគប្បីឱប និងកាន់ដៃកូនថ្នមៗ ដើម្បីបញ្ជាក់ឲ្យកូនដឹងថា ពួកគេមានសុវត្ថិភាព។ ចូរព្យាយាមឲ្យកូនរៀនចូលទៅក្នុងកន្លែងដែលមានមនុស្សច្រើនបន្តិចម្ដងៗ ក៏ដូចជាលើកទឹកចិត្តកូននៅរាល់ពេលដែលក្មេងបញ្ចេញភាពក្លាហាន។
៤.កុហក
កូនប៉ាម៉ាក់អាចនឹងមិនទាន់ដឹងពីភាពខុសគ្នារវាងការពិត និងការស្រមើស្រមៃ រហូតទាល់តែក្មេងមានអាយុ៣ ឬ៤ឆ្នាំ ហើយក៏មិនដឹងថាពាក្យនេះមានន័យថាម៉េចដែរ។ ជំនួសឲ្យការចោទប្រកាន់កូនអំពីសកម្មភាពជាក់លាក់ ប៉ាម៉ាក់គប្បីលើកទឹកចិត្តកូនឲ្យសារភាពកំហុស ជាជាងការបដិសេធ។ ចូរបង្កើតបរិយាកាសដ៏គួរឲ្យទុកចិត្ត ដោយប្រាប់កូនថាយើងទុកចិត្តគេ ហើយថាកូនក៏គួរតែទុកចិត្តប៉ាម៉ាក់វិញដូចគ្នា។
[embed-health-tool-vaccination-tool]