ម៉ាក់ៗដែលមានកូនតូចទើបកើតមួយចំនួនរអ៊ូថា កូនទើបតែកើតបាន២-៣ខែ ទេ តែហេតុអីបានជារាកញឹកញាប់ម្ល៉េះ? ទារករាកញឹកញាប់អាចបណ្ដាលមកពីទឹកដោះម្ដាយ ឬទឹកដោះគោ?
ឆ្លើយតបនឹងចម្ងល់នេះ លោកវេជ្ជបណ្ឌិត អ៊ុន យូ ឯកទេសរោគកុមារបានឲ្យដឹងថា ទារកដែលរាកគឺបណ្ដាលមកពីមូលហេតុច្រើន តែបញ្ហាចម្បងដែលធ្វើឲ្យទារករាកញឹកញាប់គឺ ពពួកវីរុស៨០% និង ២០%ទៀតគឺពពួកបាក់តេរី និងពពួកប៉ារ៉ាស៊ីតមួយចំនួន។ ចំណែកការរាកដោយសារអាលែកហ្សីជាមួយនឹងទឹកដោះគោ ឬជាមួយចំណីអាហារផ្សេងៗ គឺមានភាគរយតិចដែលបណ្ដាលឲ្យទារករាក បើប្រៀបនឹងពពួកបាក់តេរី ឬវីរុសអស់នោះ។
តាមការណែនាំរបស់លោកវេជ្ជបណ្ឌិត ដើម្បីដោះស្រាយបញ្ហាទារករាកនេះគឺ ត្រូវបន្តបំបៅដោះកូនធម្មតា ហើយគួរយកកូនទៅឲ្យពេទ្យពិនិត្យ មិនត្រូវផ្តល់ថ្នាំរាកផ្តេសផ្តាសឲ្យកូនទេ។ “ប្រសិនបើម៉ាក់ប៉ាបានយល់ដឹងពីបញ្ហាវ៉ាក់សាំង ខាងគ្រូពេទ្យអាចផ្ដល់វ៉ាក់សាំងការពាររាក តាំងពីទារកអាយុបាន១ខែកន្លះ។ នៅពេលដែលចាក់វ៉ាក់សាំងហើយ នឹងជួយកាត់បន្ថយអាការៈរាកបានទៅថ្ងៃក្រោយទៀត’។
ជាមួយគ្នាដែរ លោកវេជ្ជបណ្ឌិតបន្តថា ម្យ៉ាងវិញទៀត ការរាករបស់ក្មេងតូចៗក៏អាចទាក់ទងនឹងរឿងអនាម័យដែរ។ ប្រសិនបើម៉ាក់ប៉ាឧស្សាហ៍លាងសម្អាតដៃឲ្យកូនបានល្អត្រឹមត្រូវ មុនរៀបចំអាហារឲ្យកូនម៉ាក់ប៉ាលាងដៃបានស្អាតល្អ នោះវាអាចកាត់បន្ថយការចម្លងមេរោគដែលបណ្ដាលឲ្យរាករូសរបស់កូនបានច្រើន។ ក្នុងករណីដែលអាអូនតូចៗរាក ម៉ាក់បា៉គួរឲ្យកូនញ៉ាំទឹកអូរ៉ាលីត្រ ឬទឹកដូងក៏បាន តែបើនៅមិនទាន់បាត់រាក ត្រូវយកកូនទៅមន្ទីរពេទ្យ ឬទៅជួបគ្រូពេទ្យ ដើម្បីឲ្យពេទ្យពិនិត្យមើល និងព្យាបាលកូនឲ្យបានធូរស្រាល។
អត្ថបទពាក់ព័ន្ធ៖
- វិធីងាយៗនេះអាចជួយអូនតូចៗបាន ពេលរាកតិចតួច
- កុំបណ្តោយឲ្យកូនរាកយូរ មានផលប៉ះពាល់ច្រើនណាស់
- អាហារណាខ្លះគួរឲ្យកូនញ៉ាំ និងមិនគួរឲ្យញ៉ាំ ពេលរាករូស?
- នេះមូលហេតុសំខាន់ៗ និងរោគសញ្ញាចាំបាច់ បើកូនរាក
- មូលហេតុទាំងនេះ ធ្វើឲ្យកូនតូចរាករូសញឹកញាប់ ម៉ាក់ប៉ាមិនត្រូវមើលរំលង
- ទារកមានសញ្ញា ៣ នេះ បញ្ជាក់ថាមានបញ្ហាប្រព័ន្ធរំលាយអាហារហើយ
- ចង់ឲ្យកូនបៅម្សៅទឹកដោះគោ គួរស្វែងយល់ពីគុណវិបត្តិ និងគុណសម្បត្តិជាមុន
[embed-health-tool-vaccination-tool]