បញ្ហាមួយក្នុងចំណោមបញ្ហាជាច្រើនដែលធ្វើឲ្យឪពុកម្តាយឈឺក្បាលញឹក គឺកូនឧស្សាហ៍ទល់លាមក ជុះមិនដែលទៀងទេ ហើយពេលជុះម្តងៗ កូនត្រូវប្រឹងយូរ ស្រែកផងយំផង។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសទូទៅ បានលើកឡើងថា បញ្ហាចម្បងដែលធ្វើឲ្យ ក្មេងៗទល់លាមក គឺកត្តាចំណីអាហារ ដែលម៉ាក់ប៉ាមួយចំនួនជ្រើសរើសអាហារបំប៉នកូនមិនបានត្រឹមត្រូវ។
៣ ចំណុច ខាងក្រោមនេះជាតិចនិកជ្រើសរើសអាហារបំប៉នកូន ដើម្បីឲ្យក្រពះពោះវៀនមានសុខភាពល្អ ចៀសវាងបញ្ហាទល់លាមក។
១. ឲ្យកូនញ៉ាំចំណីអាហារសម្បូរជាតិសរសៃ
កូនធំបន្តិច អាចញ៉ាំចំណីអាហារបាន ម៉ាក់ប៉ាមិនត្រូវបណ្តោយឲ្យញ៉ាំអីតាមចិត្តចង់នោះទេ ព្រោះក្មេងចូលចិត្តញ៉ាំតែសាច់ ញ៉ាំតែ Fast food មិនចង់ញ៉ាំបន្លែ ផ្លែឈើនោះទេ។ ទម្លាប់ និងចំណង់ចំណូលចិត្តបែបនេះហើយទើបធ្វើឲ្យក្មេងៗទៅជាមានបញ្ហាក្រពះពោះវៀន ឧស្សាហ៍ទល់លាមក។ យើងគួរតែទម្លាប់ឲ្យកូនញ៉ាំចំណីអាហារចម្រុះមុខ មានទាំងសាច់ ស៊ុត ត្រី ពិសេសបន្លែ និងផ្លែឈើ ដែលសម្បូរជាតិសរសៃ ចៀសវាងអាហារប្រៃ ផ្អែម និងខ្លាញ់ច្រើន។
២. ជ្រើសរើសម្សៅទឹកដោះគោសម្បូរជាតិកាកសរសៃ និងព្រីបាយអូទិក
ចំពោះកូនផឹកម្សៅទឹកដោះវិញ ឪពុកម្តាយមិនគួរប្រើផលិតផលតាមគ្នានោះទេ ត្រូវចេះជ្រើសរើសម្សៅទឹកដោះគោណាដែលមានរូបមន្តផ្សំពីជាតិកាកសរសៃ និងព្រីបាយអូទិក ដែលទាំង២មុខនេះ ជួយបញ្ចៀសបញ្ហាទល់លាមករបស់ក្មេងៗបានល្អ ឯសុខភាពក្រពះពោះវៀនកូនក៏គ្មានបញ្ហាចោទដែរ។
៣. ឲ្យកូនញ៉ាំទឹកឲ្យបានច្រើន
ទឹកមានតួនាទីសំខាន់ទ្រទ្រង់រាងកាយដូចគ្នានឹងចំណីអាហារដែរ បែបនេះយើងត្រូវឲ្យកូនញ៉ាំទឹកឲ្យបានច្រើន ដើម្បីកុំឲ្យកូនបាត់បង់ជាតិទឹក និងមានបញ្ហាដល់ក្រពះពោះវៀនទៀត។ ក្រៅទឹកស្អាត ឪពុកម្តាយក៏អាចឲ្យកូនញ៉ាំទឹកផ្លែឈើស្រស់បន្ថែមក៏បាន តែត្រូវចៀសវាងទឹកផ្លែឈើ ឬទឹកក្រូចកំប៉ុង ព្រោះភេសជ្ជៈទាំងនេះមានរសជាតិផ្អែមខ្លាំង។
ដូច្នេះហើយក្រពះពោះវៀនមានសុខភាពល្អពិតជាផ្ដល់អត្ថប្រយោជន៍សម្រាប់សុខភាពទូទៅ និងការអភិវឌ្ឍផ្សេងៗ។ ដើម្បីឲ្យក្រពះពោះវៀនមានសុខភាពល្អ ម៉ាក់ៗគួរឲ្យកូនផឹកទឹកឲ្យច្រើន អាចជាទឹកស្អាត ទឹកសម្ល ឬទឹកផ្លែឈើ ត្រូវឲ្យកូនធ្វើសកម្មភាពឲ្យបានច្រើន សំខាន់ជាងនោះទៀតគួរ ផ្តល់អាហារដែលមានជាតិសសៃខ្ពស់ដូចជាបន្លែ ផ្លែឈើជាដើម។
[embed-health-tool-vaccination-tool]