កូនៗលូតលាស់បានល្អ មានភាពរីករាយ ឆ្លាតទៀតនោះ ម៉ាក់ប៉ាញញឹមបិទមាត់មិនជិតនោះទេ។ តើត្រូវធ្វើម៉េចដើម្បីកូនយើងមានភាពរីករាយ ក្លាយជាក្មេងឆ្លាត? តាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត អ៊ុន យូ ឯកទេសរោគកុមារ នាពេលកន្លងមក ក្មេងលូតលាស់បានល្អ ឆ្លាត ឬមិនឆ្លាត គិតរាប់តាំងពីហ្សែនរបស់ឪពុកម្តាយ ការលូតលាស់របស់គភ៌ក្នុងផ្ទៃ បូករួមទាំងបរិយាកាសរស់នៅ ការថែទាំ និងរបបអាហារក្រោយពេលកើតមក។
“និយាយដល់ការលូតលាស់របស់កូន គឺត្រូវគិតតាំងពីនៅក្នុងផ្ទៃម្តាយមកម្ល៉េះ បើពេលពពោះ ម្តាយមានជំងឺ ច្បាស់ណាស់គភ៌វិវត្តយឺត មិនគ្រប់គីឡូ ខ្វះអវយវៈ ដល់ពេលកើតមកទៅជាខ្សោយ ការលូតលាស់ក៏យឺតដូចគ្នា’។ នេះការរៀបរាប់របស់លោកវេជ្ជបណ្ឌិត អ៊ុន យូ។
ចំពោះតិចនិកថែទាំកូនឲ្យមានភាពរីករាយ ក្លាយជាក្មេងឆ្លាតវិញ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសទូទៅបានលើកឡើងថា ម៉ាក់ប៉ាគ្រប់រូបតែងតែប្រាថ្នាចង់បានដូចគ្នា តែលទ្ធផលអាស្រ័យលើអនុវត្តក្នុងការរស់នៅប្រចាំថ្ងៃ តើបានត្រឹមត្រូវតាមក្បូនខ្នាតកម្រិតណា។ លោកវេជ្ជបណ្ឌិតពន្យល់ថា ក្មេងរីករាយ ខួរក្បាលវៃឆ្លាតទៅបានលុះណាតែមានសុខភាពល្អ មិនសូវឈឺនេះឈឺនោះ សុខភាពប្រព័ន្ធរំលាយអាហារក៏ល្អ។
ធ្វើម៉េចឲ្យប្រព័ន្ធរំលាយអាហារក្មេងដំណើរបានល្អ មិនសូវឈឺនោះ? លោកវេជ្ជបណ្ឌិតឆ្លើយថា ចំពោះក្មេងអាយុ ៣ឆ្នាំឡើង ម៉ាក់ប៉ាត្រូវគិតលើរបបអាហារជាសំខាន់ ដែលក្នុងនោះអាហារដែលមានជាតិកាកសរសៃច្រើន ដូចជាបន្លែផ្លែឈើ ល្អខ្លាំងចំពោះសុខភាពក្រពះពោះវៀនកូន និងត្រូវឲ្យកូនញ៉ាំទឹកឲ្យបានច្រើន។ ដោយឡែកកូនដែលនៅញ៉ាំម្សៅទឹកដោះគោ ម៉ាក់ប៉ាគួរជ្រើសរើសទឹកដោះគោណាដែលសម្បូរជាកាកសរសៃ។ដោយឡែករបបអាហារដែលជួយដល់ការអភិវឌ្ឍន៍ខួរក្បាល និងប្រព័ន្ធប្រសាទវិញ លោកវេជ្ជបណ្ឌិតណែនាំឲ្យផ្តល់អាហារណាដែលសម្បូរអាស៊ីដខ្លាញ់ Omega-3 ដែលជាប្រភពផ្តល់នូវ DHA។
ក្រៅរបបអាហារ លោកវេជ្ជបណ្ឌិតថា ម៉ាក់ប៉ាគួរចៀសវាងឲ្យកូនមើលទូរទស្សន៍ ឬទូរសព្ទច្រើន ត្រូវបង្កើនភាពស្និទ្ធស្នាលជាមួយកូន ឲ្យកូនធ្វើលំហាត់ប្រាណ ធ្វើសកម្មភាពផ្សេងៗទៅតាមវ័យរបស់ពួកគេ ដូចជាប្រើឧបករណ៍ផ្គុំរូបភាពដើម្បីបង្កើតហ្គេមសប្បាយៗនៅផ្ទះ បង្រៀនកូន និងជួយពួកគេឲ្យរៀនពីពណ៌ សណ្ឋាន និងលេខផ្សេងៗ ឬណែនាំកូនពីការអានសៀវភៅ ដោយចាប់ផ្ដើមជាមួយនឹងសៀវភៅដែលមានរូបភាព ព្រមទាំងនិទានរឿងឲ្យពួកគេស្ដាប់។
[embed-health-tool-vaccination-tool]