ក្នុងឱកាសឈប់សម្រាលពិធីភ្ជុំបិណ្ឌនាពេលខាងមុននេះ ប្រាកដជាមានការជួបជុំសាច់ញាតិ និងញ៉ាំអាហារយ៉ាងសម្បូរបែប។ សម្រាប់មនុស្សធំ ទោះញ៉ាំអាហារខុសក៏មិនសូវចោទជាបញ្ហាដែរ តែចំពោះកូនតូចវិញ បើញ៉ាំអាហារគ្មានអនាម័យ ឬអាហារចម្រុះពេក អាចប៉ះពាល់ដល់សុខភាពទៅវិញ។
វេជ្ជបណ្ឌិត ហ៊ាង រតនា បានបញ្ជាក់ថា កូនតូចចាប់ពីអាយុ ៦ ខែឡើងទៅ មិនត្រូវឲ្យញ៉ាំអាហារដែលសល់ច្រើនថ្ងៃឡើយ បើទោះជាបានកម្ដៅរួចហើយក៏ដោយ។ ត្រូវធ្វើអាហារសម្រាប់ញ៉ាំ ១ ថ្ងៃ ឬ ១ ពេលៗប៉ុណ្ណោះ ព្រោះអាហារដែលសល់យូរអាចផ្អូម ជូរ បង្កជាឈឺ ឬចុកពោះ រាករូស ក្អួតចង្អោរ។
មួយវិញទៀតវេជ្ជបណ្ឌិតឯកទេសទូទៅផ្ដាំមិនឲ្យកូនតូចផឹកភេសជ្ជៈកំប៉ុង ទឹកក្រូច ស្ករសូកូឡា ឬទឹកកកឡើយ ព្រោះភេសជ្ជៈច្រើនតែនាំឲ្យ គ្រុនក្ដៅ ឈឺក រហូតរលាកបំពង់ក។ មិនត្រឹមតែប៉ុណ្ណោះគ្រឿងកំប៉ុងមានជាតិស្ករច្រើន បើញ៉ាំយូរៗទៅនាំឲ្យកូនកើតជំងឺធាត់លើសទម្ងន់ និងបញ្ហាសុខភាពទៅថ្ងៃមុខទៀតដូចជាទឹកនោមផ្អែម ស្ទះសរសៃឈាមបេះដូង។
ចំណែករឿងនំ ស្ករគ្រាប់ នំបន្ទះស្រួយ ឬនំកញ្ចប់ៗក៏ត្រូវហាមឃាត់មិនឲ្យកូនញ៉ាំដែរ ព្រោះអាហារទាំងនោះបានផលិតចូលគ្នានូវស្ករ អំបិល ខ្លាញ់ និងសារធាតុគីមីយ៉ាងច្រើនទៀត ដើម្បីរក្សាទុក។ បើបណ្ដោយឲ្យកូនញ៉ាំអាហារឥតប្រយោជន៍ទាំងនោះ បណ្ដាលឲ្យពុកធ្មេញ ហើយថ្ងៃមុខអាចមានជំងឺលើសឈាម ជំងឺទឹកនោមផ្អែម និងបញ្ហាសុខភាពផ្សេងៗទៀត។
ដូចនេះដើម្បីការពារកូនមិនឲ្យឈឺ យើងត្រូវត្រៀមទុកឲ្យកូន ពេលគេទាមទារចង់ញ៉ាំចំណីចំណុកផ្លែឈើ គ្រាប់ធញ្ញជាតិ និងចម្អិនសម្រាប់ញ៉ាំក្នុងពេលបាយ។ ជាពិសេសឲ្យកូនផឹកទឹកឲ្យបានច្រើន ដែលជាទឹកដាំពុះ និងទុកបានបានជិតល្អ។ ក្រៅពីនោះត្រូវត្រៀមការពារកូនពីមូសដោយពាក់ខោអាវវែងៗ មុង ឡេកុំឲ្យមូសខាំជាដើម។
លោកក៏បានបន្ថែមទៀតដែរថា ខែនេះភ្លៀងសុំកុំឲ្យកូនងូត ឬលេងទឹកភ្លៀង ព្រោះអាចបណ្ដាលឲ្យផ្ដាសាយ ក្អក ហៀរសម្បោរ និងគ្រុនជាដើម ហើយដើម្បីការពារកូនពីគ្រោះថ្នាក់ត្រូវនៅក្បែរកុំឲ្យឆ្ងាយពីខ្លួន ព្រោះកូនអាចរត់លេងទៅក្រៅ ហើយឡានម៉ូតូច្រើនប៉ះពារ និងកុំឲ្យទៅលេងកន្លែងមានទឹកដូចជាទន្លេ ស្ទឹង បឹង អាចបណ្ដាលឲ្យលង់បាន។
[embed-health-tool-vaccination-tool]