អាការៈក្តៅខ្លួនឧស្សាហ៍កើតលើកុមារតូចៗណាស់ដែលបណ្តាលឱ្យសីតុណ្ហភាពរាងកាយក្មេងឡើងកម្ដៅដល់ ៣៨ អង្សាសេ ឬលើសពីនេះ។ ពេលកូនតូចក្តៅខ្លួន ម៉ាក់ប៉ាតែងតែចង់ឱ្យកូនឆាប់ថយកម្តៅព្រោះខ្លាចកូនប្រកាច់ ឬមានផលប៉ះពាល់ខួរក្បាល។ យ៉ាងណាមិញ ពេលកូនក្តៅខ្លួន ម៉ាក់ប៉ា មួយចំនួនបែរជាអាចសាងកំហុសដោយមិនដឹងខ្លួន។ តើកំហុសទាំងនោះមានអ្វីខ្លះ ហើយមានផលប៉ះពាល់បែបណាខ្លះ?
១. ជូតខ្លួនឱ្យកូនជាមួយទឹកត្រជាក់ ឬទឹកកក
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ជាន សុផល ប្រធានផ្នែកជំងឺឈាមកុមារ នៃមន្ទីរពេទ្យកុមារជាតិបានឱ្យដឹងថា ការយកទឹកកកទៅជូតឱ្យកូនក្នុងបំណងឱ្យសីតុណ្ហភាពខ្លួនកូនចុះត្រជាក់លឿន គឺគ្រោះថ្នាក់ណាស់ ព្រោះថាអាចធ្វើឱ្យកូនប្រកាច់។ ពេលកូនក្តៅខ្លួនខ្លាំង អាចឡើងដល់ ៣៩ អង្សាសេ ហើយទឹកកកគឺ ០ អង្សាសេ ប្រៀបដូចជាយើងយកដែកដែលដុតក្តៅទៅជ្រលក់ទឹកអ៊ីចឹងដែរ។
ម៉ាក់ប៉ាអាចយកទឹកក្តៅឧណ្ហៗ មានសីតុណ្ហភាពរង្វង់ ៣០អង្សាសេ (ត្រូវទាបជាងកម្ដៅខ្លួនកូន) មកជូតខ្លួនឱ្យកូន ដើម្បីចៀសវាងធ្វើឱ្យកូនស្រៀវ ឬព្រឺរងា ព្រោះពេលក្តៅខ្លួន កូនចាញ់រងា។ លោកថា ការជូតខ្លួនកូនជាមួយទឹកក្ដៅឧណ្ហៗល្អជាងការជូនខ្លួនជាមួយទឹកត្រជាក់ធម្មតា។
២. មិនហ៊ានងូតទឹកឱ្យកូនព្រោះខ្លាចទឹកចូលសួត
លោកវេជ្ជបណ្ឌិតបានបន្តថា សួតរបស់យើងមិនអាចទឹកចូលដោយសារងូតទឹកទេ ហើយការមានទឹកក្នុងសួតបានន័យក្មេងរលាកសួតព្រោះមេរោគចូលក្នុងសួត។
លោកបន្តថា គ្រូពេទ្យហាមមិនឱ្យងូតទឹកឱ្យកូនពេលក្តៅខ្លួនដោយសារ ពេលងូតទឹកត្រជាក់អាចបណ្តាលឱ្យកូនរងាដែលអាចធ្វើឱ្យកូនប្រកាច់ បើកូនក្តៅខ្លួនខ្លាំង។ យ៉ាងណា លោកថា ម៉ាក់ប៉ាអាចងូតទឹកក្តៅឧណ្ហៗឱ្យកូនបាន ដើម្បីជួយបញ្ចុះកម្ដៅក្នុងខ្លួនកូន។
[embed-health-tool-vaccination-tool]
៣. ស្លៀកពាក់ឱ្យកូនច្រើនជាន់ ឬដណ្តប់ភួយឱ្យកូន
ពេលកុមារក្តៅខ្លួន តែងតែក្តៅផង រងាផងដោយសារតែភាពខុសគ្នាខ្លាំងរវាងសីតុណ្ហភាពក្នុងរាងកាយ និងបរិយាកាសខាងក្រៅ។ នៅពេលដែលសីតុណ្ហភាពរាងកាយរបស់យើងឡើងកម្តៅខ្ពស់ជាងធម្មតា យើងនឹងមានអារម្មណ៍ថាខ្យល់នៅជុំវិញខ្លួនយើងត្រជាក់ជាងធម្មតា។ ពេលនោះសាច់ដុំយើងនឹងកន្រ្តាក់ និងរលាយ៉ាងលឿនដើម្បីផលិតកម្តៅបន្ថែមឱ្យរាងកាយដែលបណ្តាលឱ្យយើងញាក់។
ទាក់ទងនឹងករណីនេះវិញ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ និងជាប្រធានផ្នែកសម្ភព និងរោគស្រ្តីនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជាចិនសែនសុខបានឱ្យដឹងថា ក្មេងក្តៅខ្លួន ចាញ់រងារណាស់ ចង់តែដណ្តប់ភួយ តែម៉ាក់ប៉ាមិនត្រូវធ្វើបែបនោះឡើយ ហើយក៏មិនត្រូវស្លៀកពាក់ឱ្យកូនក្រាស់ៗ ឬច្រើនជាន់ដែរ ព្រោះថាការធ្វើបែបនេះ អាចធ្វើឱ្យកូនរឹតតែក្តៅខ្លួនទៅវិញ។
ពេលកូនក្តៅខ្លួន ម៉ាក់ប៉ាអាចឱ្យកូនញុំាថ្នាំបញ្ចុះកម្ដៅ និងបន្តតាមដានអាការៈកូន ក្នុងករណីកូនញ៉ាំថ្នាំហើយ សីតុណ្ហភាពចុះត្រជាក់តែមួយរយៈខ្លី ហើយបន្តក្ដៅខ្លួនវិញ នោះប៉ាម៉ាក់គួរតែនាំកូនទៅជួបពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវ។
អត្ថបទគួរអាន៖
- កូនតូចក្តៅខ្លួនកម្រិតណា ទើបត្រូវនាំទៅពេទ្យ?
- មកដឹងពីវិធីសង្គ្រោះបឋមកូន ពេលក្តៅខ្លួនខ្លាំង មិនឲ្យឈានដល់ប្រកាច់
- តិចនិកបញ្ចុះកម្តៅកូនតូចៗពេលក្តៅខ្លួនខ្លាំង មិនឲ្យគ្រោះថ្នាក់ដល់ជីវិត
- តិចនិកដោះស្រាយបញ្ហាកូនក្ដៅខ្លួន មុននាំទៅមន្ទីរពេទ្យ
- អាអូនក្ដៅខ្លួនដល់កម្រិតនេះហើយ ត្រូវនាំកូនទៅជួបពេទ្យឲ្យលឿន
- ក្មេងក្តៅខ្លួន ឬផ្តាសាយ ចំថ្ងៃត្រូវចាក់វ៉ាក់សាំង អាចចាក់បានអត់?