backup og meta

សម្គាល់ម៉េចដឹងថា កូនកើតអូទីស្សឹមឬអត់?

ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស. លោក ហឿ សេធុល · ប្រឹក្សាខាងសុខភាពផ្លូវចិត្ត · សាលាអប់រំពិសេស KCPS


អត្ថបទ​ដោយ សុខ វណ្ណ · កែ Mar 13, 2023

    សម្គាល់ម៉េចដឹងថា កូនកើតអូទីស្សឹមឬអត់?

    អូទីស្សឹមកំពុង​កើត​ច្រើន​លើកុមារ​ជុំ​វិញ​ពិភពលោក ខណៈ​នៅ​ស្រុក​ខ្មែរ​យើង​ កុមារ​កើត​អូទីស្សឹម​ក៏មាន​ចំនួន​គួរ​ឱ្យ​កត់​សម្គាល់ដែរ។ យោងតាមរបាយការណ៍អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ក្នុង​ចំណោម​ក្មេង​១០០នាក់ មានក្មេងម្នាក់កើតអូទីស្សឹម។ តើអូទីស្សឹមជាអ្វី?​ ម៉ាក់ប៉ាអាច​សង្កេតម៉េចដឹងថា កូន​កើត​អូទីស្សឹម​ឬអត់?

    លោក ហឿ សេធុល អ្នកឯកទេសពិគ្រោះយោបល់ និងអប់រំផ្លូវចិត្តនៅសាលាអប់រំពិសេស KCPS បានឱ្យដឹងថា អូទីស្សឹមជាបញ្ហាពីកំណើតទាក់ទងនឹងការ​អភិវឌ្ឍផ្នែកប្រព័ន្ធប្រសាទខួរក្បាល ដែល​អាចខុសប្រក្រតី​នៅ​កន្លែង​ណាមួយ ហើយធ្វើឱ្យតួនាទីមួយចំនួនរបស់ខួរក្បាល និងតួនាទីមួយចំនួន​ដែលប្រព្រឹត្ត​ទៅ​ជាមួយខួរក្បាល​មាន​បញ្ហា។

    លោក ហឿ សេធុល អ្នកឯកទេសពិគ្រោះយោបល់ និងអប់រំផ្លូវចិត្តនៅសាលាអប់រំពិសេស KCPS
    លោក ហឿ សេធុល អ្នកឯកទេសពិគ្រោះយោបល់ និងអប់រំផ្លូវចិត្តនៅសាលាអប់រំពិសេស KCPS​ (រូបភាព៖ Helloគ្រូពេទ្យ)

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    សញ្ញាណអូទីស្សឹមលើកុមារ

    សញ្ញាណអូទីស្សឹមមានរហូតដល់ទៅជាង ៥០ ឯណោះ ហើយអាចខុសៗគ្នាពីក្មេង​ម្នាក់ទៅក្មេងម្នាក់ទៀត។ ដោយ​ឡែកជាលក្ខណៈរួម កុមារអូទីស្សឹមអាចប្រឈមមុខនឹងបញ្ហាធំៗមួយ​ចំនួន​​។​

    ក. អាកប្បកិរិយា

    កុមារអាចមានអាកប្បកិរិយាច្រងេងច្រងាង ងាយឆេវឆាវ ម៉ួម៉ៅ តប់ប្រមល់ ឬបោកប្រាស់របស់របរ​ជាដើម។ ក្នុង​លក្ខខណ្ឌ​ធ្ងន់ធ្ងរ កុមារអូទីស្សឹមអាចធ្វើបាបខ្លួនឯង វាយដំ ខាំ ​បោចសក់ ឬបោកក្បាលខ្លួនឯង ឬរលាស់ដៃ។

    ខ. ទំនាក់ទំនងសង្គម

    កុមារអូទីស្សឹមអាចខ្សោយទំនាក់ទំនងសង្គម បានន័យថា បើយើងហៅគាត់ គាត់​អាចដើរចេញ​ដោយ​មិន​ខ្វល់​ជាមួយ​យើងទេ មិនចេះលេងជាមួយក្មេងដទៃ ហើយបើធ្ងន់ធ្ងរ កុមារអាចផ្តាច់ខ្លួនតែឯង។

    គ. ភាសា

    កុមារអូទីស្សឹមមានបញ្ហាផ្នែកភាសាទាំងអស់ គ្រាន់តែកម្រិតខុសៗគ្នា។ កុមារខ្លះនិយាយបាន អានបាន តែ​ឆ្លើយ​តបអត់បាន បានន័យថាបើយើងសួរកុមារអូទីស្សឹម ហើយឱ្យគាត់ឆ្លើយមកវិញ គាត់អាចនឹងពិបាក​ក្នុងការ​ប្រើ​ភាសា។ មួយទៀត បើយើងសួរគាត់ គាត់អាចនិយាយតាមយើងជំនួសឱ្យការឆ្លើយ។ ឧទាហរណ៍ បើយើងសួរ «សុខសប្បាយទេ?» គាត់អាចឆ្លើយមកវិញថា «សុខសប្បាយទេ»។ ជាងនេះទៅទៀត កុមារអាច​បាត់​ភាសា​តែ​ម្តង ឬអាច​លេច​ឡើងភាសាក្នុងកម្រិតណាមួយម្តងបន្តិចៗ ដូចជា ម៉ាក់ ប៉ា ញុំាជាដើម។ ម្ស៉ាងទៀត កុមារ​អាច​អត់​ចេះធ្វើត្រាប់តាមសំឡេងណាមួយទេ ដូចជាសំឡេងសត្វមាន់ ឬសត្វជ្រូកជាដើម។

    ឃ. ញ្ញាណទាំងប្រាំ

    កុមារអូទីស្សឹមមិនចេះសម្លឹងភ្នែក អាចបាត់ក្លិន បាត់រសជាតិ ទទួលរសជាតិបានតែផ្នែកណាមួយដដែរៗ ដែល​ធ្វើ​ឱ្យក្មេងមួយចំនួនញុំាតែអាហារដដែលៗ។ បើធ្ងន់ធ្ងរ កុមារអាចមើលឃើញអ្វីប្លែកៗដែលធ្វើឱ្យគាត់ខ្លាច ឬ​ភ័យ ដូចជាឃើញផ្កាទៅជារូបភាពអ្វីផ្សេង ឬធំក្លិនខ្លាំងដែលធ្វើឱ្យកុមារក្អួតចង្អោរ។ ជាងនេះទៅទៀត ចំពោះ​កុមារ​អូទីស្សឹមខ្លះ យើងប៉ះ ឬស្ទាបគាត់អត់បាន ព្រោះកាយវិញ្ញាណគាត់មានបញ្ហា ដែល​អាច​បណ្ដាល​ឲ្យ​មានការ​ឈឺចាប់​ពេល​ប៉ះ ដែល​ធ្វើ​ឱ្យ​កុមារ​មិនចង់ឱ្យនរណាប៉ះខ្លួន​។ ផ្ទុយមកវិញ កុមារខ្លះបាត់កាយវិញ្ញាណតែម្តង ឧទារហណ៍ ដើរបុក​អ្វីទាល់​តែហើមដៃហើមជើងក៏មិនដឹងឈឺដែរ។

    ចំណែកឯទារក ៦ ទៅ ៨ ខែអាចលេចឡើងសញ្ញាគួរឱ្យព្រួយបារម្ភមួយគឺទារកមិនចេះរកប្រភពសំឡេង។ បើ​យើង​ហៅ ទារកអត់ងាកមុខរកប្រភពសំឡេងទេ យើងនៅស្តាំ ទារកងាកទៅធ្វេង ឬយើងនៅធ្វេង ទារក​ងាក​ទៅ​ស្តាំជាដើម ព្រោះទារកមានបញ្ហាជាមួយការស្តាប់ និងការសម្លឹង។

    លោកបន្តថា នៅបច្ចឹមប្រទេស ឬប្រទេសអភិវឌ្ឍ ឪពុកម្តាយមានការយល់ដឹងច្រើនអំពីអូទីស្សឹម ហើយ​មាន​ការ​ណែនាំបន្ថែមពីអ្នកជំនាញទៀត ឪពុកម្តាយអាចដឹងថា កូនកើតអូទីស្សឹមតាំងពីកូនអាយុ ៦ ទៅ ៨ ខែម៉្លេះ។ ប៉ុន្តែ​នៅស្រុកខ្មែរយើងវិញ លោក​ថាភាគច្រើនឪពុកម្តាយទើបដឹងថា កូនមានបញ្ហាខុសប្រក្រតីណាមួយ នៅពេលកូន​មាន​អាយុ​មួយខួបកន្លះ ឯឪពុកម្តាយខ្លះទៀតរហូតដល់កូនអាយុពីរខួបឯណោះ។

    លោកលើកទឹកចិត្តឱ្យមាតាបិតាតាមដាន សង្កេតកូន តាំងពីកូននៅតូច ហើយបើម៉ាក់ប៉ាសង្កេត​ឃើញកូនមាន​បញ្ហា​ណាមួយមិនប្រក្រតីដូចបាន​រៀបរាប់ខាងដើម ម៉ាក់ប៉ាគួរឆាប់នាំកូនទៅជួប​អ្នកឯកទេស​ដើម្បី​ស្វែង​​យល់បន្ថែម ព្រោះការធ្វើអន្តរាគមកាន់តែលឿនកាន់តែល្អក្នុងការ​ជួយ​ឱ្យកុមារអូទីស្សឹមមានភាពប្រសើរឡើង។

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    កុមារអូទីស្សឹមអាចប្រឈមមុខនឹងបញ្ហាធំៗដូចជា៖
    • អាកប្បកិរិយា
    • ទំនាក់ទំនងសង្គម
    • ភាសា
    • ញ្ញាណទាំងប្រាំ
    • ចំណែកឯទារក ៦ ទៅ ៨ ខែអាចលេចឡើងសញ្ញាមិនចេះរកប្រភពសំឡេង

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.

    លោក ហឿ សេធុល

    ប្រឹក្សាខាងសុខភាពផ្លូវចិត្ត · សាលាអប់រំពិសេស KCPS


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Mar 13, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម