backup og meta

កុមារកើតអូទីស្សឹមខ្សោយបញ្ញា ឬក៏មានសម្ថភាពពិសេស?

ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស. លោក ហឿ សេធុល · ប្រឹក្សាខាងសុខភាពផ្លូវចិត្ត · សាលាអប់រំពិសេស KCPS


អត្ថបទ​ដោយ សុខ វណ្ណ · កែ Mar 13, 2023

    កុមារកើតអូទីស្សឹមខ្សោយបញ្ញា ឬក៏មានសម្ថភាពពិសេស?

    ជាធម្មតា កុមារកើតអូទីស្សឹមអាចពិបាកក្នុងការមើលថែ និងប្រាស្រ័យទាក់ទងជាមួយដែលជាហេតុធ្វើឱ្យ​មាន​ការ​លើកឡើងថា  កុមារកើតអូទីស្សឹមខ្សោយបញ្ញា។ ទន្ទឹមនឹងនោះ ក៏មានការលើកឡើងថា កុមារកើតអូទីស្សឹម​កើត​​ក្នុង​លក្ខខណ្ឌពិសេស ដូច្នេះពួកគាត់មានសម្ថភាពពិសេសជាងក្មេងធម្មតា។ តើការលើកឡើង​ទាំងពីរនេះ​ពិត​ដែរ​ឬទេ?

    លោក ហឿ សេធុល អ្នកឯកទេសពិគ្រោះយោបល់ និងអប់រំផ្លូវចិត្តនៅសាលាអប់រំពិសេស KCPS បាន​​បកស្រាយ​ថា មិនមានការសិក្សាស្រាវជ្រាវណាបង្ហាញ​ថា ក្មេងអូទីស្សឹមខ្សោយបញ្ញាទេ ប៉ុន្តែក្នុងចំណោមក្មេងអូទីស្សឹម​ក៏​មាន​ក្មេងមួយចំនួនមានបញ្ហាខ្សោយបញ្ញាដែរ បានន័យថា កុមារមាន​ទាំងអូទីស្សឹមមាន​ទាំងបញ្ហា​ខ្សោយ​បញ្ញា​ពីរមុខចូលគ្នា។ ប៉ុន្តែជាលក្ខណៈទូទៅក្មេងអូទីស្សឹម​​មិនខ្សោយបញ្ញាទេ បញ្ញារបស់គាត់អភិវឌ្ឍប្រក្រតី។

    មួយវិញទៀត ក្មេងអូទីស្សឹមមួយចំនួនអាចមានភាពវាងវៃ គ្រាន់តែពួកគាត់ពិបាក​យកភាព​វាងវៃ​របស់​ខ្លួន​មក​ប្រើឱ្យត្រូវ បានន័យថាគាត់ឆ្លាត តែគាត់មិន​អាចប្រើភាពឆ្លាតរបស់គាត់ឱ្យត្រូវតាមអ្វីដែលសង្គមត្រូវការ ហើយ​ពេល​ខ្លះគាត់ប្រើភាពវាងវៃរបស់គាត់តែទៅលើអ្វីដែលគាត់ចង់ធ្វើ ឬុមានចំណាប់អារម្មណ៍ប៉ុណ្ណោះ។ ឧទាហរណ៍ បើយើងធ្លាប់នាំកុមារអូទីស្សឹមជិះតាមផ្លូវណា គាត់ចាំទាំងអស់ ថ្ងៃក្រោយគ្រាន់តែមកដល់ផ្លូវ​ដដែល​​គាត់នឹង​​ស្គាល់​ភ្លាម។

    ជាងនេះទៅទៀត មានក្មេងអូទីស្សឹមចន្លោះពី ៥% ទៅ ១០% មានបញ្ញាឆ្លាតវាងវៃជាងក្មេងទូទៅ តែមិនមានន័យថា ក្មេងអូទីស្សឹមទាំងអស់ឆ្លាតជាងក្មេងទូទៅទេ។ តួយ៉ាង អ្នកបង្កើតប្រព័ន្ធអគ្គីសនី Thomas Edison និង រូបវិទូ Albert Einstein សុទ្ធតែគេ​ជឿថាមានបញ្ហាអូទីស្សឹម។

    លោក ហឿ សេធុល អ្នកឯកទេសពិគ្រោះយោបល់ និងអប់រំផ្លូវចិត្តនៅសាលាអប់រំពិសេស KCPS
    លោក ហឿ សេធុល អ្នកឯកទេសពិគ្រោះយោបល់ និងអប់រំផ្លូវចិត្តនៅសាលាអប់រំពិសេស KCPS (រូបភាព៖ Hello គ្រូពេទ្យ)

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    កុមារមានបញ្ហាអូទីស្សឹម ម៉ាក់ប៉ាគួរថែទាំម៉េច?

    លោក ហឿ សេធុល លើកទឹកចិត្តឱ្យអាណាព្យាបាលរកអ្នកឯកទេសឱ្យធ្វើការវាយតម្លៃ និង​ជួយណែនាំ ព្រោះកុមារ​អូទីស្សឹម​មាន​លក្ខណៈខុសៗគ្នា យើងមិនអាចធ្វើការប្រៀបធៀបកុមារអូទីស្សឹមម្នាក់ទៅម្នាក់ទៀតបានទេ។ ឧទាហរណ៍ ក្មេងអូទីស្សឹម​ខ្លះ ឆេវឆាវ ច្រងេងច្រងាង ក្មេងអូទីស្សឹមខ្លះមិន​លេងចូលក្មេងដទៃ ចូលចិត្តនៅតែឯង ចំណែកក្មេង​អូទីស្សឹម​ខ្លះ​រពឹសខ្លាំង ហើយក្មេងអូទីស្សឹមខ្លះទៀតបាត់រសជាតិជាដើម ដូច្នេះវិធីជួយ និងថែទាំគឺខុសៗគ្នា។

    ក្មេងអូទីស្សឹមគួរចូលសាលាពិសេសដែរឬទេ?

    លោកបន្ថែមថា អាស្រ័យលើភាពធ្ងន់ធ្ងរ បើកុមារអូទីស្សឹមស្ថិតក្នុងកម្រិតធ្ងន់ធ្ងរ គាត់អាចមានភាពពិបាក​ក្នុង​ការ​ប្រាស្រ័យទាក់ទងជាមួយក្មេងដទៃ ។ដូច្នេះកុមារគួរទទួលការអប់រំពិសេសនៅកន្លែង​ដែលមាន​សុវត្ថិភាព​សម្រាប់​គាត់ ព្រោះបើយើងដាក់កុមារចូលទៅបរិយាទូទៅ កុមារអាចមានអារម្មណ៍​ថារំខាន។ ផ្ទុយមកវិញ បើកុមារអូទីស្សឹម​ស្ថិត​ក្នុង​កម្រិតស្រាល ឬមិនអាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃ គាត់គួរចូលរួម​រៀនជាមួយក្មេង​ធម្មតា​នៅ​សាលា​ចំណេះ​ដឹង​ទូទៅដោយមានការគាំទ្រពីគ្រូអប់រំពិសេសក្នុងកម្រិតណាមួយ។

    លោកបន្តថា យើងអាចជួយកុមារអូទីស្សឹមឱ្យមានភាពប្រសើរឡើង ព្រោះអូទីស្សឹមមិនមែនជាជំងឺទេ តែជា​ពិការ​ភាពផ្នែកប្រព័ន្ធប្រសាទខួរក្បាលណា​មួយ ហើយអ្វីដែលយើងអាចធ្វើបានគឺជួយ ធ្វើអន្តរាគមន ដើម្បីឱ្យបញ្ហា​របស់​កុមារ​អូទីស្សឹមរួមតូច ប៉ុន្តែមិនមែនជាព្យាបាលទេ។

    ឧទាហរណ៍ ក្មេងអូទីស្សឹមដែលងាយឆេវឆាវ អាច​វាយ​គេ​វាយឯង ដូច្នេះអ្នកឯកទេនឹងជួយធ្វើយ៉ាងម៉េចឱ្យកុមារចេះរំងាប់អារម្មណ៍។ បើធ្ងន់ធ្ងរ អ្នកឯកទេស​នឹង​ប្រើ​ថ្នាំដើម្បីជួយឱ្យកុមាររំងាប់អារម្មណ៍ឆេវឆាវ។ មួយទៀត បើកុមារ​អូទីស្សឹមមិនចេះលេងជាមួយក្មេងដទៃ អ្នក​ឯកទេស​នឹងជួយឱ្យកុមារចេះលេងជាមួយអ្នកដទៃ។ ម្យ៉ាងទៀត បើកុមារអូទីស្សឹមខ្សោយភាសា អ្នក​អប់រំ​ពិសេស​នឹងជួយពង្រឹងភាសាឱ្យគាត់។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.

    លោក ហឿ សេធុល

    ប្រឹក្សាខាងសុខភាពផ្លូវចិត្ត · សាលាអប់រំពិសេស KCPS


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Mar 13, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម