១- អ្វីទៅជាមហារីកគ្រាប់ឈាមសលើកុមារ?

នៅពេលមហារីកគ្រាប់ឈាមសបន្តវិវត្តកាន់តែខ្លាំងឡើង មហារីកទៅរំខានដំណើរការផលិតគ្រាប់ឈាមក្នុងរាងកាយ ដូចជា គ្រាប់ឈាមក្រហម និងប្លាកែត នាំឲ្យក្មេងមានជំងឺស្លេកស្លាំង និងបញ្ហាហូរឈាម។ លើសពីនេះ មហារីកនឹងបង្កើនកត្តាប្រឈមការបង្ករោគ ដោយសារឈាមសខូចខាតទាំងនោះ។
ជាទូទៅ មហារីកប្រភេទនេះ ត្រូវគេបែងចែកជា ២ ទម្រង់ គឺស្រួចស្រាវ (វិវត្តលឿន) និងទម្រង់រ៉ាំរ៉ៃ (វិវត្តយឺត) ហើយចំពោះក្មេង ច្រើនតែស្ថិតក្នុងទម្រង់ស្រួចស្រាវ។ ជំងឺនេះបែងចែកជា Acute lymphoblastic leukemia (ALL) និង Acute myeloid leukemia (AML) អាស្រ័យលើប្រភេទគ្រាប់ឈាមស គេហៅថា Lymphyocytes ឬ Myelocytes មានទំនាក់ទំនងនឹងប្រព័ន្ធភាពស៊ាំ។
២- កើតឡើងញឹកញាប់ប៉ុនណា?
មួយភាគបី ក្នុងចំណោមក្មេងៗ និងក្មេងជំទង់កើតជំងឺមហារីក គឺជាមហារីកប្រភេទនេះ។ មហារីកគ្រាប់ឈាមសភាគច្រើន ជាប្រភេទ Acute lymphocytic leukemia (ALL)។ ករណីសេសសល់ដទៃទៀត ទើបជាប្រភេទ Acute myeloid leukemia (AML)។ យ៉ាងណា មហារីកគ្រាប់ឈាមសលើកុមារ កម្រកើតមានណាស់។ គប្បីពិគ្រោះជាមួយគ្រូពេទ្យសម្រាប់ព័ត៌មានបន្ថែម។
៣- មហារីកគ្រាប់ឈាមសលើកុមារមានរោគសញ្ញាអ្វីខ្លះ?
រោគសញ្ញាទូទៅមានដូចជា៖
– ដោយសារគ្រាប់ឈាមសប្រឆាំងជាមួយមេរោគខូច ដូច្នេះក្មេងមានមហារីកគ្រាប់ឈាមស មានអត្រាបង្ករោគដោយវីរុស និងបាក់តេរីច្រើនជាងធម្មតា។ ក្មេងអាចមានសភាពស្លេកស្លាំង ដោយសារតែគ្រាប់ឈាមសដែលខូច ប៉ះពាល់ដំណើរការផលិតគ្រាប់ឈាមក្រហមមានអុកស៊ីហ្សែនក្នុងខួរឆ្អឹង ជាហេតុធ្វើឲ្យក្មេងស្លេកស្លាំង និងអស់កម្លាំងខុសធម្មតា ដកដង្ហើមខ្លីៗនៅពេលលេង។
– ក្មេងមានជំងឺនេះ ងាយជាំ និងហូរឈាម ងាយឈាមច្រមុះ ឬហូរឈាមខុសធម្មតាយូរ ទោះបីជាមុតតិចតួច ដោយសារមហារីកបានទៅបំផ្លាញសមត្ថភាពខួរឆ្អឹង ផលិតទម្រង់កំណកឈាមប្លាកែត។
រោគសញ្ញាផ្សេងទៀតមានដូចជា៖
– ឈឺឆ្អឹង ឬសន្លាក់ ពេលខ្លះពិបាកដើរ
– ហើមកូនកណ្តុរ (អាចហៅថា ហើមក្រពេញ) នៅក ក្រលៀន ឬកន្លែងផ្សេង
– អស់កម្លាំងខុសធម្មតា
– ញ៉ាំមិនបាន
– ក្តៅខ្លួនគ្មានរោគសញ្ញា
– ឈឺពោះ (បណ្តាលមកពីគ្រាប់ឈាមមិនធម្មតា កកនៅក្នុងសរីរាង្គ ដូចជា ក្រលៀន ថ្លើម ឬអណ្តើក)។
ពេលមហារីកទៅដល់ក្នុងខួរក្បាល ធ្វើឲ្យឈឺក្បាល ប្រកាច់ បាត់បង់លំនឹង ឬមានបញ្ហាគំហើញ។ បើជំងឺនេះទៅដល់កូនកណ្តុរនៅក្នុងទ្រូង នឹងធ្វើឲ្យមានដុំសាច់រីកធំ នាំឲ្យស្ទះបំពង់ខ្យល់ និងសរសៃឈាមសំខាន់ៗ ជាហេតុពិបាកដកដង្ហើម និងរំខានលំហូរឈាមទៅកាន់បេះដូង។
អាចមានរោគសញ្ញាផ្សេងទៀត បើព្រួយបារម្ភពីផលប៉ះពាល់ សូមទៅពិគ្រោះជាមួយគ្រូពេទ្យ។
៤- គួរទៅជួបពេទ្យពេលណា?
បើមានរោគសញ្ញាដូចខាងលើ ឬសំណួរ គប្បីពិភាក្សាជាមួយគ្រូពេទ្យ។ មនុស្សម្នាក់ៗ មានរោគសញ្ញាផ្សេងគ្នា ប្រសើរបំផុត ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យពីអ្វីដែលល្អសម្រាប់ស្ថានភាពក្មេង។
៥- មូលហេតុបង្កឲ្យកើតជំងឺនេះមានអ្វីខ្លះ?
គ្រូពេទ្យ មិនដឹងពីមូលហេតុច្បាស់លាស់ធ្វើឲ្យមានជំងឺនេះនៅឡើយទេ ប៉ុន្តែវាមានកត្តាជាច្រើននាំឲ្យក្មេងកើតជំងឺនេះ។
អត្ថបទពាក់ព័ន្ធ៖
៦- កត្តាប្រឈមមានអ្វីខ្លះ?
មានកត្តាប្រឈមមួយចំនួនដូចជា៖
– ជំងឺតំណពូជ ដូចជា ជំងឺ Li-Fraumeni syndrome, Down syndrome ឬ Klinefelter syndrome។
– បញ្ហាប្រព័ន្ធភាពស៊ាំតំណពូជ ដូចជា ជំងឺ Ataxia telangiectasia (ធ្វើឲ្យខូចប្រព័ន្ធសរសៃប្រសាទ ប្រព័ន្ធភាពស៊ាំ និងប្រព័ន្ធសារពាង្គកាយ)។
– បងប្អូនប្រុសស្រីដែលមានជំងឺ leukemia ជាពិសេសកូនភ្លោះពិត។
– ប្រវត្តជំងឺប៉ះពាល់ជាមួយសារធាតុវិទ្យុសកម្ម ព្យាបាលដោយថ្នាំគីមី ឬសារធាតុគីមី ដូចជា សូលុយស្យុងបង់ហ្សែន។
– ប្រវត្តិប្រព័ន្ធភាពស៊ាំធ្លាក់ចុះ ដូចជា ការផ្លាស់ប្តូរសរីរាង្គ។
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺនេះ គ្រូពេទ្យនឹងពិនិត្យមើល ពីប្រវត្តិជំងឺ និងការពិនិត្យរាងកាយ។ ការធ្វើតេស្តមួយចំនួន នឹងអាចធ្វើឡើង ដើម្បីវិនិច្ឆ័យពីជំងឺនេះ ក៏ដូចជាប្រភេទរបស់វាជាដើម ខណៈតេស្តដំបូងរួមមាន៖
– ធ្វើតេស្តឈាមរាប់ចំនួនគ្រាប់ឈាម និងរូបរាងរបស់វា។
– បូម និងច្រឹបខួរឆ្អឹង ជាធម្មតាយកចេញពីឆ្អឹងត្រគាក ដើម្បីបញ្ជាក់រោគវិនិច្ឆ័យនៃជំងឺនេះ។
– បូមទឹកខួរឆ្អឹងខ្នង ដើម្បីពិនិត្យពីការរាលដាលកោសិកា Leukemia ក្នុងទឹកនៅក្នុងខួរក្បាល និងឆ្អឹងកងខ្នង។
អ្នកវិភាគនឹងពិនិត្យកោសិកាគ្រាប់ឈាមដោយប្រើមីក្រូទស្សន៍ ខណៈអ្នកជំនាញ នឹងពិនិត្យខួរឆ្អឹង រកមើលបរិមាណកោសិកាបង្កើតគ្រាប់ឈាម និងកោសិកាខ្លាញ់។ ការធ្វើតេស្តផ្សេងទៀត អាចធ្វើដើម្បីបង្ហាញពីប្រភេទជំងឺ Leukemia ក្មេងកើត ហើយជួយគ្រូពេទ្យដឹងពីការព្យាបាលត្រឹមត្រូវមួយ។
តេស្តខ្លះ អាចធ្វើម្តងទៀត ដើម្បីឲ្យដឹងពីការឆ្លើយតបនឹងការព្យាបាល។
៨- ព្យាបាលដោយវិធីណា?
គប្បីពិគ្រោះជាមួយគ្រូពេទ្យ ឬក្រុមព្យាបាលជំងឺមហារីក ពីជម្រើសព្យាបាលជំងឺក្មេងត្រឹមត្រូវមួយ ខណៈការព្យាបាលអាស្រ័យលើប្រភេទជំងឺ និងបញ្ហាផ្សេងទៀត។
អត្រារស់ នឹងកើនឡើង ហើយការព្យាបាលនៅតាមមជ្ឈមណ្ឌលពិសេសសម្រាប់កុមារ និងក្មេងជំទង់ គឺចាំបាច់សម្រាប់ការព្យាបាលតាមផ្នែក។ ជំងឺមហារីកចំពោះកុមារ គឺទទួលការព្យាបាលប្រសើរជាងមនុស្សធំ ហើយរាងកាយក្មេងងាយទទួលការព្យាបាលប្រសើរជាងដូចគ្នា។
មុនពេលចាប់ផ្តើមព្យាបាលជំងឺមហារីក ក្មេងត្រូវការព្យាបាលផលវិបាក។ ឧទាហរណ៍ ការប្រែប្រួលនៅក្នុងកោសិកាឈាម អាចធ្វើឲ្យការបង្ករោគ ឬការហូរឈាមខ្លាំង ហើយអាចធ្វើឲ្យប៉ះពាល់បរិមាណអុកស៊ីហ្សែនបញ្ជូនទៅកោសិកា។ វិធីព្យាបាលអាចប្រើថ្នាំផ្សះ បញ្ចូលឈាម ឬវាស់ពីការប្រឆាំងនៃការបង្ករោគ។
ព្យាបាលដោយថ្នាំគីមី ជាវិធីព្យាបាលចម្បងសម្រាប់ជំងឺនេះ។ ក្មេងត្រូវប្រើថ្នាំមហារីក ដោយលេប ឬចាក់តាមសរសៃវ៉ែន ឬចាក់ទឹកខួរឆ្អឹងខ្នង ហើយដើម្បីការពារមិនឲ្យកើតឡើងវិញ ត្រូវការព្យាបាលថែទាំរយៈពេល ២-៣ ឆ្នាំ។ ពេលខ្លះអាចប្រើវិធីព្យាបាលចំគោលដៅ ដែលត្រូវព្យាបាលផ្នែកជាក់លាក់នៃជំងឺមហារីក ខុសគ្នាពីការព្យាបាលដោយប្រើថ្នាំគីមី ខណៈការព្យាបាលចំគោលដៅ ក៏មានផលប៉ះពាល់តិចជាងដែរ។
វិធីព្យាបាលផ្សេងទៀត អាចមានការព្យាបាលដោយកាំរស្មី ដោយប្រើថាមពលវិទ្យុសកម្មខ្ពស់ ដើម្បីសម្លាប់កោសិកាមហារីក។ វិធីនេះ អាចជួយការពារ ឬព្យាបាលការរាលដាលជំងឺ ទៅផ្នែកណាមួយនៃរាងកាយ ខណៈវិធីវះកាត់គឺជាជម្រើសកម្រសម្រាប់ព្យាបាលជំងឺមហារីកគ្រាប់ឈាមសលើកុមារផងដែរ។
បើវិធីព្យាបាលស្តង់ដារ មិនមានប្រសិទ្ធភាព ការផ្លាស់ប្តូរកោសិកា Stem ជាជម្រើសប្រសើរបំផុត។ វិធីនេះ រួមមានការផ្លាស់ប្តូរកោសិកា Stem បង្កើតគ្រាប់ឈាមបន្ទាប់ពីរាងកាយរងការបាញ់កាំរស្មី និងការប្រើការព្យាបាលដោយថ្នាំគីមីកម្រិតខ្ពស់ បំផ្លាញខួរឆ្អឹងកុមារ។
រដ្ឋបាលចំណីអាហារ និងឱសថនៅអាមេរិក FDA បានបង្ហាញថាប្រភេទព្យាបាលដោយហ្សែនចំពោះកុមារ និងក្មេងជំទង់ អាយុដល់ ២៥ឆ្នាំ ដែលកោសិកាបេ ALL មិនបានធូរស្រាលបន្ទាប់ពីព្យាបាលស្តង់ដារ។ អ្នកវិទ្យាសាស្ត្រកំពុងតែរកវិធីសម្រាប់ព្យាបាលអ្នកជំងឺអាយុច្រើនជាង ២៥ ឆ្នាំ និងសម្រាប់ប្រភេទផ្សេងទៀតជំងឺមហារីក។
ការព្យាបាល CAR T-cell ប្រើប្រាស់កោសិកាភាពស៊ាំខ្លួនឯង ដែលហៅថាកោសិកា T (T cells) ដើម្បីព្យាបាលជំងឺមហារីក។ គ្រូពេទ្យ នឹងយកកោសិកាចេញពីក្នុងឈាម ដោយបន្ថែមហ្សែនថ្មីជំនួសវិញ។ កោសិកា T ថ្មី អាចធ្វើការប្រសើរជាងមុន ដើម្បីរកមើល និងសម្លាប់កោសិកាមហារីក។
៩- ទម្លាប់រស់នៅ
ប្រសិនបើអ្នកមានសំណួរ គប្បីពិគ្រោះជាមួយគ្រូពេទ្យពីដំណោះស្រាយល្អបំផុតសម្រាប់ក្មេង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ។