ប៉ាម៉ាក់គ្រប់រូបដឹងហើយថាបន្លែ និងផ្លែឈើគឺល្អសម្រាប់សុខភាពកូន ប៉ុន្តែក្រៅពីបន្លែ និងផ្លែឈើក៏មានអាហារផ្សេងទៀតដែលជួយដល់ការលូតលាស់ខួរក្បាលក្មេង។ ខាងក្រោមនេះគឺអាហារទាំង ៥ ដែលប៉ាម៉ាក់គួរបញ្ចូលក្នុងរបបអាហារកូនរាល់សប្ដាហ៍សម្រាប់ក្មេងអាយុ១ឆ្នាំឡើងទៅ។
១. ស៊ុត
ខួរក្បាលក្មេងគឺមានការលូតលាស់ខ្លាំង ជាពិសេសនៅឆ្នាំដំបូង។ វីតាមីន Choline គឺជាវីតាមីនសំខាន់ក្នុងការលូតលាស់របស់ខួរក្បាលដោយជួយបង្កើតកោសិកាចងចាំក្នុងខួរក្បាល។ ស៊ុតគឺសម្បូរដោយវីតាមីននេះ និងអាចជួយបំពេញកម្រិតត្រូវការប្រចាំថ្ងៃរបស់ក្មេងនៃវីតាមីននេះរហូតដល់អាយុ៨ឆ្នាំ។ ស៊ុតក៏សម្បូរដោយប្រូតេអ៊ីន ជាតិដែក អាស៊ីដហ្វូលិក និងវីតាមីន A ដែលសុទ្ធតែសំខាន់ដល់ការលូតលាស់ ការជួសជុល និងការវិវត្តរបស់កោសិកា។
អត្ថបទពាក់ព័ន្ធ៖
- ទម្រើសកូន ឲ្យកូនញ៉ាំអាហារ ៥ មុខនេះ ដូចធ្វើបាបកូនអ៊ីចឹង!
- តិចនិករៀបចំរបបអាហារពិសេស កូនញ៉ាំហើយសុខភាពល្អ និងវៃឆ្លាត
២. សាច់ត្រី
សាច់ត្រីដែលសម្បូរដោយអាស៊ីដខ្លាញ់អូមេហ្គា៣គឺសំខាន់ដល់ការលូតលាស់របស់ខួរក្បាល និងការវិវត្តកោសិកា។ ការសិក្សាមួយចំនួនបានបង្ហាញថាអាស៊ីដខ្លាញ់អូមេហ្គា៣អាចជួយគ្រប់គ្រងវិបត្តិអាកប្បកិរិយា (Behavioral problem)។ ការសិក្សាមួយចំនួនបានឲ្យដឹងថាការអន់សមត្ថភាពក្នុងការអានអាចមានទំនាក់ទំនងជាមួយនឹងកម្រិតអាស៊ីដខ្លាញ់អូមេហ្គា៣ទាប។ អាស៊ីដខ្លាញ់អូមេហ្គា៣មានក្នុងត្រីសាល់ម៉ុន ត្រីធូណា ត្រីសាឌីន ត្រី mackerel និងត្រី trout និងយកល្អគួរឲ្យក្មេងញ៉ាំម្ដងក្នុងមួយសប្ដាហ៍។
៣. Oat និងនំប៉័ងគ្រាប់ធញ្ញជាតិ (Wholegrain bread)
គ្រាប់ធញ្ញជាតិផ្តល់នូវជាតិស្ករសំខាន់ និងថាមពលដល់ខួរក្បាល ហើយក៏មានពពួកវីតាមីន B ដែលល្អសម្រាប់ប្រព័ន្ធសរសៃប្រសាទ។ ការសិក្សាជាច្រើនបានបង្ហាញថាអាហារពេលព្រឹកដែលមានគ្រាប់ធញ្ញជាតិអាចជួយដល់ការចងចាំរយៈពេលខ្លី និងការផ្ចង់អារម្មណ៍ឲ្យប្រសើរឡើង។
៤. គ្រាប់សណ្ដែក
គ្រាប់សណ្ដែកសម្បូរដោយប្រូតេអ៊ីន វីតាមីន និងរ៉ែដែលធ្វើឲ្យគ្រាប់សណ្ដែកក្លាយជាជម្រើសអាហារល្អសម្រាប់ក្មេង។ សណ្ដែកក្រហមមានផ្ទុកអាស៊ីដខ្លាញ់អូមេហ្គា៣ច្រើនជាងប្រភេទសណ្ដែកផ្សេងទៀតដែលអាស៊ីដខ្លាញ់នេះសំខាន់ការលូតលាស់ និងមុខងារខួរក្បាល។ គ្រាប់សណ្ដែកផ្តល់ថាមពលដល់ក្មេង និងជួយឲ្យក្មេងផ្ចង់អារម្មណ៍បានល្អពេលកំពុងរៀនអំឡុងនៅពេលរសៀលបានផងដែរ ប្រសិនជាកូនៗយើងញ៉ាំគ្រាប់សណ្ដែកសម្រាប់អាហារថ្ងៃត្រង់។
៥. ទឹកដោះគោ យ៉ាអួ និងឈីស
ទឹកដោះគោ យ៉ាអួ និងឈីសមានប្រូតេអ៊ីន ពពួកវីតាមីន B ដែលសំខាន់សម្រាប់ការលូតលាស់ជាលិកាខួរក្បាល តំណភ្ជាប់ប្រព័ន្ធសរសៃប្រសាទ និងអង់ហ្សីមដែលមានតួនាទីសំខាន់ក្នុងខួរក្បាល។ អត្ថប្រយោជន៍មួយទៀតគឺអាហារទាំងនេះមានជាតិកាល់ស្យូមខ្ពស់ជួយដល់ការលូតលាស់ធ្មេញ និងឆ្អឹងឲ្យរឹងមាំ។
[embed-health-tool-vaccination-tool]