ពេលកំពុងញ៉ាំអាហារអីមួយ ហើយឃើញអូនតូចសម្លឹងមុខផង លេបទឹកមាត់ផង យើងជាម៉ាក់ប៉ាច្បាស់ជាចង់ឲ្យកូនញ៉ាំដែរហើយ។ ប៉ុន្តែ មានអាហារមួយចំនួនដែលម៉ាក់ប៉ាមិនគួរឲ្យអាអូនញ៉ាំដាច់ខាត បើកូនមិនទាន់គ្រប់១ឆ្នាំត្រឹមត្រូវ ព្រោះវាអាចបង្កជាផលពិបាកដល់សុខភាពកូន។
បញ្ហានេះ លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសរោគកុមារ បានណែនាំឲ្យដឹងពីប្រភេទអាហារប៉ុន្មានមុខខាងក្រោមនេះ ដែលម៉ាក់ប៉ាមិនគួរឲ្យកូនអាយុក្រោម១ឆ្នាំញ៉ាំ ព្រោះវាអាចធ្វើឲ្យអាអូនឈឺបានរួមមាន៖
១.ទឹកឃ្មុំ៖ វាមានផ្ទុកបាក់តេរីឈ្មោះ Clostridium Botulinum ដែលមានគ្រោះថ្នាក់ដល់សុខភាពកុមារ។
២.ទឹកដោះគោស្រស់៖ វាមានសារជាតិ Lactose ខ្ពស់ ដែលធ្វើឲ្យកុមារចុកពោះ រាករូស។
៣.ផ្នែកសនៃស៊ុត៖ វាអាចធ្វើឲ្យកុមារអាលែកហ្សី កន្ទួលស្បែក ឬរាករូស។
៤.សណ្ដែក៖ វាងាយឲ្យស្លាក់ និងអាលែកហ្សី។
៥.គ្រឿងសមុទ្រ៖ អាចធ្វើឲ្យក្មេងអាលែកហ្សី ជាពិសេសត្រីឆ្លាម និងត្រីធូណា ព្រោះសម្បូរជាតិបារត ដែលធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់ខួរក្បាល។
៦.សូកូឡា៖ មានជាតិកាហ្វេអ៊ីន និងជាតិស្ករខ្ពស់។
៧. បន្លែឆៅ៖ ងាយធ្វើឲ្យក្មេងស្លាក់ និងមានជាតិនីត្រាតខ្ពស់។
៨.ទឹកផ្លែឈើ និងទឹកក្រូចកំប៉ុង៖ មានជាតិហ្គាស ជាតិផ្អែមខ្លាំង និងមានផ្ទុកសារជាតិសម្រាប់រក្សាទុកដែលមិនល្អសម្រាប់សុខភាពអាអូន។
ទោះយ៉ាងណា លោកស្រីវេជ្ជបណ្ឌិតរូបនេះ បានបញ្ជាក់ថែមថា រាល់បញ្ហាដែលរៀបរាប់ខាងលើនេះ មិនមែនសុទ្ធតែកើតមានលើក្មេងទាំងអស់នោះទេ ប៉ុន្តែជាការល្អ ម៉ាក់ប៉ាគួរមានការប្រុងប្រយ័ត្ន និងត្រូវរង់ចាំរហូតអាអូនមានអាយុគ្រប់១ឆ្នាំឡើងទៅ ទើបអាចឲ្យកូនញ៉ាំរបស់អស់នេះបាន។
[embed-health-tool-vaccination-tool]