ត្រីល្អិតៗមានច្រើនប្រភេទណាស់ ម៉ាក់ៗដែលមានបំណងចង់ធ្វើម្សៅត្រីល្អិតឲ្យកូនតូចញ៉ាំលើកដំបូង ច្បាស់ជាចង់ដឹងថា ត្រីប្រភេទណាខ្លះអាចយកមកធ្វើជាម្សៅត្រីល្អិតឲ្យកូនញ៉ាំបាន។ ថ្ងៃនេះ Hello គ្រូពេទ្យ នឹងបង្ហាញពីប្រភេទត្រីល្អិត ដែលអាចយកមកធ្វើជាម្សៅត្រីល្អិតបាន របៀបធ្វើ និងអត្ថប្រយោជន៍របស់ម្សៅត្រីល្អិត។
១. ប្រភេទត្រីល្អិតអាចយកធ្វើម្សៅត្រីល្អិត
– ត្រីបណ្តូលអំពៅ
– ត្រីចង្វា
– ត្រីចង្វាភ្លៀង
– ត្រីកំភ្លាញ
– ត្រីក្រឹម
– ត្រីអាចម៍កុក
– ត្រីក្អិត
– ត្រីជន្ទាលភ្លុក។
២. អត្ថប្រយោជន៍ម្សៅត្រីល្អិត
បើតាមវីដេអូអប់រំផលិតដោយគម្រោងនូវីស នៃទីភ្នាក់ងារជំនួយអាមេរិក (USAID) អនុវត្តដោយអង្គការ Save the Children ម្សៅត្រីល្អិតងាយស្រួលធ្វើ ងាយស្រួលញ៉ាំ មិនស្លាក់ឆ្អឹង ធ្វើឲ្យក្មេងតូចៗលូតលាស់ និងមានសុខភាពល្អ ព្រោះវាសម្បូរទៅដោយអាហារូបត្ថម្ភ ។
ចំពោះអត្ថប្រយោជន៍ផ្សេងទៀត ម្សៅត្រីល្អិតអាចការពារកុមារពីអាយុ ៦-២៣ខែ ពីភាពក្រិន ដោយសារតែត្រី ពិសេសពេលយើងលាយល្បាយក្បាល និងឆ្អឹងបញ្ចូលគ្នា គឺសម្បូរទៅដោយសារធាតុចិញ្ចឹមច្រើនបំផុត ចាំបាច់សម្រាប់ការលូតលាស់របស់កុមារ។
៣. របៀបធ្វើម្សៅត្រីល្អិត
– រើសកម្ទេចកម្ទី និងកំពឹសចេញពីត្រីល្អិតឲ្យអស់
– វះពោះត្រីល្អិតយកអាចម៍ចេញ តែកុំកាត់ក្បាលត្រីចោល
– លាងសម្អាតត្រីល្អិតឲ្យស្អាតល្អ
– ដាក់ត្រីល្អិតក្នុងកញ្ជ្រែងឲ្យស្រស់ទឹកល្អ
– ដាក់ខ្ទះឲ្យក្តៅ រួចចាក់ត្រីល្អិតចូល ហើយលីង តែមិនត្រូវដាក់ទឹក ប្រេង ឬខ្លាញ់នោះទេ លីងត្រីល្អិតទាល់តែស្ងួត (៣០នាទី)
– យកត្រីល្អិតដែលលីងរួចដាក់ក្នុងត្បាល់ រួចបុកឲ្យម៉ដ្ត ដោយដាក់អំបិលអ៊ីយ៉ូត១ចឹប
– ចាក់ត្រីល្អិតដែលបុករួច ហើយទុកឲ្យត្រជាក់ចាំច្រកចូលដប ឬកែវទុក ជាការស្រេច។
បើយើងលីងត្រីល្អិតមិនស្ងួតល្អ នៅមានសំណើម មិនអាចរក្សាទុកបានយូរ រហូត៣ខែនោះទេ។ នៅពេលបានម្សៅត្រីល្អិតហើយ ម៉ាក់ៗគ្រាន់តែដាក់បន្ថែមម្សៅត្រីល្អិតចូលក្នុងរបបអាហាររបស់កូនដូចជាបបរ ល្ពៅស្ងោរ ឬក៏ញ៉ាំទទេក៏បាន។
អត្ថបទពាក់ព័ន្ធ៖
- ប៉ាម៉ាក់ត្រូវដឹងវីធីដោះស្រាយទាំងនេះ ពេលជួបបញ្ហាកូនមិនចង់ញ៉ាំអាហារ
- រូបមន្តចិញ្ចឹមកូនឲ្យលូតលាស់ល្អ រាងកាយមាំមួន ខួរក្បាលឆ្លាត
- កូនៗចូលចិត្តញ៉ាំតែសាច់ មិនញ៉ាំបន្លែគួរធ្វើបែបណា?
- ទាំងនេះជាប្រភពអាហារូបត្ថម្ភ ក្មេងៗខ្វះមិនបាន
- អាហារ ៤ ប្រភេទនេះ ល្អខ្លាំងណាស់ចំពោះអូនៗតូច ម៉ាក់ប៉ាគួរពិចារណា!
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]