backup og meta

ម៉េច​បានកូនទើប​កើត​ប្រេះបូរមាត់? គួរដោះស្រាយបែបណា​?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Feb 03, 2021

    ម៉េច​បានកូនទើប​កើត​ប្រេះបូរមាត់? គួរដោះស្រាយបែបណា​?

    ប្រេះ​បបូរ​មាត់​ជា​រឿង​រំខាន និង​ធ្វើ​ឲ្យ​យើង​មិន​ស្រណុក​ចិត្ត​ផង​ដែរ​។ ចុះ​បើ​ការ​ប្រេះ​បបួរ​មាត់​នេះ​កើត​លើ​កូន​តូច​របស់​យើង​វិញ តើ​គួរ​ឲ្យ​បារម្ភ​​ដែរ​ទេ? ត្រូវ​ធ្វើ​ម៉េច​ល្អ?

    ប្រសិន​បើ​គ្នា​យើង​សង្កេតឃើញ​ថា​កូន​យើង​ស្ងួត និង​ប្រេះ​បបូរ​មាត់ យើង​ក៏​មិន​ចាំ​បាច់​បារម្ភ​ពេក​ដែរ ព្រោះ​នេះ​ជា​បញ្ហា​ធម្មតា​មួយ​។ ប៉ុន្តែ​យើង​ត្រូវ​ព្យាបាល​បញ្ហា​នេះ​ឲ្យ​បាន​លឿន​ដែរ ព្រោះ​ប្រេះ​បបូរ​មាត់​អាច​មានផល​អវិជ្ជមាន​លើ​ការ​បៅ​ និង​ដំណេក​​ ហើយ​បើ​ទុក​យូរ​មិន​ព្យា​បាល​អាច​ធ្វើ​ឲ្យ​ឆ្លង​រោគ និង​អាច​មាន​លក្ខខណ្ឌ​គំរាម​កំហែង​ដល់​អាយុ​ជីវិត​ដែរ​។

    . ហេតុ​អ្វី​ក្មេង​ទើប​កើត​ប្រេះ​បបូរ​មាត់​?

    បញ្ហា​ប្រេះ​មាត់​លើ​កូន​តូច​អាច​កើត​ឡើង​បាន​ដោយ​សារ​កូន​អាច​មាន​ទម្លាប់​លិឍ​មាត់ ឬ​ជញ្ជក់​បបូរ​មាត់។ បញ្ហា​កូន​ខ្វះ​ជាតិ​ទឹក ក៏​ដូច​ជា​អាកាស​ធាតុ​ក្ដៅ​ ក៏​ជា​បញ្ហា​បង្ក​​ទូទៅ​មួយ​ផង​ដែរ​។ យ៉ាងណា ក៏​អាច​មាន​ដែរ បញ្ហា​ប្រេះ​បបូរ​មាត់​ដោយ​សារ​តែ​ជំងឺ​ប្រចាំ​កាយ​ណាមួយ​របស់​កូន​។

    ដូច​បាន​និយាយ​អ៊ីចឹង​ខែ​ត្រជាក់ ខែ​ក្ដៅ និង​ការ​ដែល​កូន​ត្រូវ​ខ្យល់​ច្រើន​ពេក សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​កូន​ប្រេះ​បបូរ​មាត់​បាន​ដូច​គ្នា​។ ប៉ា​ម៉ាក់​ក៏​ត្រូវ​តាម​ដាន​មើល​ទៀត​ដែរ​ថា​ តើ​កូន​យើង​ដក​ដង្ហើម​តាម​មាត់​ឬ​យ៉ាងណា ព្រោះ​ថា​ការ​ដក​ដង្ហើម​បែប​នេះ​អាច​ធ្វើឲ្យ​កូន​ប្រេះ​បបួរ​មាត់​បាន​ដូច​គ្នា​។

    ប្រេះមាត់

    . របៀប​មើល​ថា​កូន​ខ្វះ​ជាតិទឹក​

    បើ​កូន​យើង​បន្ត​ស្ងួត​មាត់ យើង​ត្រូវ​តាម​ដាន​រោគ​សញ្ញា​ខ្វះ​ជាតិ​ទឹក​របស់​កូន​។ បញ្ហា​នេះ កើត​មាន​ពេល​រាង​កាយ​ខ្វះ​ជាតិ​ទឹក និង​សារធាតុ​ចិញ្ចឹម​ភ្លាមៗ​ ដែល​មិន​អាច​រក្សា​ដំណើរ​ការ​ដូច​ប្រក្រតី​បាន​។​

    រោគ​សញ្ញា​មួយ​ចំនួន​ទាក់ទង​នឹង​បញ្ហា​ខ្វះ​ជាតិ​ទឹក​លើ​កូន​ក្មេង​រួម​មាន​៖

    • ស្ងួត​មាត់ និង​អណ្ដាត​
    • ដូរ​ខោ​ទឹក​នោម​តិច​ជាង​៦ដង​ក្នុង​មួយ​ថ្ងៃ
    • ភ្នែក​ខូង​
    • ស្បែក​ស្ងួត និង​ជ្រួញ​
    • ដក​ដង្ហើម​ញាប់​
    • ដៃ​ និង​ជើង​ចុះ​ត្រជាក់

    ​​​បើ​មាន​រោគ​សញ្ញា​ដូច​ខាង​លើ​នេះ​យើង​គួរ​នាំ​កូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​។​

    . កូន​ប្រេះ​បបូរ​មាត់​រ៉ាំរ៉ៃ

    ស្ថាន​ភាព​ប្រេះ​បបូរ​មាត់​មិន​ធូរ​ស្បើយ ឬ​ក៏​ត្រូវ​ប្រើ​ពេល​ច្រើន​សប្ដាហ៍ ឬ​យូរ​ជាង​នេះ ទោះជា​ករណី​កម្រ តែ​អាច​ជា​រោគ​សញ្ញា​បញ្ហា​សុខ​ភាព​​ផ្សេង​ទៀត​។

    ការ​ខ្វះ​វី​តាមីន​​អាច​ធ្វើ​ឲ្យ​ប្រេះ និង​របក​បបូរ​មាត់ ដូច​គ្នា​ដែរ ការ​ទទួល​បាន​វីតាមីន​ណា​មួយ​ច្រើន​ពេក ដូច​ជា​វីតាមីនA ក៏​អាច​ធ្វើ​ឲ្យ​មា​បញ្ហា​នេះ​ដែរ​។​​​

    បញ្ហា​​សុខភាព​ធ្ងន់​ធ្ងរ​មួយ​គឺ​ការ​កើ​ត​ជំងឺ​ Kawasaki ដែល​ជា​ករណី​កម្រ ​កើ​ត​លើ​ក្មេង​ ទាក់ទង​នឹង​ការ​រលាក​សរសៃឈាម​។​

    ជំងឺ​មួយ​ប្រភេទ​នេះ​ច្រើន​កើត​លើ​ក្មេង​​ប្រុស​ជាង​ក្មេង​ស្រី និង​មាន​វ័យ​តិច​ជាង​៥​ឆ្នាំ ហើយ​ការ​ប្រេះ​បបូរ​មាត់​ជា​​សញ្ញា​​មួយ​​​​របស់​ជំងឺ​នេះ។ ក្មេង​ដែល​កើត​ជំងឺ​នេះ​អាច​ក្ដៅ​ខ្លួន និង​ធ្លាក់​ខ្លួន​ឈឺ​លឿន។ខាង​ក្រោម​នេះ​អាច​ជា​រោគ​សញ្ញា​មួយ​ចំនួន​ដែរ​៖

    • ហើម​កូន​កណ្ដុរ​នៅ​ក​
    • ក្ដៅ​ខ្លួន​៥ថ្ងៃ ឬ​លើស​ពី​នេះ
    • ប្រេះ​បបូរ​មាត់ និង​​
    • ហើម​ដៃ​ជើង និ​ង​ឡើង​ក្រហម​នៅ​បាត​ដៃ ជា​ដើម។​

    ក្នុង​ករ​ណី​សង្ស័យ​ថាកូន​កើត​មាន​ជំងឺ​Kawasaki នេះ​យើង​គួរ​នាំ​កូន​ទៅ​ជួប​គ្រួពេទ្យ ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ភ្លាមៗ។​ ក្មេងៗ​ភាគ​ច្រើន​អាច​ព្យាបាល​ជា ប៉ុន្តែ​បេះ​ដូង និង​សរសៃឈាម​អាច​រង​ផល​ប៉ះពាល់​ ដែល​វា​ជា​ការ​ចាំ​បាច់​ត្រូវ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​។​

    . វិធី​ព្យា​បាល​ប្រេះ​បូរ​មាត់​កូន

    វិធី​ព្យាបាល​តាម​ធម្មជាតិ​ដែល​ល្អ​បំផុត​គឺ​ម៉ាក់ៗ​អាច​យក​ទឹក​ដោះ​របស់​ខ្លួន​លាប​លើ​បបូរ​មាត់​កូន​។ ទឹក​ដោះ​ម្ដាយ​អាច​ជួយ​ព្យាបាល​ស្បែក និង​ប្រឆាំង​នឹង​​ពពួក​បាក់តេរី​បាន​។ យើង​ក៏​អាច​ប្រើ​ប្រេង​ដូង មាន​ផ្ទុក​ lauric acid លើ​បបូរមាត់​កូន​ដូ​ច​គ្នា​។​

    ដើម្បី​ការ​ពារ​បញ្ហ​ប្រេះ​បបូរ​មាត់​កូន យើង​ត្រូវ​ថែរក្សា​សីតុណ្ហភាព​ក្នុង​បន្ទប់​កុំឲ្យ​ក្ដៅ​ពេក ឬ​ស្ងួត​ពេក។ បើ​យើង​ចេញ​ក្រៅ​ផ្ទះ យើង​គួរ​គ្រប​កូ​​ន​ឲ្យ​បាន​ត្រឹម​ត្រូវ​ពេល​មាន​កម្ដៅ​ថ្ងៃ​ខ្លាំង ឬ​ខ្យល់​ខ្លាំង​ជា​ដើម​។​​​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Feb 03, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម