រាកមួល គឺជាជំងឺម្យ៉ាងដែលអាចបង្កឡើងដោយពីប៉ារ៉ាសុីតដែលហៅថា “អាមីប” ហើយជំងឺនេះដែរបណ្ដាលឲ្យលាមកមានឈាម ឬមានសម្បោរ ក្តៅខ្លួន រងារញា៉ក់ និងចុកពោះ និងបន្ទោបង់ញឹកញាប់ចាប់ពី ៤-៦ដង ដែលធ្វើឲ្យអ្នកជំងឺមានសភាពហេវហត់ បាក់ និងអស់កម្លាំងខ្លាំង។
វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានឲ្យដឹងថា មានមូលហេតុជាច្រើនដែលបណ្ដាលឲ្យកើតជំងឺរាកមួលនេះដែរ ហើយក្នុងនោះក៏បណ្តាលមកពីមេរោគជាច្រើនទៀតដែលបង្កឡើងដោយជំងឺរលាកបំពង់ក អាចធ្វើឲ្យក្អកមានស្លេស្ម និងក្មេងៗតូចៗលេបចូលទៅក្នុងពោះ ក៏ជាដើមហេតុនាំឲ្យរាកមួលដែរដោយព្រោះគេមិនចេះខាកស្តោះចេញមកក្រៅ។
ពេលរាកមួលមានសម្បោរលាយឈាម អាចមានរយៈពេល ៥-៧ ថ្ងៃទើបអាចចាប់ផ្ដើមជាសះស្បើយ។ វេជ្ជបណ្ឌិតឯកទេសទូទៅរូបនោះបញ្ជាក់ទៀតថា កូនដែលកើតជំងឺរាកមួលនេះ ព្យាបាលដោយលេបថ្នាំពី ២-៣ ថ្ងៃដំបូងមិនទាន់ឃើញធូរស្រាលច្រើនទេ គ្រាន់តែទប់ស្កាត់មិនឲ្យអាការៈកាន់តែធ្ងន់ទៅ ដោយមិនឲ្យរាកច្រើនដងប៉ុណ្ណោះ ហើយយើងត្រូវព្យាយាមលេបថ្នាំតាមវេជ្ជបញ្ជា ១ សប្ដាហ៍ទើបអាការៈប្រសើរបន្តិចម្ដងៗ ជាពិសេសគឺការឲ្យកូនផឹកទឹកច្រើន ទើបអាការៈមិនដុនដាប បាក់កម្លាំង ខ្សោយ និងបាត់បង់ជាតិទឹកច្រើន។
ដូច្នេះហើយបានជាអាចសង្កេតឃើញថា កូនដែលជាសះស្បើយពីផ្ដាសាយ ឬរលាកបំពង់ក ប៉ុន្មានថ្ងៃមក ទើបរកឃើញមានកើតជំងឺរាកមួលហើយអ្នកជំងឺមិនត្រឹមតែឈឺចាប់ក្នុងពោះទេថែមទាំងនាំឲ្យរលាកគូទទៀតផងដោយសារតែកូនជុះច្រើនដង។ រាកមួលក្រៅពីកត្តាបង្កឡើងដោយសាររលាកបំពង់ក ការទទួលទានចំណីអាហារគ្មានអនាម័យ ទឹកមិនស្អាត រស់នៅកខ្វក់ ក៏នាំឲ្យកូនកើតរាកមួលដូចគ្នា។
[embed-health-tool-vaccination-tool]