backup og meta

ប្រុសៗបញ្ចេញ​ទឹកកាមញឹកញាប់ អាចកាត់បន្ថយអត្រាប្រឈមជំងឺមហារីកក្រពេញប្រូស្តាត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Sep 22, 2020

    ប្រុសៗបញ្ចេញ​ទឹកកាមញឹកញាប់ អាចកាត់បន្ថយអត្រាប្រឈមជំងឺមហារីកក្រពេញប្រូស្តាត

    ប្រុសៗ​គ្នា​យើង​ធ្លាប់​ដឹង​ទេ​ថា​ការ​បញ្ចេញ​ទឹក​កាម​មាន​ទំនាក់​ទំនង​នឹង​ជំងឺ​មហារីក​ក្រ​ពេញ​ប្រូស្តាត? ការ​សិក្សា​មួយ​ចំនួន​បាន​រក​ឃើញ​ថា​ប្រុសៗ​ដែល​បញ្ចេញ​ទឹក​កាម​ញឹក​ញាប់​ក្នុង​មួយ​ខែអាច​​​កាត់​បន្ថយ​អត្រា​ប្រឈម​កើត​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​បាន​ បើ​ធៀប​ទៅ​នឹង​អ្នក​បញ្ចេញ​ទឹក​កាម​តិច​ដង​ក្នុង​មួយ​ខែ។

    តើ​ត្រូវ​បញ្ចេញ​ទឹក​កាម​ប៉ុន្មាន​ដង​ក្នុង​មួយ​ខែ​ទើប​ហៅ​ថា​ញឹក​ញាប់?​

    ការ​សិក្សា​មួយ​របស់​សាកល​វិទ្យាល័យ​ Harvard បាន​សិក្សា​ទៅ​លើ​មនុស្ស​ប្រុស​ចំនួន​២៩ ៣៤២ នាក់​តាំង​ពី​ឆ្នាំ​១៩៩២ មក ដោយ​អ្នក​ចូល​រួម​មាន​អាយុ​ចន្លោះពី​៤៦ ទៅ​៨១​ឆ្នាំ។ អ្នក​ចូល​រួម​តម្រូវ​ឲ្យ​ផ្ដល់​ព័ត៌មាន​ពី​ការ​បញ្ចេញ​ទឹក​កាម​របស់​ខ្លួន​តាំងពី​នៅ​វ័យ​២០​ដល់​២៩​ឆ្នាំ និង​វ័យ​៤០ទៅ​៤៩​ឆ្នាំ។

    អត្ថបទពាក់ព័ន្ធ៖ 

    ការ​បញ្ចេញ​ទឹក​កាម​ក្នុង​ការសិក្សា​នេះ​មិន​សំដៅ​​ដល់​តែការ​រួម​ភេទ​នោះ​ទេ ដោយ​រួម​ទាំង​ការ​បញ្ចេញ​ទឹក​កាម​ដោយ​សម្រេច​កាម​ដោយ​ខ្លួន​ឯង និង​ការ​បញ្ចេ​ញ​ទឹក​កាម​ដោយ​មិន​ដឹងខ្លួនពេល​គេង​លក់​​ (Wet dream)។ អ្នក​ចូល​រួម​បាន​ផ្ដល់​ព័ត៌​មាន​រាល់ពី​រឆ្នាំ​ម្ដង​ទាក់ទង​នឹង​បញ្ហា​សុខភាព និង​ការ​រស់នៅ​ជាដើម រហូត​ដល់​​ការ​សិក្សា​នេះ​បញ្ចប់​នៅ​ឆ្នាំ​២០០០។

    តាម​រយៈ​លទ្ធផល​នៃ​ការសិក្សា​នេះ បាន​បង្ហាញ​ថា​ប្រុសៗ​បញ្ចេញ​ទឹក​កាម​ញឹក​ញាប់​ចាប់​ពី​២១ដង​ឬ​លើស​ពី​នេះ​ក្នុង​មួយ​ខែ មាន​ទំនាក់ទំនង​ទៅ​នឹង​ការ​កាត់​បន្ថយ​អត្រា​​ប្រ​ឈម​​ហានិភ័យ​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​បាន​ដល់ទៅ​៣០​ភាគរយ បើ​ធៀប​ទៅ​នឹង​ប្រុសៗ​បញ្ចេញ​ទឹក​កាម​តែ​៤ទៅ​៧​ដង​ក្នុង​មួយ​ខែ។

    ការសិក្សា​ស្រដៀងគ្នា​នេះ​ដែរ​ធ្វើ​ឡើង​នៅ​ប្រទេស​អូស្រ្តាលី​ក៏​បាន​រក​ឃើញ​ដែរ​ថា​ប្រុសៗ​បញ្ចេញ​ទឹក​កាម​ពី៤,៦ ទៅ​៧ ដង​ក្នុង​មួយ​សប្ដាហ៍ អាច​កាត់​បន្ថយ​អត្រា​​ប្រឈម​កើតជំងឺ​មហារីក្រ​ពេញ​ប្រូស្តាត​បាន​៣៦​ភាគរយ​មុន​ឈាន​ដល់​វ័យ​៧០​ឆ្នាំ ដែល​នេះ​គឺ​មាន​តួលេខ​ល្អ​ជាង​ប្រុសៗ​បញ្ចេញ​ទឹក​កាម​តែ​២,៣​ដង​ក្នុង​មួយ​សប្ដាហ៍។

    គ្នា​យើង​គួរ​ដឹង​ដែរថា​រហូត​មក​ដល់ពេលនេះ ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​ គឺនៅ​មិន​ទាន់​ដឹង​ថា​បង្ក​ឡើង​ដោយ​អ្វី​ជាក់លាក់​នៅ​ឡើយ​ទេ។ ក្រុម​អ្នក​វិទ្យាសាស្រ្ត​បាន​និយាយ​ថា​ហ្សែន​បាន​ដើរ​តួរ​នាទី​យ៉ាង​សំខាន់​ចំពោះជំងឺ​នេះ ក្រៅពីនេះ​ក៏​នៅ​មាន​ទាក់ទង​នឹង​របប​អាហារ និង​របៀប​របប​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​យើង​ដូច​គ្នា។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Sep 22, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម