ការបង្ករោគក្នុងបេះដូង ជាការឆ្លងមេរោគធ្ងន់ធ្ងរដែលអាចនាំឲ្យខូចបេះដូង និងគ្រោះថ្នាក់ដល់អាយុជីវិត។ បាក់តេរី វីរុស និងផ្សិតអាចនាំឲ្យមានការបង្ករោគក្នុងបេះដូង។ ជាក់ស្ដែង បេះដូងរបស់យើងមានបីស្រទាប់សំខាន់ៗ ហើយវាជាកន្លែងដែលមេរោគកកើតឡើង។ ប្រភេទនៃការបង្ករោគក្នុងបេះដូង រួមមាន ការរលាកភ្នាសក្នុងបេះដូង ការរលាកសាច់ដុំបេះដូង និងការរលាកស្រោមបេះដូង ។
ពិតណាស់ រោគសញ្ញានៃការបង្ករោគក្នុងបេះដូងដោយរលាកភ្នាសក្នុងបេះដូង អាចវិវត្តយ៉ាងឆាប់រហ័ស ហើយវាក៏អាចទៅជាធ្ងន់ធ្ងរ និងគំរាមកំហែងដល់អាយុជីវិតរបស់យើងផងដែរ។ រោគសញ្ញាទូទៅនៃជំងឺរលាកភ្នាសក្នុងបេះដូងមានដូចជា៖
- ឈឺទ្រូង ជាពិសេសនៅពេលដកដង្ហើម
- ក្អក
- អស់កម្លាំង
- គ្រុនក្ដៅ គ្រុនរងាវ និងបែកញើស
- ឈឺសាច់ដុំ
- ដកដង្ហើមខ្លីៗ
- ហើមនៅក្នុងពោះ ឬផ្នែកខាងក្រោមពោះ
ប្រសិនបើគ្នាយើងមានរោគសញ្ញាទាំងនេះ ចូរប្រញាប់ទៅជួបជាមួយនឹងគ្រូពេទ្យជាបន្ទាន់។