backup og meta

​ឆ្ងល់អត់ជំងឺខ្លះកើតតែម្ដងទេក្នុងជីវិត តែជំងឺខ្លះកើតហើយកើតទៀត នេះជាមូល​ហេតុ

​ឆ្ងល់អត់ជំងឺខ្លះកើតតែម្ដងទេក្នុងជីវិត តែជំងឺខ្លះកើតហើយកើតទៀត នេះជាមូល​ហេតុ

គ្នា​យើង​ធ្លាប់​ឆ្ងល់​អត់ ​ជំងឺ​មួយ​ចំនួន កើត​លើ​មនុស្ស​យើង​តែ​ម្ដងទេ​ក្នុង​មួយ​ជីវិត ព្រោះ​ថា​ក្រោយ​ពី​កើតជំងឺនេះ​ហើយ​ រាង​កាយ​យើង​នឹង​​បង្កើត​ភាព​ស៊ាំ​​ប្រឆាំង​នឹង​ជំងឺនេះ​​បាន​មួយ​ជីវិត។ ប៉ុន្តែ​មាន​ជំងឺ​ផ្សេង ដូច​ជា​ជំងឺ​ផ្ដាសាយជាដើម​ទោះជា​កើត​ញឹក​ញាប់​ប៉ុនណា​ ក៏​យើង​មិន​មាន​ប្រព័ន្ធ​ភាពស៊ាំ​ប្រឆាំងបាន​មួយ​ជីវិត​ដែរ តែបែរជា​ត្រូវ​ចាក់​វ៉ាក់​សាំង​ជា​រៀង​រាល់​ឆ្នាំទៅ​វិញ​។

ដូច​នេះ តើ​ហេតុ​អ្វីបាន​ជា​យើង​អាច​មាន​អង់​ទីករ​ជំងឺ​មួយ​ចំនួន​បាន​ពេញ​មួយ​ជីវិត តែ​ជំងឺ​ផ្សេង​មិន​អាច​? ហើយ​ជំងឺ​កូរ៉ូណា​ស្ថិត​ក្នុង​ក្រុម​ប្រភេទ​ជំងឺ​មួយ​ណា​ដែរ?

កត្តា​ដែល​ខ្លួន​យើង​អាច​បង្កើត​បាន​ភាព​ស៊ាំ​ឬ​អត់ គឺ​អាស្រ័យ​លើ​អង់ទីករ​ក្នុង​ខ្លួន​របស់​យើង ដែល​វា​គឺ​ជា​ប្រូតេអ៊ីន ខ្លួន​យើង​បង្កើត​មក​សម្រាប់​ឆ្លើយ​តប​ជាមួយ​ការ​ចម្លង​មេរោគ។ អង់​ទីករ គឺ​ជា​ភ្នាក់​ងារ​ការពារ​ខ្លួន​ពី​ជំងឺ​ដែលគ្រប់​គ្នា​សុទ្ធ​តែ​បាន​ស្គាល់។ អង់ទីករ​មាន​នាទី​​ទប់​ស្កាត់​កុំ​ឲ្យ​មេរោគ​ចូល​ក្នុង​កោសិកា នឹង​មាន​ពេល​ខ្លះ​វា​ទៅ​ការ​ពារ​មេរោគ​ទាំង​អស់​នោះ មិន​ឲ្យ​មក​គ្រប់​គ្រង​កោសិកា និង​មិន​ឲ្យ​វា​មក​បង្ក​កំណើត ក្នុង​កោសិកា​របស់​យើង​បាន។

ពេល​យើង​ជា​ពី​ជំងឺ កម្រិត​របស់​អង់ទីករ ភាគ​ច្រើន​ថយ​ចុះ ប៉ុន្តែ​នៅ​សល់​មួយ​ចំនួន ដែល​​នឹង​ត្រៀម​ខ្លួន​សម្រាប់​កកើត​​បន្ថែម ពេលដែល​មាន​មេរោគ​ដដែល​នោះ​ចូល​មក​ក្នុង​ខ្លួន​ម្ដង​ទៀត។ ហេតុ​នេះ​ហើយ​បាន​ជា​ការ​ធ្វើ​តេស្ដ​អង់​ទីករ អាច​ប្រាប់​យើង​បាន​ថា យើង​មាន​ការ​ចម្លង​មេរោគ​កាល​ពី​មុន​ដែរ​ឬ​អត់ ហើយ​​ក៏​ជា​ប្រព័ន្ធ​ការ​ពារ ​មិ​នឲ្យ​ខ្លួន​យើង​កើត​ជំងឺ​ដដែល​ជា​លើក​ទី​ពីរ។

វេជ្ជ​បណ្ឌិត​ផ្នែក​ប្រព័ន្ធ​ភាព​ស៊ាំ Marc Jenkins នៅ​ឯសាកលវិទ្យាល័យ​ Minnesota បាន​លើក​ឡើង​ថា យើង​អាច​កើត​ជំងឺ​ដដែល​ៗ​ជា​លើក​ទី​ពីរ ​ដោយ​សារ​តែ​មេរោគ​នោះ​បាន​បំប្លែង​​ខ្លួន ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​មិន​អាច​ស្គាល់​វា ឬ​ដោយ​សារ​តែ​ការ​ឆ្លើយ​​តប​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​ក្នុង​ខ្លួន​យើង មិន​សូវ​ឆ្លើយ​តប​បាន​គ្រប់​គ្រាន់។

បើ​និយាយ​អំពី​មេរោគ​ផ្ដាសាយ វា​ជា​ប្រភេទ​វីរុស ដែល​ធ្វើ​បម្រែ​បម្រួល​ហ្សែន យ៉ាង​ងាយ​ស្រួល។ ពេល​ខ្លួន​​យើង​បាន​សម្លាប់​​វីរុស​មួយ​ប្រភេទ វា​បាន​បំលែង​ខ្លួន​ទៅ​ជា​ប្រភេទ​ផ្សេង ដែល​ប្រព័ន្ធ​ការ​ពារ​ក្នុង​ខ្លួន​របស់​យើង​មិ​នអាច​ស្គាល់​វា​បាន។ វីរុស​ទាំង​អស់​ មិន​មែន​សុទ្ធ​តែ​ងាយ​ផ្លាស់​ប្ដូរ​នោះ​ទេ។ ឧទាហរណ៍​ដូច​ជា​មេរោគ​ស្វិត​ដៃ​ជើង (polio virus) គឺ​ពួកវា​មិន​ងាយ​ប្រែ​ហ្សែន​បាន​នោះ​ទេ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​យើង​អាច​ចាក់​វ៉ាក់​សាំង​ការពារ​បាន​ និង​ធ្វើ​ឲ្យ​វា​ស្ទើ​តែ​គ្មាន​វត្ដមាន​បន្ត។

ជំងឺ​ផ្ដាសាយ​ធម្មតា​ និង​វីរុស​មួយ​ចំនួន​ផ្សេង​ទៀត ដែល​មិន​ងាយ​ឆ្លង​ផុត​ផ្លូវ​ដង្ហើម​ខាង​លើ​បាន គឺ​មិន​ចាំ​បាច់​ត្រូវ​មក​ចម្លង​លើ​​យើង​សារជា​ថ្មី​ទេ ដោយ​សារ​តែ​វា​ផ្លាស់​ប្ដូរ​ខ្លួន​វា​បាន​យ៉ាង​ឆាប់​រហ័ស ណា​​មួយ​ទៀត​ខ្លួន​យើង​ក៏​មិន​អាច​ផលិត​អង់​ទីករ​បាន​ច្រើន​ប្រភេទ​សម្រាប់​ទប់​ទល់​ជាមួយ​មេរោគ​ទាំង​អស់​នេះ​ដែរ។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​វេជ្ជបណ្ឌិត​ផ្នែក​ប្រព័ន្ធ​ភាព​ស៊ាំ Mark Slifka នៅ​ឯ Oregon National Primate Research Center។ ខ្លួន​របស់​យើង គឺ​មិន​សូវ​ខ្វល់​ជាមួយ​ជំងឺ​ឆ្លង​នៅ​លើ​ផ្លូវ​ដង្ហើម​ខាង​លើ​​នោះ​ទេ ដែល​នេះ​ជា​អ្វី​យើង​មើល​ឃើញ​ លើ​អ្នក​ជំងឺ​ COVID-19 មិន​ធ្ងន់​ធ្ងរ។ វីរុស​នៅ​ទុំ​លើ​ផ្លូវ​ដង្ហើម​ខាង​លើ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ខ្លួន​របស់​យើង មិន​ចាត់​ទុក​វា​ជា​សត្រូវ។ ការសិក្សា​មួយ​ក្នុង​ឆ្នាំ ២០២០ បាន​ចុះ​ផ្សាយ​ក្នុង MedRxiv បាន​បង្ហាញ​ថា អ្នក​ជំងឺ ១០​នាក់ ក្នុង​ចំណោម​ ១៧៥នាក់ ដែល​ជា​សះ​ស្បើយ​ពី​ជំងឺ COVID-19 ប្រភេទ​ស្រាល គឺ​មិន​មាន​បង្កើត​បាន​ជា​អង់ទី​ករ​ក្នុង​ខ្លួន​នោះ​ទេ។

សម្រាប់​ជំងឺ​ប្រភេទ​ផ្សេង ដែល​មិន​ស្ថិត​ក្នុង​ក្រុម​ជំងឺ​ខាង​លើ គឺ​មិន​ងាយ​ប្រែ​ប្រួល​រូប​រាង​លឿនទេ​ ភាគ​ច្រើន​បង្កើត​បាន​ជា​ភាព​ស៊ាំ​ខ្លាំង​ ដែល​ប្រព័ន្ធ​ភាព​ស៊ាំ​នេះ អាច​នៅ​ក្នុង​ខ្លួន​បាន​ក្នុង​រយៈ​ពេល​យូរ។ ការ​សិក្សា​មួយ​ក្នុង​ឆ្នាំ ២០០៧ បាន​បោះ​ពុម្ភ​ផ្សាយ​ក្នុង New England Journal of Medicine បាន​រក​ឃើញ​ថា ខ្លួន​យើង​ត្រូវ​ការ​រយៈ​ពេល​យ៉ាង​តិច ២០០​ឆ្នាំ រហូត​អង់ទីករ​ពាក់​កណ្ដាល បាត់​ទៅវិញ ​ក្រោយ​ពេល​យើង​​កើត​ កញ្ជ្រឹល ឬ​ជំងឺ​ស្រឡទែន។ ការ​សិក្សា​ដដែល​នោះ ក៏​បាន​រក​ឃើញ​លទ្ធផល​ស្រដៀង​គ្នា នៃ​វីរុស Epstein-Barr ដែរ។ ទោះ​ជា​យ៉ាង​ណា​ក្ដី ក៏​ការ​ឆ្លើយ​តប​របស់​អង់ទី​ករ មិន​អាច​មាន​នៅ​ក្នុង​ខ្លួន​យើង​បាន​រហូត​នោះ​ដែរ។ ការ​សិក្សា​នោះ​ក៏​បាន​រក​ឃើញ​ដែរ​ថា ខ្លួន​យើង​ត្រូវ​ការ​រយៈ​ពេល ៥០​ឆ្នាំ រហូត​ដល់​អង់ទី​ករជំងឺ​អុតស្វាយ​រលាយ​អស់​ពាក់​កណ្ដាល និង​ត្រូវ​ការ​ ១១​ឆ្នាំ រហូត​ដល់​អង់ទីករ​ជំងឺ​តេតាណុស​រលាយ​អស់​ពាក់​កណ្ដាល។ នេះ​មាន​​ន័យ​ថា បើ​យើង​​មិន​ចាក់​វ៉ាក់​សាំង​រំលឹក​ឡើង​ម្ដង​ទេ យើង​អាច​នឹង​កើត​ជំងឺ​នេះ​បាន​ ក្នុង​ពេល​ណា​មួយ។

រហូត​មក​ដល់​ពេល​នេះ អ្នក​វិទ្យា​សាស្ត្រ​នៅ​តែ​មិន​អាច​រក​មូល​ហេតុ​បញ្ជាក់​បាន​អំពី អង់ទី​ករ​ក្នុង​ខ្លួន​អាច​ឆ្លើយ​តប​ជាមួយ​ជំងឺ​មួយ​ចំនួន​បាន​រយៈ​ពេល​យូរ បើ​ប្រៀប​ជាមួយ​ជំងឺ​ផ្សេង។ ដូច​នេះ​ អាច​និយាយ​បាន​ថា ជំងឺ​មួយ​ចំនួន​អាច​កើត​លើ​យើង​បាន​ច្រើន​ដង​លើស​ពី​យើង​អាច​ដឹង ប៉ុន្តែ​ដោយ​សារ​អង់ទីករ​ក្នុង​ខ្លួន​យើង បាន​ទៅ​ប្រឆាំង​ជាមួយ​ជំងឺ​នោះ​មុន​ពេល​យើង​អាច​ដឹង។ សម្រាប់​ករណី​បែប​នេះ គឺ​ប្រព័ន្ធ​​ភាព​ស៊ាំ​ក្នុង​ខ្លួន​យើង មាន​សមត្ថិភាព​គ្រប់​គ្រាន់​សម្រាប់ ទប់​កុំ​ឲ្យ​ជំងឺ​នេះ​កើត​ឡើង​វិញ។ តែ​ផ្ទុយមក​វិញ សម្រាប់​ជំងឺ​តេតាណុស គឺ​យើង​មិន​ងាយ​នឹង​ទៅ​ប៉ះ​ពាល់​ជាមួយ​វា​ទេ ដោយ​សារ​តែ​យើង មិន​ងាយ​ទៅ​ជាន់​លើ​វត្ថុ​មុត​ស្រួច ដែល​កគ្រិច​នោះ​ទេ។

មាន​អ្នក​វិទ្យាសាស្ត្រ​ផ្សេង​បាន​លើក​ឡើង​ថា ប្រព័ន្ធ​ការពារ​ក្នុង​ខ្លួន​របស់​យើង ត្រូវ​បាន​គេ​បង្ហាត់​ឲ្យ​ចេះ​ចាប់​មេរោគ​ចូល​មក​ក្នុង​ខ្លួន។ ទាំង​បាក់​តេរី និង​វីរុស សុទ្ធ​តែ​មាន​ប្រូតេអ៊ីន​នៅ​លើ​សំបក​របស់​ពួក​វា។ មាន​អត្ថ​បទ​មួយ​បាន​លើក​ឡើង​ថា ខ្លួន​យើង​នឹង​អាច​បង្កើត​បាន​ប្រព័ន្ធ​ការ​ពារ​មាន​​រយៈ​ពេល​យូរ និង​មាន​ចំនួន​ច្រើន ក្រោយ​ពេល​មាន​មេរោគ​ប្រភេទ មាន​ប្រូតេអ៊ីន​ច្រើន​នៅ​លើ​សំបក​របស់​វា​បែប​នេះ។ ឧទាហរណ៍​ដូច​ជា​អង់ទីករ​កើត​ក្រោយ​មាន​ការ​ឆ្លង​មេរោគ variola អ៊ីចឹង​ គឺ​វា​អាច​នៅ​ក្នុង​ខ្លួន​យើង​បាន​មួយ​ជីវិត។ ចំណែក​ឯ​មេរោគ​តេតាណុស​វិញ​ វា​មិន​មែន​ជា​មេរោគ​ដែល​មាន​ប្រូតេអ៊ីន​​ច្រើន​នៅ​លើ​សំបក​របស់​វា​ទេ ហើយ​​ មេរោគ​នេះ​មិន​មែន​ជា​អ្នក​ធ្វើ​ឲ្យ​យើង​ឈឺ​នោះ​ទេ គឺ​ដោយ​សារ​តែ​​ជាតិ​ពុល​បញ្ចេញ​ពី​បាក់តេរី​តេតាណុស​នោះ​ទៅ​វិញ​ទេ ជា​អ្នក​ធ្វើ​ឲ្យ​យើង​ឈឺ។ ដូច​នេះ​បើ​យើង​យើង​និយាយ​តាម​ការ​លើក​ឡើង​ខាង​លើ បាន​ប្រព័ន្ធ​ភាព​ស៊ាំ​ក្នុង​ខ្លួន​យើង មិន​បាន​បង្ហាត់​ឲ្យ​ទៅ​ចាប់​បាក់​តេរី​ ដែល​មាន​ប្រូតេអ៊ីន​លើ​សំបក​មិន​ស្មើ​គ្នា​បែប​នេះ​ទេ។

ដូច​នេះ​តើ​ជំងឺ​ COVID-19 អាច​ឲ្យ​ខ្លួន​បង្កើត​ប្រព័ន្ធ​ភាព​ស៊ាំ​នៅ​ក្នុង​ខ្លួន​បាន​ជា​រៀង​រហូត ឬ​យើង​ត្រូវ​ចាក់​វ៉ាក់​សាំង​ការពារ​វា​ជា​រៀង​រាល់​ឆ្នាំ? ទោះ​បី​ជា​គេ​សង្កេត​ឃើញ​ថា មនុស្ស​ភាគ​ច្រើន​មិន​បង្កើត​អង់ទីករ​ច្រើន ក្រោយ​ពេល​កើត​ជំងឺ COVID-19 ក្ដី ក៏​គេ​មិន​ទាន់​អស់​សង្ឃឹម​ឡើយ។ ទាំង​ភស្ដុតាង​នៃ​ការ​ចម្លង​មេរោគ​តាម​ធម្មជាតិ ឬ​ដោយ​សារ​ការ​ចាក់​វ៉ាក់​សាំង គឺ​ខ្លួន​យើង​នឹង​ផលិត​​បាន​អង់ទីករ​ណឺត ដែល​វា​អាច​ការ​ពារ​វីរុស​មិន​ឲ្យ​ចូល​ក្នុង​កោសិកា​បាន​។​ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​រ​បស់​វេជ្ជបណ្ឌិត​ Jenkins ។ ​វីរុស SARS-CoV-2 បង្ក​ឲ្យ​កើត​ជំងឺ COVID-19 មាន​លក្ខណៈ​ខុស​គ្នា​ពី​វីរុស​ផ្ដាសាយ​ធម្មតា ដោយ​សារ​តែ​វា​មិន​ងាយ​ប្ដូរ​រូបរាង​ងាយ​ៗ​នោះ​ទេ។

វេជ្ជបណ្ឌិត Jenkins ក៏​បាន​បន្ថែម​ទៀត​ដែរ​ថា វីរុស​ SARS-CoV-2 គឺ​មាន​លក្ខណៈ​ស្រដៀង​គ្នា​ជាមួយ​វីរុស​ដែល​ពួក​គាត់​ធ្លាប់​បាន​​បង្កើត​វ៉ាក់​សាំង​សម្រាប់​ការពារ​បាន​ជោគជ័យ។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.livescience.com/why-lifelong-immunity.html

កំណែ​ប្រែបច្ចុប្បន្ន

29/09/2020

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ញ៉ាំផ្សិតអាចជួយប្រព័ន្ធភាពស៊ាំ​ និងការពារពីជំងឺផ្សេងៗ

នៅសុខៗម៉េចបានជាប្រព័ន្ធ​ភាពស៊ាំ​ប្រឆាំង​​ខ្លួន​ឯង? អ្នកណាខ្លះងាយរងគ្រោះ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Sep 29, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម