មនុស្សចាស់មានសុខភាពមិនមាំទាំ និងមានជំងឺរ៉ាំរ៉ៃជាងក្មេងៗ ប្រព័ន្ធភាពស៊ាំរបស់ក៏ចុះខ្សោយពិបាកទប់ទល់នឹងជំងឺ ឬការឆ្លងមេរោគ និងវីរុសផ្សេងៗ ហើយការព្យាបាលឲ្យជាសះស្បើយក៏ពិបាក យឺត និងស្មុគស្មាញទៀត។ អំឡុងពេលនេះ គ្នាយើងមួយចំនួនមានការព្រួយបារម្ភខ្លាំងពីឪពុកម្ដាយចាស់របស់យើង ខ្លាចគាត់ឆ្លងវីរុសកូវីដ-១៩ នេះ ប៉ះពាល់ដល់សុខភាព ឬអាចបាត់បង់ជីវិតបាន។ ខាងក្រោមនេះជាតិចនិកថែទាំសុខភាពមនុស្សចាស់ យើងអាចសាកល្បងការពារពួកគាត់ពីវីរុសកាចសាហាវកូវីដ-១៩ បានដូចជា៖
១. ប្រាកដថា យើងមានសុខភាពល្អ
ជំហានដំបូងដែលយើងត្រូវធ្វើ ដើម្បីមើលថែសុខភាពមនុស្សចាស់ គឺត្រូវប្រាកដថា យើងខ្លួនឯងផ្ទាល់មិនមានផ្ទុកវីរុសនេះ ដោយធ្វើតាមការណែនាំការពារពីក្រសួងសុខាភិបាលដូចជា៖
- លាងដៃឲ្យបានញឹកញាប់ និងស្អាតជានិច្ច
- ចៀសវាងកន្លែងមនុស្សច្រើន
- ក្អក ឬកណ្ដាស់ខ្ទប់មាត់ ច្រមុះជាមួយកន្សែង ក្រដាស ឬកែងដៃ
- មិនត្រូវប៉ះពាល់បរិវេណផ្ទៃមុខ
- សម្អាត សម្លាប់មេរោគលើសម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងឧបករណ៍ជំនួយដែលឪពុកម្ដាយយើងប្រើ (ឧ.រទះរុញ ឈើច្រត់…)
២. ទិញរបស់របរដោយខ្លួនឯង
យោងតាមអង្គការ UNICEF បានឲ្យដឹងថា អំឡុងពេលនេះ យកល្អ យើងគួរចេញទៅទិញអ៊ីវ៉ាន់ បន្លែ សាច់ទុក ឬរបស់របរត្រូវការប្រើប្រាស់រាល់ថ្ងៃដោយខ្លួនឯង និងកុំឲ្យមនុស្សចាស់ចេញទៅខាងក្រៅ។ មួយវិញទៀត អ្វីដែលសំខាន់នោះ គួរពិនិត្យមើលលើថ្នាំដែលពួកគាត់ចាំបាច់ប្រើប្រាស់ជាប្រចាំ បើអាចយើងគួរទិញថ្នាំនោះស្ដុកទុកសម្រាប់គាត់ជាពិសេស។
៣. បង្រៀនពីបច្ចេកវិទ្យា
នៅក្នុងស្ថានភាពបែបនេះ យើងម្នាក់ត្រូវការរក្សាគម្លាតឲ្យឆ្ងាយពីមនុស្សទូទៅ បើមិនចាំបាច់មិនគួរចេញពីផ្ទះ ដូចនេះអាចត្រូវសង្ងំក្នុងផ្ទះច្រើនថ្ងៃ អាចបណ្ដាលឲ្យធុញថប់អារម្មណ៍។ ហេតុនេះហើយ វាក៏ជាពេលល្អមួយដែលយើងអាចប្រាប់ពួកគាត់ពីរបៀបនៃការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីឲ្យគាត់ដឹងពីអ្វីៗដែលកំពុងកើតឡើងក្នុងសង្គម។ លើសពីយើងអាចខលវីដេអូអាចមើលមុខគ្នាឃើញជាមួយសមាជិកក្រុមគ្រួសារដទៃ មើលរឿងភាគ ឬលេងកម្មវិធីកម្សាន្តនានាលើទូរស័ព្ទ ឬកុំព្យូទ័រ។
៤. ពន្យារពេលការណាត់ជួបមិនចាំបាច់
ប្រសិនបើឪពុកម្ដាយត្រូវណាត់ជួបពេទ្យអំឡុងពេលនេះ ពិនិត្យមើលសុខភាព បើអាចគួរសួរគ្រុពេទ្យថាតើអាចពិគ្រោះតាមប្រព័ន្ធអនឡាញសិនបានអត់ (ក្នុងករណីសុខភាពពួកគាត់ធម្មតា) ចៀសវាងចេញទៅខាងក្រៅប្រឈមនឹងការឆ្លងវីរុស។ធ្វើបែបនេះ យើងអាចជួយគាត់តាមដានសុខភាពជាមួយអ្នកជំនាញយ៉ាងងាយស្រួល។
៥. ពន្យល់ឲ្យដឹងពីរោគសញ្ញានៃជំងឺ
ចំណុចសំខាន់ជាងគេនោះគឺ ពន្យល់ប្រាប់គាត់ឲ្យដឹងពីរោគសញ្ញា និងការវិវត្តរបស់ជំងឺកូវីដ-១៩ ដើម្បីងាយស្រួលឲ្យគាត់ចំណាំមើលខ្លួនឯងថាតើមានចេញរោគសញ្ញាគួរឲ្យសង្ស័យណាមួយដូចជា ក្អក ឈឺក ក្ដៅខ្លួន និងពិបាកដកដង្ហើម។ល។ ម៉្យាងវិញទៀត យើងគួរតែប្រាប់ឲ្យគាត់ដឹងពីលេងទូរស័ព្ទខាងមន្ទីរពេទ្យ ដើម្បីប្រាប់ពីស្ថានភាពសុខភាព។
[embed-health-tool-bmi]