ដូចវ៉ាក់សាំងផ្សេងទៀតផងដែរ វ៉ាក់សាំងកូវីដ-១៩ នាំឱ្យមានប្រតិកម្មតិចតួច ដូចជា ឡើងកន្តួលក្រហម ឡើងហើម ឬឈឺនៅត្រង់កន្លែងចាក់វ៉ាក់សាំង។ ផលរំខានដែលតែងកើតឡើងផ្សេងទៀត មានដូចជា គ្រុនក្ដៅ ឈឺក្បាល ឈឺដៃជើង នៅក្នុងរយៈពេលពីរបីថ្ងៃដំបូង ក្រោយចាក់វ៉ាក់សាំងរួច។ នេះបើតាមការឲ្យដឹងពី UNICEF កម្ពុជា។
UNICEF កម្ពុជា បន្តឲ្យដឹងថា ផលរំខានធ្ងន់ធ្ងរពីការចាក់វ៉ាក់សាំងអាចកើតឡើងផងដែរ ប៉ុន្តែកម្រមានណាស់។ ប្រសិនបើយើងមានការព្រួយបារម្ភនៅពេលណាមួយនោះ គួរទាក់ទងទៅកាន់អ្នកផ្ដល់សេវាសុខភាព។ ចំណុចសំខាន់នៅមុនពេលដែលទៅចាក់វ៉ាក់សាំង យើងត្រូវប្រាប់ទៅបុគ្គលិកសុខាភិបាលឱ្យបានដឹងពីស្ថានភាពសុខភាព ឬបញ្ហាអាលែកហ្សីដែលខ្លួនមាន។
បើយើងបារម្ភខ្លាចមិនស្រួលខ្លួន គួរសង្កេតមើលសញ្ញាព្រមានពីបញ្ហាក្រោយពេលចាក់វ៉ាក់សាំងដូចជា កន្លែងចាក់ ឡើងក្រហម ឬរឹងខ្លាំង ឬមិនប្រក្រតីក្នុងរយៈពេល២៤ម៉ោង និងផលរំខានបង្កជាផលវិបាកដល់យើង ឬមិនធូរស្បើយក្រោយ ២-៣ថ្ងៃ បន្ទាប់ពីចាក់ថ្នាំ។ ក្នុងករណីខ្លួនយើងមានសញ្ញាដូចរៀបរាប់ខាងលើ យើងគួររកគ្រូពេទ្យពិនិត្យ តែបើគ្រាន់តែក្ដៅខ្លួន ឬឈឺមុខម្ជុលតិចតួច មិនចាំបាច់បារម្ភពេកទេ។
អ្នកដែលទៅចាក់វ៉ាក់សាំងនឹងត្រូវស្នើឱ្យបន្តនៅក្នុងមូលដ្ឋានសុខាភិបាលរយៈពេល ៣០ នាទី ក្រោយចាក់វ៉ាក់សាំងរួច ដើម្បីតាមដានរកផលរំខាននានា។ ប្រតិកម្មធ្ងន់ធ្ងរភាគច្រើនពីការចាក់វ៉ាក់សាំង ជាធម្មតាកើតឡើងនៅក្នុងអំឡុងពេលនេះ បើទោះជាផលរំខានទាំងនេះកម្រកើតមានក៏ដោយ។ បុគ្គលិកសុខាភិបាលបានទទួលការបណ្ដុះបណ្ដាលអំពីរបៀបគ្រប់គ្រងស្ថានការណ៍ សម្រាប់ករណីដែលកម្រកើតមានទាំងនេះ។
[embed-health-tool-bmi]