ក្រោយពីមានវត្តមានវ៉ាក់សាំងបង្ការកូវីដ១៩ មនុស្សជាច្រើនជឿថាវិបត្តិរាលដាលសកលមួយនេះនឹងអាចបញ្ចប់ទៅវិញឆាប់ៗនេះ។ ជាមួយនឹងក្ដីសង្ឃឹមនេះ ពិភពលោកក៏កំពុងបន្តមានអ្នកឆ្លង និងស្លាប់ដោយសារកូវីដ១៩ កាន់តែច្រើនដូចគ្នា។ អ្វីដែលសំខាន់នៅពេលនេះ មនុស្សយើងគ្រប់គ្នា ទោះបីជាបានទទួលវ៉ាក់សាំងហើយក៏ដោយ ក៏ត្រូវធ្វើរឿងខ្លះទៀតដើម្បីឲ្យប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំ អាចប្រឆាំងនឹងវីរុសកូវីដ១៩ បាន។
១. តើរឿងអ្វីយើងត្រូវធ្វើដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំ?
ដូចគ្នាយើងបានដឹងជាទូទៅហើយថាការធ្វើសកម្មភាពរាងកាយ ដូចជាហាត់ប្រាណជាប្រចាំ គឺជាវិធីល្អបំផុតមួយក្នុងការបង្ការជំងឺរ៉ាំរ៉ៃមួយចំនួនដូចជាជំងឺទឹកនោមផ្អែម ជំងឺធាត់ ជំងឺបេះដូង និងជំងឺផ្លូវដង្ហើម ដែលសុទ្ធសឹងអាចរំខានដល់ប្រព័ន្ធភាពស៊ាំ។ ការសិក្សាក្នុងឆ្នាំ២០០៨ បានរកឃើញថាអ្នកមិនបានធ្វើសកម្មភាពរាងកាយ មានជាង៥លាននាក់បានស្លាប់មុនអាយុក្នុងមួយឆ្នាំៗលើសកលលោក។
ការសិក្សាថ្មីមួយបានរកឃើញភស្តុតាងបញ្ជាក់ថា ការហាត់ប្រាណជាប្រចាំ អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ កាត់បន្ថយហានិភ័យធ្លាក់ខ្លួឈឺ និងស្លាប់ដោយសារជំងឺឆ្លង បានច្រើនជាងមួយភាគបី និងបានជួយបង្កើនប្រសិទ្ធភាពវ៉ាក់សាំងដែលយើងបានចាក់បង្ការជំងឺឆ្លងនោះ។ ការណ៍នេះ វាពិតជាសំខាន់ណាស់ដែលមនុស្សយើងត្រូវហាត់ប្រាណឲ្យបានទៀងទាត់ ក្នុងវិបត្តិកូវីដ១៩ ពិសេសក្រោយបានចាក់វ៉ាក់សាំងគ្រប់ដូស។
ការហាត់ប្រាណបានទៀងទាត់ បានបង្កើតចំនួនកោសិកា T-Cell និងCD4 cells ដែលកោសិកាទាំងពីរនេះបានដើរតួយ៉ាងសំខាន់ក្នុងដំណើរការប្រព័ន្ធភាពស៊ាំ។
មួយវិញទៀត ការហាត់ប្រាណបានជួយកាត់បន្ថយការរលាក និងស្រ្តេស ដែលបញ្ហាទាំងពីរនេះសុទ្ធតែអាចបន្ថយប្រសិទ្ធភាពនៃការគ្រប់គ្រងប្រព័ន្ធភាពស៊ាំ។
២. ហាត់ប្រាណកាត់បន្ថយហានិភ័យជំងឺបែបណា?
មានយន្តការមួយចំនួនបញ្ជាក់ថាការហាត់ប្រាណជួយឲ្យថ្នាំដែលមនុស្សយើងប្រើមានប្រសិទ្ធភាពប្រឆាំងជំងឺឆ្លង។ ទីមួយការហាត់ប្រាណ ជួយការពារប្រឆាំងនឹងកត្តាបង្កឲ្យមានសភាពធ្ងន់ធ្ងរ ឬស្លាប់ដោយសាររោគឆ្លង។ អ្នកដែលមានសកម្មភាពរាងកាយច្រើន ទំនងជាមានឱកាសតិចតួចក្នុងការវិវត្តទៅជាជំងឺធាត់ ជំងឺទឹកនោមផ្អែម ជំងឺផ្លូវដង្ហើម និងជំងឺបេះដូង។ ក្រុមអ្នកជំនាញផ្នែកជំងឺឆ្លង បានបង្ហាញថាកូវីដ១៩ជាប្រភេទជំងឺឆ្លងផ្លូវដង្ហើមថ្មី ដែលអាចបង្កឲ្យមនុស្សមានបញ្ហាសុខភាពធ្ងន់ធ្ងរខាងលើជួបបញ្ហាសុខភាពកាត់តែខ្លាំងបើកើតជំងឺនេះ។
មួយវិញទៀត ការហាត់ប្រាណបានជួយកាត់បន្ថយស្រ្តេស និងការរលាក ដូចបានបញ្ជាក់ខាងលើអ៊ីចឹងដែរ ហើយអ្នកស្លាប់ដោយសារកូវីដ១៩ ច្រើនកើតចេញពីការមិនអាចគ្រប់គ្រងការរលាកបាន។
ដូចដែលយើងដឹងដែរហើយថាការហាត់ប្រាណជួយពង្រឹងប្រព័ន្ធភាពស៊ាំ ដែលនេះមានន័យថាការហាត់ប្រាណឲ្យបានទៀងទាត់នឹងធ្វើឲ្យប្រព័ន្ធការពាររាងកាយធ្វើការកាន់តែមានប្រសិទ្ធិភាព អាចបន្ថយហានិភ័យឆ្លងរោគកាន់តែទាប។
ជាការណែនាំមនុស្សយើងគួរហាត់ប្រាណឲ្យបានយ៉ាងតិច៣០នាទីក្នុងមួយថ្ងៃ ឬ១៥០នាទីក្នុងមួយសប្ដាហ៍។ គ្នាយើងអាចជ្រើសរើសទម្រង់នៃការហាត់ប្រាណដូចជាដើរ រត់ត្រឹកៗ ជិះកង់ ហែលទឹក ឬរាំជាដើម។
[embed-health-tool-bmi]