តេស្តរហ័សកូវីដ ១៩ ៤ ប្រភេទត្រូវបានក្រសួងអនុញ្ញាតឲ្យគ្នាយើងប្រើប្រាស់ ដើម្បីផ្ដល់ភាពងាយស្រួល យើងធ្វើតេស្ដដោយខ្លួនឯង ក្នុងករណីចេញរោគសញ្ញាសង្ស័យកើតកូវីដ ១៩ ប៉ុន្តែមិនអាចរកកន្លែងធ្វើសំណាកបាន។ ប៉ុន្តែ តេស្ដរហ័សកូវីដ ១៩ ក៏មានក្បួនធ្វើត្រឹមត្រូវ មិនមែនចេះតែត្បារយកសំណាកហើយនោះទេ។
ក្រសួងសុខាភិបាល បានបង្ហាញពីរបៀបធ្វើតេស្ដរហ័សកូវីដ ១៩នៅតាមផ្ទះ តាមស្ដង់ដារ ដើម្បីទទួលបានលទ្ធផលត្រឹមត្រូវ និងចៀសវាងប៉ះពាល់សំណាក បណ្ដាលឲ្យឆ្លងមេរោគ។ ខាងក្រោមនេះ ជាការធ្វើតេស្ដកូវីដ ១៩ ដោយខ្លួនឯង ទៅតាមជំហាននីមួយៗដូចជា៖
មុនពេលពិនិត្យតេស្ដរហ័សកូវីដ-១៩
ជំហានទី១ ៖ ជាដំបូង យើងត្រូវរកទីតាំងដែលមានភាពសមស្រប ហើយយើងអាចស្លៀកសម្លៀកបំពាក់ធម្មតាបាន ដោយមិនចាំបាច់ពាក់ឯកសណ្ឋាន PPE ដូចគ្រូពេទ្យក៏បាន តែត្រូវមានសម្ភារៈសំខាន់ ៣ យ៉ាងគឺ ម៉ាស់ របាំងមុខ និងស្រោមដៃ។
ជំហានទី២៖ ពិនិត្យមើលប្រភេទតេស្ដ កាលបរិច្ឆេទ និងសេចក្ដីណែនាំ
ជំហានទី៣៖ ពិនិត្យមើលទៅលើឧបករណ៍ឲ្យគ្រប់មុខ មុនពេលចាប់ផ្ដើមធ្វើតេស្ដដោយឧបករណ៍មាន សូលុយស្យុងប៊ូហ្វ័រទីប តម្បារ គម្រប បន្ទះតេស្ដរហ័សកូវីដ-១៩ និងហ្វឺត។
ពេលដំណើរការតេស្ដរហ័សកូវីដ-១៩
ជំហានទី១៖ ហែកកញ្ចប់តេស្ដរហ័សកូវីដ-១៩ រួចសរសេរឈ្មោះ និងកាលបរិច្ឆេទលើបន្ទះតេស្ដរហ័សឲ្យបានត្រឹមត្រូវ
ជំហានទី២៖ ត្បារយកសំណាកពីក្នុងរន្ធច្រមុះឲ្យដល់ជញ្ជាំងច្រមុះខាងក្នុង ដោយបង្វិល៣-៤ជុំ រួចដកតម្បារចេញមកវិញ
ជំហានទី៣៖ ដាក់តម្បារសម្លីទៅក្នុងបំពង់ទីបសូលុយស្យុង រួចមកបង្វិលឲ្យបានច្រើនជាង៥ដង បន្ទាប់មកច្របាច់ទីបសូលុយស្យុង ដើម្បីឲ្យដំណក់សំណាកធ្លាក់ចូលទៅក្នុងទីបសូលុយស្យុងឲ្យអស់ រួចដកតម្បារចេញ (បោះតម្បារចោលក្នុងថង់)
ជំហានទី៤៖ បិទគម្របទីបសូលុយស្យូង អង្រួនឲ្យសព្វល្អ រួចច្របាច់ទីបសូលុយស្យុង បន្តក់ចំនួន ៣ តំណក់ ទៅលើបន្ទះតេស្ដ រួចបិទស្ទីកគ័រ លើបន្ទះតេស្ដ
ជំហានទី៥៖ រង់ចាំរយៈពេល ១៥-៣០នាទី និងមិនត្រូវលើសពី៣០នាទីឡើយ
ការពិនិត្យលទ្ធផលតេស្ដរហ័សកូវីដ-១៩
នៅលើបន្ទាត់តេស្ដរហ័សកូវីដ ១៩ មានបន្ទាត់ពីរ គឺបន្ទាត់ C (Control) និង បន្ទាត់ T (Test)។
- ប្រសិនបើមានបន្ទាត់ C ឡើងដិត តែបន្ទាត់ T មិនឡើងដិត មានន័យថា លទ្ធផលអវិជ្ជមាន
- ប្រសិនបើទាំងបន្ទាត់ C និងបន្ទាត់ T ឡើងដិត មានន័យថា លទ្ធផលវិជ្ជមាន
- ប្រសិនបើបន្ទាត់ C មិនឡើងដិត ប៉ុន្តែបន្ទាត់ T ឡើងដិត មានន័យថា លទ្ធផលមិនអាចវាយតម្លៃបាន (គួរធ្វើតេស្ដម្ដងទៀត)
- ប្រសិនបើបន្ទាត់ C និងT មិនឡើងដិត មានន័យថា លទ្ធផលមិនអាចវាយតម្លៃបាន (គួរធ្វើតេស្ដម្ដងទៀត)
ជាចុងក្រោយ ក្រសួងសុខាភិបាលបានណែនាំឲ្យយកសំរាម ឬឧបករណ៍ដែលយើងបានប្រើប្រាស់រួចហើយ ដាក់ក្នុងថង់មួយ វិចខ្ចប់ឲ្យជិត យកទៅដុតចោលនៅក្នុងរណ្ដៅ ឬក្នុងធុងដែក ដើម្បីសម្លាប់មេរោគ។
[embed-health-tool-bmi]